ផែនការអនុវត្តបីឆ្នាំដំបូង (ផអ៣ទី១) ២០១១-២០១៣

Banner

ផែនការ​អនុវត្ត​បី​ឆ្នាំ​ដំណាក់កាល​ទី១​(ផអ៣ទី១)​ ២០១១​-​២០១៣​ ត្រូវ​បាន​អនុម័ត​ដោយ​ គ.ជ.អ.ប ​នៅថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១០​ ដោយ​ផ្ដោត​ទៅ​លើ​ការបង្កើត​ ការបំពេញ​មុខងារ​ អភិបាលកិច្ច​ និង​ការត្រួត​ពិនិត្យ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ចាប់​ផ្ដើម​ជា​បឋម​គឺ​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ដើម្បី​ធានា​ឱ្យ​មាន​កិច្ចសហ​ប្រតិបត្តិការ​ និង​ការ​គាំទ្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាពស័ក្ដិសិទ្ធិ​រវាង​ក្រុង​ ស្រុក​ជាមួយ​ឃុំ​ សង្កាត់​ ក្នុងន័យ​ពង្រឹង​ថែម​ទៀត​នូវ​សមត្ថភាព​ និង​ភាពជាម្ចាស់​របស់​ឃុំ ​សង្កាត់​ ព្រមទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការពង្រឹង​សមត្ថភាព​រដ្ឋបាល​រាជធានី​ ខេត្ត​។ ​ផអ៣ទី១​ ត្រូវ​បាន​រៀបចំ​ឡើង​ផ្អែក​លើ​គោលការណ៍​ និង​សមិទ្ធផល​រំពឹង​ទុក​ជា​យុទ្ធសាស្ត្រ​នានា​ដែល​បាន​កំណត់​នៅ​ក្នុង​សមាសធាតុ​កម្មវិធី​នីមួយៗ​នៃ​កម្មវិធី​ជាតិ​។ ​ជាមួយគ្នានេះ​ ផអ៣ទី១​ ក៏​ផ្ដោត​ទៅ​លើ​ការរៀបចំ​ តាក់តែង​បន្ថែម​នូវ​ក្របខ័ណ្ឌ​គោល​នយោបាយ​នានា​ផង​ដែរ​។

 

ផអ៣ទី១​ ត្រូវ​បាន​បែងចែក​ជា​៦​អនុកម្មវិធី​ ​ដូច​ខាង​ក្រោម​៖


អនុកម្មវិធីទី១​៖ផ្តោត​លើ​ការរៀបចំ​គោលនយោបាយ​ លិខិត​បទដ្ឋានគតិយុត្ត​ ការសម្របសម្រួល​កម្មវិធី​ និង​ការអភិវឌ្ឍ​សមត្ថភាព​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ដឹកនាំ​ សម្របសម្រួល​ដោយ​លេខាធិការដ្ឋាន​ គ.ជ.អ.ប.។


អនុកម្មវិធីទី២​៖ ​ផ្តោត​លើ​ការរៀបចំ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ ប្រព័ន្ធ​គ្រប់គ្រង​ នីតិវិធី​អនុវត្ត​ការងារ​ និង​ការអភិវឌ្ឍ​ស្ថាប័ន​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ដឹកនាំ​ សម្របសម្រួល​ដោយ​ក្រសួង​មហាផ្ទៃ។


អនុកម្មវិធីទី៣​៖ ​ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​បុគ្គលិក​ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ដឹកនាំ​ សម្របសម្រួល​ដោយ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ​។


អនុកម្មវិធីទី៤​ ​ផ្តោត​លើ​ការងារ​វិមជ្ឈការ​ហិរញ្ញវត្ថុ​ ដែល​ធានា​ដល់​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ផ្ទេរ​ និង​គ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ដឹកនាំ​ សម្របសម្រួល​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។


អនុកម្មវិធីទី៥​៖​ ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​ផែនការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ដឹកនាំ​ សម្របសម្រួល​ដោយ​ក្រសួង​ផែនការ។


អនុកម្មវិធីទី៦​៖ ​ផ្តោត​លើ​ការរៀបចំ​បង្កើត​ និង​អភិវឌ្ឍ​សមត្ថភាព​សមាគម​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ដឹកនាំ​ សម្របសម្រួល​ដោយ​សមាគម​ក្រុមប្រឹក្សា​។



ការពន្យា​ពេល​ ផអ៣ទី១​ ដល់​ឆ្នាំ២០១៤

តាម​លទ្ធផល​នៃ​ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​របស់​ ផអ៣ទី១​ និង​ដោយ​ពិនិត្យ​ឃើញ​ថា​នៅ​មាន​លទ្ធផល​រំពឹង​ទុក​សំខាន់ៗ​មួយ​ចំនួន​ទៀត​មិន​អាច​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០១៣​ គ.ជ.អ.ប. ​បាន​សម្រេច​ពន្យា​ពេល​ ផអ៣ទី១​ រយៈពេល​១ឆ្នាំ​ទៀត​ដល់​ឆ្នាំ២០១៤​។ ​ជារួម​ សម្រាប់​រយៈពេល​ដំបូង​ និង​រយៈពេល​នៃ​ការពន្យា​ពេល​ការអនុវត្ត​ផអ៣ទី១​ដែល​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១១​ រហូត​ដល់​ឆ្នាំ២០១៤​ គឺ​បាន​ផ្តោត​ការយកចិត្ត​ទុក​ដាក់​ទៅ​លើ​ការពង្រឹង​ និង​ការអភិវឌ្ឍ​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ជាពិសេស​រដ្ឋបាល​ក្រុង​ ស្រុក​ ឱ្យ​ក្លាយជា​ស្ថាប័ន​អភិបាលកិច្ច​មូលដ្ឋាន និង​អភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ពិតប្រាកដ​។ មូលដ្ឋានគ្រឹះ​សំខាន់ៗ​ដូចជា ​រចនាសម្ព័ន្ធ​ នីតិវិធី​ ប្រព័ន្ធ​ និង​ឧបករណ៍​ជាច្រើន​សម្រាប់​ការបំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ និង​បាន​ផ្តល់​ជា​បង្អែក​យ៉ាង​រឹងមាំ​សម្រាប់​ការបោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​។ ទាំងនេះ​បណ្តាល​ឱ្យ​ផអ៣ទី១​ ក្លាយជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ សម្រាប់​ការងារ​កំណែ​ទម្រង់​ និង​ជា​សនិទានកម្ម​ដ៏​សំខាន់​ដល់​រាជរដ្ឋាភិបាល​ ដើម្បី​បន្ត​រៀបចំ​ និង​អនុវត្ត​ ផអ៣ទី២​ ដែល​ចាប់​ផ្តើម​ពីឆ្នាំ២០១៥​ ដល់​ឆ្នាំ២០១៧​។




icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP