សេចក្តីសង្ខេបអំពីកម្មវិធីជាតិ

កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាលទី១ ​ (កជទី១)​ រយៈពេល​១០​ឆ្នាំ​ (២០១០-២០២០)​ ត្រូវ​បាន​រៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​ចប់​ដោយ​ជោគជ័យ​នា​ចុង​ឆ្នាំ​២០២០​ និង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់កាលទី២​ (កជទី២)​ រយៈពេល​១០​ឆ្នាំ​ (២០២១-២០៣០)​ ត្រូវ​បានរៀបចំ​ និង​បាន​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នា​ថ្ងៃទី៩​ ខែធ្នូ ​ ឆ្នាំ២០២១​។ ​លេខាធិការដ្ឋាន​ គ.ជ.អ.ប.​ ជា​សេនាធិការ​ឱ្យ​ គ.ជ.អ.ប.​ ក្នុង​ដំណើរការ​រៀបចំ​ សម្រប​សម្រួល​ និង​អនុវត្ត​កម្មវិធី​ជាតិ​ ដើម្បី​ធានា​សម្រេច​បាន​ចក្ខុវិស័យ​ គោលបំណង​ គោលដៅ​ និង​លទ្ធផល​រំពឹង​ទុក​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​។

 

កជទី២​ ត្រូវ​រៀបចំ​ និង​អនុវត្ត​ជា​ពីរ​ដំណាក់កាល ​ដែល​ដំណាក់កាល​នីមួយៗ​ត្រូវ​រៀបចំ​ឱ្យ​មាន​ផែនការ​អនុវត្ត​៥ឆ្នាំ​ ដែល​ហៅ​កាត់​ថា​ ផអ៥ទី១​ (២០២១-២០២៥)​ និង​ ផអ៥ទី២​ (២០២៦-២០៣០)​។ នៅ​តាម​ដំណាក់កាល​ផែនការ​អនុវត្ត​នីមួយៗ​ត្រូវ​រៀបចំ​ជា​ផែនការ​សកម្មភាព​ និង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ គ.ជ.អ.ប.​ សម្រាប់​ការអនុវត្ត​សកម្មភាព​ជា​អាទិភាព​នានា​ ដែល​ត្រូវ​អនុវត្ត​ដោយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដោយ​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ីវិល​ ដែល​ក្នុងនោះ​ក៏​មាន​ការគាំទ្រ​តាមរយៈ​គម្រោង​ និង​កម្មវិធី​ដាច់​ដោយ​ឡែក​នានា​។


ចក្ខុវិស័យនៃកជទី២ គឺប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយ បរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។


គោលបំណងនៃកជទី២ លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរ ការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។


គោលដៅនៃកជទី២ នៅឆ្នាំ២០៣០គឺ រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកប ដោយបរិយាប័ន្ន និងសមធម៌សង្គម ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ”។


សមាសភាគនៃ កជទី២ មានដូចខាងក្រោម៖

សមាសភាគទី១៖ ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ យន្តការដឹកនាំ សម្របសម្រួល និងគាំទ្រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹង ដើម្បីលើកកម្ពស់ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានានៅក្នុងការរៀបចំតាក់តែង និងអនុវត្តនូវកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព។

សមាសភាគទី២៖ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សិទ្ធិអំណាច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកំណត់យ៉ាងច្បាស់លាស់តាមកម្រិត និងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ ដោយជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការប្រាស្រ័យទាក់ទងសាធារណៈ។

សមាសភាគទី៣៖ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះ គឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើស គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់ខ្លួនផ្អែកលើទំហំការងារ និងលទ្ធភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងមានបុគ្គលិកដែលប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការជំនាញវិជ្ជាជីវៈស្របតាមតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ។

សមាសភាគទី៤៖ វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៖ សមិទ្ធផល រំពឹងទុកនៃសមាសភាគនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានថវិកាដែលអាចព្យាករណ៍បាន និងមានទំហំសមស្របទៅនឹងមុខងារ និងអាទិភាពគោលនយោបាយជាតិ ហើយត្រូវបានវិភាជសម្រាប់ការប្រើប្រាស់ ប្រកបដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការនានា ដូចមានកំណត់នៅក្នុងផែនការអភិវឌ្ឍកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្ត្រថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សមាសភាគទី៥៖ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគ នេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានយន្តការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍ មូលដ្ឋាន និងការប្រាស្រ័យទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ទ និងសមធម៌សង្គមតាមរយៈការអនុវត្តមុខងារជាអាណត្តិទូទៅ ឬមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


  • ការងារអន្តរវិស័យទី១. ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម៖ កិច្ចការនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើស និងគ្រប់គ្រងបុគ្គលិក រៀបចំផែនការ និងធនធាន ព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនពិការ និង ឆ្លើយតបដល់ក្រុមជនងាយរងគ្រោះនានាក្នុងសង្គមប្រកបដោយបរិយាប័ន្ន និងសមធម៌។

  • ការងារអន្តរវិស័យទី២. ការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុការកាត់បន្ថយ​ហានិភ័យ​​នៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា៖ កិច្ចការនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និង ឆ្លើយតបដោយប្រសិទ្ធភាពនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ភាពចាំបាច់នៃការរៀបចំតាក់តែង ផអ៥ទី២ ផអ៥ទី១ នឹងត្រូវអនុវត្តបញ្ចប់នៅឆ្នាំចុង២០២៥នេះ។ អាស្រ័យហេតុនេះ ​ផ្អែកតាមយុទ្ធសាស្ត្រនៃការអនុវត្ត កជទី២ គ.ជ.អ.ប. ចាំបាច់ត្រូវរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) ដើម្បីធានាដល់ការសម្រេចបានសមិទ្ធផល លទ្ធផលរំពឹងទុក សូចនាករ និងសកម្មភាពជាអាទិភាពនានា ដែលបានកំណត់នៅក្នុង កជទី២ (២០២១-២០៣០)​ ព្រមទាំងធានាដល់ការចូលរួមសម្រេចបាននូវចក្ខុវិស័យ ​គោលបំណង គោលដៅនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភា។



 

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP