តើអ្វីទៅជាគណនេយ្យភាពសង្គម?

១. សេចក្តីផ្តើម

ការងារ​គណនេយ្យភាព​សង្គម​ ​គឺ​ជា​ការងារ​ដ៏​ចាំបាច់​មួយ​នៃ​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​វិសហមជ្ឈការ​។​ ការ​រៀប​ចំ​ ​និង​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​គឺ​ដើម្បី​ (១)​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ចាំ​បាច់​នានា​ពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​នានា​នៅ​តាម​មូល​ដ្ឋាន​ ​(២)​ ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួម​ផ្តល់​យោបល់​ត្រឡប់​ ​និង​គំនិត​ផ្តួច​ផ្តើម​នានា​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​អំពី​វិធាន​ការ​ ​ឬ​មធ្យោបាយ​នានា​ដែល​ត្រូវ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កែលម្អ​ទាំង​ប្រសិទ្ធ​ភាព​ ​និង​គុណ​ភាព​សេវា​ ​និង​ ​(៣)​ ​ពង្រឹង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​តាម​ដាន​ ​ត្រូត​ពិនិត្យ​ ​និង​វាយ​តម្លៃ​លើ​ការ​បំពេញ​ការងារ​ ​និង​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​នានា​។​

ការងារ​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម​តាម​រយៈ​ការ​រៀបចំ​ ​និង​ដាក់​ឱ្យ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ស្តី​ពី​ការងារ​គណនេយ្យភាព​សង្គម​ក្នុង​ឆ្នាំ​២០១៣​ ​ដោយ​ ​គ.ជ.អ.ប.​ ​និង​បាន​អនុវត្ត​សាកល្បង​រយៈពេល​២​ឆ្នាំ​ ​ចាប់​ពី​ឆ្នាំ​២០១៤​-​២០១៥​។ ​ឆ្លង​តាម​ការ​ប្រមូល​ចង​ក្រង​មេរៀន​បទពិសោធន៍​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​សាកល្បង​ការងារ​គណនេយ្យភាព​សង្គម​នេះ​ ​គ.ជ.អ.ប.​ ​បាន​ដាក់​ចេញ​នូវ​ផែន​ការ​អនុវត្ត​គណនេយ្យភាព​សង្គម​ ដំណាក់​កាល​ទី១​ ​រយៈពេល​៣​ឆ្នាំ​ ​(២០១៦​-​២០១៨)​ ​ដែល​ផ្តោត​លើ​សេវា​នៅ​មូល​ដ្ឋាន​ចំនួន​០៣​គឺ​៖

  • ការ​បំពេញ​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ​
  • ការ​ផ្តល់​សេវា​នៅ​សាលា​បឋម​សិក្សា​ 
  • ​ ការ​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព​


បន្ទាប់​មក​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​ដំណាក់កាល​ទី២​ ​រយៈពេល​៥​ឆ្នាំ​ ​(២០១៩​-​២០២៣)​ ​ក៏​ត្រូវ​បាន​អនុម័ត​ ​និ​ងដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​រួម​គ្នា​រវាង​ភាគី​រដ្ឋ​ ​(ដែល​រួម​មាន​តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ)​ និង​ភាគី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ឆ្នាំ​២០១៩​។​ ​ក្នុង​នោះ​ផង​ដែរ​ ​ផែន​ការ​អនុវត្ត​គណនេយ្យភាព​សង្គម​ដំណាក់​កាល​ទី២​ ​ត្រូវ​បាន​ឯកភាព​ដោយ​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ក្នុង​ការ​ពន្យា​ពេល​អនុវត្ត​រហូត​ដល់​ឆ្នាំ​២០២៥​ ដើម្បី​សម្រេច​ឱ្យ​បាន​គោល​បំណង​ ​និង​គោល​ដៅ​របស់​ខ្លួន​ ​និង​ឱ្យ​ស្រប​តាម​ក្រប​ខ័ណ្ឌ​ពេល​វេលា​នៃ​ផែន​ការ​អនុវត្ត​រយៈពេល៥​ឆ្នាំ ​ដំណាក់​កាល​ទី១​ ​(២០២១​-​២០២៥)​ ​នៃ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​ដំណាក់​កាល​ទី២​ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។


២. តំបន់​គោលដៅ​អនុវត្ត​ ​និង​ការ​ពង្រីក​វិសាល​ភាព​សេវា

​ ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​បាន​ ​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ក្រុង​ ​ស្រុក​ ​ខណ្ឌ​គោល​ដៅ​ចំនួន​១៩០​ ​នៃ​រាជ​ធានី​ ​ខេត្ត​ចំនួន​២៥​ ​ដោយ​គ្រប​ដណ្តប់​លើ​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ចំនួន​១.៥៥០​ស្មើ​នឹង​៩៤%​ នៃ​ឃុំ​ ​សង្កាត់​ទូទាំង​ប្រទេស​ ​សាលា​បឋម​សិក្សា​ចំនួន​៦.៩២២​ ​ស្មើ​នឹង​៩៤%​ នៃ​សាលាបឋម​សិក្សា​ទូទាំង​ប្រទេស​ ​មណ្ឌល​សុខភាព​ចំនួន​១.២៥៦​ ​ស្មើ​នឹង​៩៦%​ ​នៃ​មណ្ឌល​សុខភាព​ទូទាំង​ប្រទេស​ ​និង​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ចំនួន​៥៤​ ​ស្មើ​នឹង​២៦%​ ​នៃ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ទូទាំង​ប្រទេស​។


តារាង​តំបន់​គោលដៅ​​និង​ការ​គ្រប​ដណ្តប់​លើ​សេវា​​នៃ​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម

បរិយាយ ចំនួន​ទូទាំង​ប្រទេស ដំណាក់​កាលទី១ ដំណាក់​កាល​ទី២ ​(គិតត្រឹម​២០២៥)
ចំនួន ភាគរយ
តំបន់គោលដៅអនុវត្ត
រាជធានី ខេត្ត ២៥ ១៨ ២៥ ១០០%
ក្រុង ស្រុក ខណ្ឌ ២១០ ៩៨ ១៩០ ៩០%
គ្របដណ្តប់លើសេវា
ឃុំ សង្កាត់ ១.៦៥២ ៨២៧ ១.៥៥០ ៩៤%
សាលាបឋមសិក្សា ៧.៧២១ ៤.១០៦ ៦.៩២២ ៩៤%
មណ្ឌលសុខភាព ១.៣១៣ ៦០៥ ១.២៥៦ ៩៦%
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ២១០ ៥៤ ២៦%


ក្នុង​នោះ​ផង​ដែរ​ ​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​ដំណាក់​កាលទី២​ ​លេខា​ធិការដ្ឋាន​ ​គ.ជ.អ.ប.​ ​បាន​ទទួល​ការ​គាំទ្រ​ថវិកា​ពី​រដ្ឋា​ភិបាល​ស្វីស​ ​រដ្ឋា​ភិបាល​អាល្លឺម៉ង់​ ​និង​រដ្ឋា​ភិបាល​អូស្រ្តាលី​តាម​រយៈ​មូល​និធិ​បរធន​បាលកិច្ច​ ​(Trust Fund)​ ​ដែល​សម្រប​សម្រួល​ដោយ​ធនា​គារ​ពិភព​លោក​ ​ដោយ​បាន​នឹង​កំពុង​អនុវត្ត​នៅ​ក្នុង​នៅ​ក្នុង​ក្រុង​ ស្រុក​ ​ខណ្ឌ​គោល​ដៅ​ចំនួន​១០៣​ ​នៃ​រាជ​ធានី​ ​ខេត្ត​ចំនួន​២០​ ​ដោយ​គ្រប​ដណ្តប់​លើ​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ចំនួន​៨៦២​ ​ស្មើ​នឹង​៥២%​ ​នៃ​ឃុំ​ ​សង្កាត់​ទូទាំង​ប្រទេស​ ​សាលា​បឋម​សិក្សា​ចំនួន​៣.៩២២​ ​ស្មើ​នឹង​៥១​%​ ​នៃ​សាលា​បឋម​សិក្សា​ទូទាំង​ប្រទេស​ ​មណ្ឌល​សុខភាព​ចំនួន​៧០២​ ​ស្មើ​នឹង​៥៣%​ ​និង​ ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ចំនួន​២០​ ​ស្មើ​នឹង​១០%​ ​នៃ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ទូទាំង​ប្រទេស​។


តារាង​តំបន់​គោលដៅ​​និង​ការ​គ្រប​ដណ្តប់​លើ​សេវា​​នៃ​ការ​អនុវត្ត​គម្រោង

បរិយាយ ចំនួន​ទូទាំង​ប្រទេស ដំណាក់​កាល​ទី២ ​(គិតត្រឹម​២០២៥)
ចំនួន ភាគរយ
តំបន់គោលដៅអនុវត្ត
រាជធានី ខេត្ត ២៥ ២០ ៨០%
ក្រុង ស្រុក ខណ្ឌ ២១០ ១០៣ ៦២%
គ្របដណ្តប់លើសេវា
ឃុំ សង្កាត់ ១.៦៥២ ៨៦២ ៥២%
សាលាបឋមសិក្សា ៧.៧២១ ៣.៩២២ ៥១%
មណ្ឌលសុខភាព ១.៣១៣ ៧០២ ៥៣%
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ២១០ ២០ ១០%


៣. កិច្ច​សហការ​សម្រប​សម្រួល​ ​ដៃ​គូ​អនុវត្ត​ ​និង​ដៃ​គូ​អភិវឌ្ឍន៍​

ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​កិច្ច​សហការ​ក្នុង​ភាព​ជា​ដៃ​គូរ​វាង​ផ្នែក​ ​ផ្គត់ផ្គង់​ ​(ភាគីរដ្ឋ)​ ​ដែល​មាន​ក្រសួង​ ​ស្ថាប័ន​ថ្នាក់​ជាតិ​ ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​ ​និង​ផ្នែក​តម្រូវ​ការ​ ​(ភាគី​មិន​មែន​រដ្ឋ)​ ​ដែល​ជា​ប្រជា​ពលរដ្ឋ​ ​ដោយ​មាន​ការ​សម្រប​សម្រួល​ដោយ​អង្គការ​សង្គម​ស៊ីវិល​។​


៣.‌១. ការគ្រប់គ្រង

គណៈ​កម្មាធិការ​ដឹកនាំ​ការងារ​គណនេយ្យភាព​សង្គម​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ​គ.ជ.អ.ប.​ ​ដែល​មាន​សមាជិក​សរុប​ចំនួន​១៩​រូប​ ​(តំណាង​ក្រសួង​ ​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ចំនួន​១០​រូប​ ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​០៩​រូប)​ ​ព្រម​ទាំង​មាន​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន​០៧​ជា​អ្នក​សង្កេត​ការណ៍​។​


គ.គ.អ.ស.​ ​មាន​សមាស​ភាព​ដូច​ខាង​ក្រោម​

ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ ​និង​ជា​សមាជិក​ ​គ.ជ.អ.ប.​

ជា​ប្រធាន​

ឯកឧត្តម​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ ​និង​ជា​អនុប្រធាន​លេខា​ធិការដ្ឋាន​ ​គ.ជ.អ.ប.​

ជា​អនុប្រធាន

តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​

ជា​អនុប្រធាន​
តំណាង​លេខា​ធិការ​ដ្ឋាន​ ​គ.ជ.អ.ប.​ ជាសមាជិក
តំណាង​ក្រសួង​មហាផ្ទៃ​ ជា​សមាជិក
តំណាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ជាសមាជិក
តំណាង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ជាសមាជិក
តំណាង​ក្រសួង​សុខា​ភិបាល​ ជាសមាជិក
តំណាង​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍ ជាសមាជិក
តំណាង​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន ជាសមាជិក
តំណាង​ក្រសួង​ផែនការ ជាសមាជិក
តំណាង​អង្គការ​សង្គម​ស៊ីវិល​ដៃ​គូ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​០៨រូប​ ជាសមាជិក



គ.គ.អ.ស.​ ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ​ដើម្បី​ផ្តល់​វេទិកា​សម្រាប់​កិច្ច​ពិភាក្សា​ ​ដោះ​ស្រាយ​បញ្ហា​ ​និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​ការ​រៀបចំ​គោល​នយោបាយ​ ​ផែន​ការ​សកម្មភាព​ ​និង​ថវិកា​ ​ការ​កំណត់​តំបន់​គោល​ដៅ​ ​និង​នីតិ​វិធី​គាំទ្រ​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​នៅ​ថ្នាក់​ជាតិ​ ​និង​ក្រោម​ជាតិ​ ព្រម​ទាំង​មាន​របប​ប្រជុំ​ជា​ទៀត​ទាត់​ប្រចាំ​ឆមាស​។

៣.២. ផ្នែកផ្គត់ផ្គង់
  • ថ្នាក់ជាតិ៖ លេខាធិការដ្ឋាន​ ​គ.ជ.អ.ប.​ ​ក្រសួង​មហាផ្ទៃ​ ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្រសួង​សុខា​ភិបាល​ ​ក្រសួង​ផែនការ​ ​ក្រសួង​ឧស្សាហកម្ម​ វិទ្យា​សាស្រ្ត​ ​បច្ចេក​វិទ្យា​ ​និង​នវានុវត្តន៍​ ​និង​ក្រសួង​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​។
  • រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៖ ​ក្រុម​ការងារ​គណនេយ្យភាព​សង្គម​ថ្នាក់​រាជធានី​​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​មន្រ្តី​បង្គោល​គណនេយ្យភាព​សង្គម​នៃ​អង្គភាព​ផ្តល់​សេវា​ទាំង​បី​ រួមមាន រដ្ឋបាលឃុំ​ ​សង្កាត់​ សាលា​បឋម​សិក្សា​ ​និង​មណ្ឌល​សុខភាព​។


៣.៣. ផ្នែកតម្រូវការ

  • ប្រជាពលរដ្ឋ
  • អង្គការ​សង្គម​ស៊ីវិល៖ ​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​ដំណាក់​កាលទី២​ ​នេះ​ ​លេខា​ធិការដ្ឋាន​ ​គ.ជ.អ.ប.​ ​បាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន៤​ ​រួមមាន​៖ ​១).​ ​អង្គការ​ទស្សនៈ​ពិភព​លោកអន្តរជាតិប្រចាំកម្ពុជា​ ​២).​ ​អង្គការ​ឃែរ​អន្តរ​ជាតិ​ ​៣).​ ​អង្គការ​ ​FHI​ ​360​ ​និង​ ​៤).​ ​អង្គការ​អុក​ស្វាម​ប្រចាំ​កម្ពុជា​ ព្រម​ទាំង​មាន​អង្គការ​ដៃគូ​អនុវត្ត​នៅ​មូល​ដ្ឋាន​ចំនួន​២៩​ ​ដោយ​គ្រប​ដណ្តប់​នៅ​ក្នុង​រដ្ឋបាល​ឃុំ​ ​សង្កាត់​ចំនួន​ ​១.២៩៨​ ​ស្មើ​នឹង​៧៩%​ ទូទាំង​ប្រទេស​ ​នៃ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​គោល​ដៅ​ចំនួន​១៦៦​ ​ក្នុង​រាជ​ធានី​ ខេត្ត​ទាំង​២៥​។ ​នៅ​ក្នុង​ឆ្នាំ​២០២៥​ ​នេះ​ ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ផ្នែក​តម្រូវ​ការ​នៅ​មាន​ការ​គាំទ្រ​តែ​អង្គការ​ទស្សនៈ​ពិភព​លោក​មួយ​ប៉ុណ្ណោះ ​ដែល​នៅ​បន្ត​អនុស្សារណៈ​យោគយល់​ជាមួយ​លេខា​ធិការដ្ឋាន​ ​គ.ជ.អ.ប.​ ​ដោយ​គ្រប​ដណ្តប់​នៅ​ក្នុង​រដ្ឋបាល​ឃុំ ​សង្កាត់​ចំនួន​១.០៦៥​ ​ស្មើ​នឹង​៦៤%​ ​នៃ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​គោល​ដៅ​ចំនួន​១២៧ ​ក្នុង​រាជ​ធានី​ ​ខេត្ត​ចំនួន​២១​។
  • អ្នក​សម្រប​សម្រួល​គណនេយ្យភាព​សហគមន៍​ (CAF)៖ ជា​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្នាក់​ឃុំ​ ​សង្កាត់​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​ជួយ​សម្រប​សម្រួល​ការងារ​គណនេយ្យភាព​សង្គម​នៅ​តាម​សហគមន៍​។


៣.៤. ដៃគូអភិវឌ្ឍន៍

នៅ​ក្នុង​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម ​ដំណាក់​កាលទី២​ ​(២០១៩​-​២០២៥)​ ​នេះ​ ​លេខា​ធិការដ្ឋាន​ ​ គ.ជ.អ.ប.​ ​និង​អង្គការ​ទស្សនៈ​ពិភព​លោក​ ​បាន​ទទួល​ការ​គាំទ្រ​ថវិកា​ ​ពី​មូល​និធិបរធនបាលកិច្ច​ ​(Trust​ ​Fund)​ ​ចំនួន​ប្រមាណ​២០​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​គ្រប់​គ្រង​ដោយ​ធនាគារ​ពិភពលោក​ ដោយ​មាន​ការ​ចូល​រួម​ថវិកា​ពី​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន​០៣​រួម​មាន​៖​

  • រដ្ឋា​ភិបាល​អាល្លឺម៉ង់​ ​ចំនួន​ប្រមាណ​ ​៥​ ​លាន​អឺរ៉ូ​។
  • រដ្ឋា​ភិបាល​ស្វីស​ ​ចំនួន​ប្រមាណ​ ​៤​ ​លាន​ដុល្លារ​អាមេរិក​។
  • រដ្ឋា​ភិបាល​អូស្រ្តាលី​ ​ចំនួន​ប្រមាណ​ ​១៥​ ​លាន​ដុល្លារ​អូស្រ្តាលី​។
ទន្ទឹម​នឹង​នេះ​ ក៏​មាន​ដៃគូ​អភិវឌ្ឍន៍​ចំនួន​០២​ផ្សេង​ទៀត​បាន​គាំទ្រ​ថវិកា​ដល់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​ដែល​រួម​មាន​៖ សហភាព​អឺរ៉ុប​ ​គាំទ្រ​ថវិកា​ដល់​អង្គការ​ឃែរ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ ​ចំនួន​ប្រមាណ​២,៨៦ ​លាន​ដុល្លារ​អា​មេរិក​ ​និង​ ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរ​ជាតិ​ ​(USAID)​ ​គាំទ្រ​ថវិកា​ដល់​អង្គការ​សុខភាព​គ្រួសារ​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា​ ​(FHI ​360)​ ​ចំនួន​ប្រមាណ​១៧​ ​លាន​ដុល្លារ​អាមេរិក​។

៤. ការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម​នៅ​ថ្នាក់​ក្រោម​ជាតិ

ការងារ​គណនេយ្យភាព​សង្គម​ត្រូវ​អនុវត្ត​ទៅ​តាម​វដ្ត​នៃ​សកម្ម​ភាព​គណនេយ្យភាព​សង្គម​ប្រចាំ​ឆ្នាំ​។ វដ្ត​សកម្មភាព​ ​នៃ​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​ត្រូវ​បាន​បែង​ចែក​ជា​០៣​ដំណាក់​កាល​គឺ៖

  • តម្លា​ភាព​ ​ភាព​ងាយ​ទទួល​បាន​ព័ត៌មាន​នានា​ ​និង​ព័ត៌មាន​ថវិកា
  • ការ​ត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជា​ពលរដ្ឋ
  • ការ​អនុវត្ត​ ​ត្រួត​ពិនិត្យ​ ​និង​វាយ​តម្លៃ​ ​ផ.ស.រ.គ.


ដំណាក់កាលនីមួយៗបែងចែកជាសកម្មភាព ឬជំហានសំខាន់ៗដូចខាងក្រោម៖

ដំណាក់​កាល ជំហាន ក្រប​ខ័ណ្ឌ​ពេល​វេលា
១. តម្លា​ភាព​ ភាព​ងាយ​ទទួល​បាន​ព័ត៌​មាន​នានា​ និង​ព័ត៌​មាន​ថវិកា ១, ការ​ប្រមូល​ទិន្នន័យ​ មករា​-​មីនា
២, ការ​បញ្ចូល​ទិន្នន័យ មករា​-​មីនា
៣, ការ​ផលិត​ទិន្នន័យ​លទ្ធផល​ការ​ងារ​ មករា​-​មីនា
៤, ការ​រៀប​ចំ​ ​និង​ផ្សព្វ​ផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ មករា​-​មីនា
២.ការ​ត្រួត​ពិនិត្យ​តាម​ដាន​ដោយ​ប្រជា​ពលរដ្ឋ ៥,ការ​ពិនិត្យ​វាយ​តម្លៃ​អំពី​លទ្ធផល​ការ​ងារ​ មេសា​-​កក្កដា
៦, ការ​រៀបចំ​ ផ.ស.រ.គ. មេសា​-​កក្កដា
៣. ការ​អនុវត្ត​ ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ ​ផ.ស.រ.គ. ៧, ការអនុវត្ត ផ.ស.រ.គ. មករា​-​ធ្នូ
៨, ការ​ត្រួត​ពិនិត្យ​ ​និង​ការ​វាយ​តម្លៃ​ ​ផ.ស.រ.គ. មករា​-​ធ្នូ


ការ​បរិយាយ​លម្អិត​អំពី​ដំណាក់​កាល​ ​និង​ជំហាន​នីមួយៗ​មាន​ដូច​ខាង​ក្រោម​៖


៤.១. ដំណាក់​កាល​ទី១៖ ​តម្លាភាព​ ​ភាពងាយ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ព័ត៌មាន​ថវិកា​
ក្នុង​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ដំណាក់​កាលទី១​ ​ត្រូវ​អនុវត្ត​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មីនា​ ដែល​នៅ​ក្នុង​ដំណាក់​កាល​នេះ​ ​ការ​អនុវត្ត​សកម្មភាព​ត្រូវ​បាន​បែង​ចែក​ជា​មាន​០៤​ជំហាន​ ​រួមមាន​៖

  • ជំហានទី២ ការ​បញ្ចូល​ទិន្នន័យ៖ អង្គភាព​ផ្តល់​សេវា​ត្រូវ​យក​ទម្រង់​ស្រង់​ទិន្នន័យ​ដែលបានពិនិត្យបញ្ជាក់ ដើម្បី​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម។ ប្រធាន​អង្គភាព​ផ្តល់​សេវា​ត្រូវ​ពិនិត្យមើល​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ និងរៀបចំ​កិច្ចប្រជុំផ្ទៃក្នុង ដើម្បី​បញ្ជាក់​លទ្ធផល។
  • ជំហាន​ទី២ ការ​បញ្ចូល​ទិន្នន័យ៖ អង្គភាព​ផ្តល់​សេវា​ត្រូវ​យក​ទម្រង់​ស្រង់​ទិន្នន័យ​ដែល​បាន​ពិនិត្យ​បញ្ជាក់​ដោយ​ប្រធាន​ការិយាល័យ​ជំនាញ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ ​ដើម្បី​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម​។ ប្រធាន​អង្គភាព​ផ្តល់​សេវា​ត្រូវ​ពិនិត្យ​មើល​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បញ្ចូល​ទិន្នន័យ​តាម​រយៈការ​ផលិត​សេចក្តី​ព្រាង​នៃ​ទិន្នន័យ​លទ្ធផល​ការងារ​ (Post-On) ​និង​រៀបចំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ ​របស់​ខ្លួន​ដើម្បី​ពិនិត្យ​មើល​ និង​បញ្ជាក់ពី​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ​លទ្ធផល​ការងារ​ដែល​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​។
  • ជំហាន​ទី៣​ ​ការ​ផលិត​ទិន្នន័យ​លទ្ធផល​ការងារ​ (Post-On)៖​ ​អង្គភាព​ផ្តល់​សេវា ​ផលិត​ទិន្នន័យ​លទ្ធផល​ការងារ​ (Post-On) ចេញ​ពី​ប្រព័ន្​ធត្រួត​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម​ ដែល​ព័ត៌មាន​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បំពេញ​ការងារ​ធៀប​ទៅ​នឹង​ស្តង់ដា​ របស់​ក្រសួង​សាមី ​ព្រម​ទាំង​ព័ត៌មាន​អំពី​ថវិកា​ចំណូល​ ចំណាយ​ និង​គម្រោង​។ ប្រធាន​អង្គភាព​ផ្តល់​សេវា​ត្រូវ​ធ្វើ​ការ​ចុះ​ហត្ថលេខា​សង្ខេប​ ឬ​បោះត្រា​លើ​ទិន្នន័យ​លទ្ធផល​ការងារ​ដែល​ត្រូវ​យក​ទៅ​បិទ​លើ​ផ្ទាំង​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ​ (I4Cs)។
  • ជំហាន​ទី៤​ ការ​រៀបចំ​ និង​ផ្សព្វផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ៖​ អង្គភាព​ផ្តល់​សេវា​នីមួយៗ​ ត្រូវ​យក​ទិន្នន័យ​លទ្ធផល​ការងារ​ (Post-On)​ ទៅ​បិទ​ផ្សព្វផ្សាយ​នៅ​លើ​ផ្ទាំង​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ​ (I4Cs) ​តាម​អង្គភាព​ផ្តល់​សេវា​របស់​ខ្លួន​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សិទ្ធិ ​ស្តង់ដា​ការ​បំពេញ​ការងារ​ និង​ថវិកា​ជូន​ប្រជា​ពលរដ្ឋ​អំឡុង​ពេល​ដែល​មក​ទទួល​សេវា​។ ​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​សម្រប​សម្រួល​គណនេយ្យភាព​សហគមន៍​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាំង​នេះ​ជូន​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​មូល​ដ្ឋាន​ តាម​រយៈ​ការ​រៀបចំ​កិច្ច​ប្រជុំ​តាម​ភូមិ​ ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​តាម​ភូមិ​ និង​ការ​ចុះ​ទៅ​តាម​ផ្ទះ​ក្រុម​ជន​ងាយ​រង​គ្រោះ​ មានជាអាទិ៍។


៤.២. ដំណាក់​កាល​ទី២៖ ​ការ​ត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជា​ពលរដ្ឋ​

ក្នុង​ការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម​ដំណាក់កាល​ទី២​ ​ត្រូវ​អនុវត្ត​ក្នុង​អំឡុង​ខែ​មេសា​ដល់​ខែ​កក្កដា​ ​ដែល​នៅ​ក្នុង​ដំណាក់​កាល​នេះ​ ​ការ​អនុវត្ត​សកម្មភាព​ត្រូវ​បាន​បែង​ចែក​ជា​មាន​០២​ជំហាន​ ​ដូច​ខាង​ក្រោម​៖

  • ជំហានទី៥ ការ​ពិនិត្យ​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​នៃ​ការ​ផ្តល់​សេ​វា៖​ ​អ្នក​សម្របសម្រួល​ គណនេយ្យភាព​សហគមន៍​ ​ធ្វើ​ការ​សម្រប​សម្រួល ​ក្នុង​កិច្ច​ប្រជុំ​ដាក់​ពិន្ទុ​ដោយ​ប្រជា​ពលរដ្ឋ​ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជា​ពល​រដ្ឋ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បំពេញ​ការងារ​ ​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ ​និង​លើក​ឡើង​នូវ​សកម្មភាព​កែ​លម្អ​ចំណុច​ខ្សោយ​ ​របស់​ អង្គភាព​ផ្តល់​សេវា​ទាំង​បី ​ដែល​ប្រជា​ពលរដ្ឋ​ធ្លាប់​ទៅ​ទទួល​សេវា​។​ ទន្ទឹម​នឹង​នេះ ​មន្រ្តី​ ​បុគ្គលិក​អង្គភាព​ផ្តល់​សេវា​ ក៏​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ វាយតម្លៃ​ការ​បំពេញ​ការងារ​របស់​អង្គភាព​សាមី​នីមួយៗ​ផង​ដែរ​ ដើម្បី​ស្វែង​រក​ចំណុច​ខ្វះខាត​និង​រៀបចំ​សកម្មភាព​កែលម្អ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ​។
  • ជំហានទី៦ ​ការរៀប​ចំ​ផែនការ​សកម្មភាព​រួម​ស្តី​ពី​ការងារ​គណនេយ្យភាព​សង្គម​ ​(ផ.ស.រ.គ.)​៖ ​មេឃុំ ​ចៅ​សង្កាត់​ ដោយ​មាន​ការ​ជួយ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ ​និង​សម្រប​សម្រួល​របស់​អង្គការ​សង្គម​ស៊ីវិល ​ ​និង​អ្នក​សម្រប​សម្រួល​គណនេយ្យភាព​សហគមន៍​ ​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​រួម​រវាង​តំណាង​ប្រជា​ពលរដ្ឋ​ និង​តំណាង​អង្គភាព​ផ្តល់​សេវា​នីមួយៗ​ ​ដើម្បី​ធ្វើ​បូក​សរុប​បញ្ហា​ ​តម្រូវ​ការ​ ​និង​ដំណោះ​ស្រាយ​នានា ​ដែល​ទទួល​បាន​ពី​ការ​ពិនិត្យ​វាយ​តម្លៃ​ខ្លួន​ឯង​របស់​អង្គភាព​ផ្តល់​សេវា​ និង​ការ​ពិនិត្យ​វាយ​តម្លៃ​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​បង្កើត​ជា​ផែន​ការ​សកម្មភាព​រួម​ស្តី​ពី​ការងារ​គណនេយ្យភាព​សង្គម​ (ផ.ស.រ.គ.)​ ​សម្រាប់​ធ្វើ​ការ​កែ​លម្អ​ការ​បំពេញ​ការងារ​ ​និង​ផ្តល់​សេវា​សាធារណៈ​របស់​អង្គភាព​ផ្តល់​សេវា​នីមួយ​ៗ​។​ ​ ជា​មួយ​គ្នា​នេះ​ដែរ​ ​រដ្ឋបាល​ឃុំ​ ​សង្កាត់​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យក​គម្រោង​ ​សកម្មភាព​នានា​នៃ​ ​ផ.ស.រ.គ.​ ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ឃុំ​ ​សង្កាត់​។​ ​ក្នុង​នោះ​ផង​ដែរ​ ​រដ្ឋបាល​ឃុំ ​សង្កាត់​តាម​រយៈ​មន្រ្តី​បង្គោល​គណនេយ្យភាព​សង្គម​ថ្នាក់​ឃុំ​ ​សង្កាត់​ ​ត្រូវ​ធ្វើការ​បញ្ចូល​គម្រោង​ សកម្មភាព​នានា​របស់​ ​ផ.ស.រ.គ.​ ​ទៅ​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​តាមដាន​ការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម​ និង​ផលិត​ទិន្នន័យ​លទ្ធផល​ការងារ​ ​ផ.ស.រ.គ.​ ​ដើម្បី​បិទ​ផ្សាយ​ព័ត៌មាន​នៅ​តាម​រដ្ឋបាល​ ឃុំ ​សង្កាត់​ និង​ធ្វើការ​ផ្សព្វផ្សាយជូ​ន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​។​ ទន្ទឹម​នឹង​នេះ ​រដ្ឋបាល​ឃុំ ​សង្កាត់​ត្រូវ​រៀបចំ​បង្កើត​គណៈ​កម្មាធិការ​ ​ផ.ស.រ.គ.​ ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​តាម​ដាន​ ​វាយ​តម្លៃ​ ​និង​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​គម្រោង​ ​សកម្មភាព​របស់​ ​ផ.ស.រ.គ.​។


៤.៣. ដំណាក់កាល​ទី៣៖​ ​ការ​អនុវត្ត​ ​ត្រួត​ពិនិត្យ​ ​និង​វាយតម្លៃ​ ​ផ.ស.រ.គ.​ ​

ក្នុង​អំឡុង​ខែ​សីហា​ ​ដល់​ខែ​ធ្នូ​ ជា​ពេល​វេលា​ក្នុងការ​អនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម​ជំហាន​ទាំង​០២​ ​នៃ​ដំណាក់​កាល​ទី៣​៖​

  • ជំហាន​ទី៧​ ​ការ​អនុវត្ត​ ​ផ.ស.រ.គ.​ ៖​ ​ការ​រៀបចំ​ ​និង​អនុវត្ត​គម្រោង​ ​និង​សកម្មភាព​នានា​នៃ ​ផ.ស.រ.គ.​ ​ទាំង​គម្រោង​ ​សកម្មភាព​ដែល​ត្រូវ​ការ​គាំទ្រ​ធនធាន​ពី​ខាង​ក្រៅ​ ​(ក្រសួង​ ​ស្ថាប័ន​ រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​សប្បុរស​ជន)​ ​និង​គម្រោង​ សកម្មភាព​ដែល​ប្រើ​ប្រាស់​ធនធាន​របស់​អង្គភាព​ផ្តល់​សេវា​សាមី​។​ ​ការ​អនុវត្ត​គម្រោង​ សកម្មភាព​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​បំពេញ​ការងារ​ ​ការ​ផ្តល់​សេវា​ ​និង​ការ​អភិវឌ្ឍ​មូល​ដ្ឋាន​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នានា​របស់​ប្រជា​ពលរដ្ឋ​។​ ​គណៈ​កម្មាធិការ​ ​ផ.ស.រ.គ.​ ​ត្រូវ​រៀបចំ​របាយ​ការណ៍​វឌ្ឍនភាព​ ​បញ្ហា​ប្រឈម​ ​ផ្អែក​លើ​ការ​ប្រមូល​ព័ត៌មាន​ពី​អង្គភាព​ផ្តល់​សេវា​ពាក់ព័ន្ធ​ ​និង​ធ្វើ​ទៅ​តាម​ទម្រង់​បែប​បទ​ ​និង​សេចក្តី​ណែនាំ​នានា​ដែល​បាន​កំណត់​។
  • ជំហាន​ទី៨​ ​ការ​ត្រួត​ពិនិត្យ​ ​និង​វាយ​តម្លៃ​ ​ផ.ស.រ.គ.​៖ ការ​ត្រួត​ពិនិត្យ​ ​វាយ​តម្លៃ​ ​ផ.ស.រ.គ.​ ​ត្រូវ​រៀបចំ​ឡើង​តាម​រយៈការ​ប្រជុំ​ប្រចាំ​ត្រីមាស​ ​ឆមាស​ ​និង​ប្រចាំ​ឆ្នាំ​របស់​គណៈ​កម្មា​ធិការ​ ​ផ.ស.រ.គ.​ ​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ បញ្ហា​ប្រឈម​ ​និង​ស្វែង​រក​ដំណោះ​ស្រាយ​ ​ក៏​ដូចជា​រៀបចំ​ផែនការ​ក្នុង​កៀរ​គរ​ធន​ធាន​ ដើម្បី​គាំទ្រ​ ដល់​ការ​អនុវត្ត​គម្រោង​ ​សកម្ម​ភាព​ ​ផ.ស.រ.គ.​។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP