និមិត្តសញ្ញានៃ គ​.ជ.អ.ប.

និមិត្តសញ្ញា

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលហៅកាត់ថា គ.ជ.អ.ប. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ តាមរយៈព្រះរាជក្រឹត្យ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ជាស្ថាប័នអន្តរក្រសួង ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ​​ សម្របសម្រួលជាមួយក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការបង្ខិតការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។

និមិត្តសញ្ញាថ្មីរបស់ គ.ជ.អ.ប. ៖ 


និមិត្តសញ្ញាអត្ថន័យរួម នៃនិមិត្តសញ្ញា

និមិត្តសញ្ញាថ្មី៖ មានរង្វង់ព័ទ្ធជុំវិញពីរជាន់ ដែលក្នុងរង្វង់មូលទី១ មានអក្សររាជរដ្ឋាភិបាលកម្ពុជានៅចំកណ្តាលមានផ្ការំដួលពីរសងខាង និងមានអក្សរគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅខាងក្រោម។ រង្វង់ទី២ មានអដ្ឋរង្សី៨ឆ្នូតនៅចំកណ្តាលសៀវភៅដែលទ្រដោយជើងពាន ដោយមានរូបស្លឹករំដួលទ្រនិងអមសងខាងជើងពាន ព្រមទាំងមានអក្សរ គ.ជ.អ.ប. ទ្រពីក្រោម។


ការពិពណ៌នាអត្ថន័យនៃនិមិត្តសញ្ញាថ្មីរបស់ គ.ជ.អ.ប.


១. អត្ថន័យរួម នៃនិមិត្តសញ្ញា

គ.ជ.អ.ប. ជាស្ថាប័នអន្តរក្រសួងមួយ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួលលើការរៀបចំ និងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស។
២. អត្ថន័យពណ៌សតំណាងឱ្យតម្លាភាព សុចរិតភាព គណនេយ្យភាព ភាពស្អាតស្អំ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការទទួលខុសត្រូវខ្ពស់ និងការអំណត់ព្យាយាមក្នុងការបំពេញតួនាទី ភារកិច្ចដើម្បីបម្រើជាតិមាតុភូមិ។
៣. អត្ថន័យពណ៌ខៀវតំណាងឱ្យសុខសន្តិភាព សិទ្ធិសេរីភាព ការអភិវឌ្ឍ បរិយាបន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៤. អត្ថន័យរូបជើងពានទ្រសៀវភៅ

តំណាងឱ្យបេសកកម្មរបស់ គ.ជ.អ.ប. ក្នុងការរៀបចំតាក់តែងកម្មវិធីជាតិ ផែនការអនុវត្ត ការលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល    និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំតាក់តែង ការធ្វើវិសោធន៍កម្មច្បាប់ លិខិតបទដ្ឋានគិតយុត្តនានា និងគោលនយោបាយយុទ្ធសាស្ត្រពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការអនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
៥. អត្ថន័យ គ.ជ.អ.ប.

គ.ជ.អ.ប. មានន័យថាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
៦.​​អត្ថន័យរូបផ្ការំដួល

ជាប្រភេទផ្កាតំណាងឱ្យអត្តសញ្ញាណរបស់ប្រទេសកម្ពុជាដែលមានក្លិនក្រអូបសព្វសាយប្រៀបដូចទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ស្របតាមបរិបទនៃប្រទេសកម្ពុជា (កត្តានយោបាយ ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណីជាតិ)។

ក្លិនៈ ជំនឿទុកចិត្តនិងភាពពេញចិត្តពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រស់ៈ ការរៀបចំស្ថាប័ន​ដែលមានលក្ខណៈធន់មាំ ទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

គុណតម្លៃៈ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈនិងផលប្រយោជន៏ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់  ក្រោមជាតិប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

៧. អត្ថន័យ​អដ្ឋរង្សី ៨ឆ្នូត

តំណាងឱ្យគោលការណ៍គ្រឺះទាំង៨នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដែលបានកំណត់ក្នុងមាត្រា១២នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមមាន៖

១. ភាពជាតំណាងសាធារណៈ 

២. ស្វ័យភាពរបស់មូលដ្ឋាន 

៣. ការពិគ្រោះយោបល់ និងការចូលរួម​ ​ ​

៤. ការឆ្លើយតប និងគណនេយ្យភាព

​៥. ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងមូលដ្ឋាន  

៦. ការលើកស្ទួយសមធម៌  

៧. តម្លាភាព និងសុចរិតភាព 

៨. វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។

៨. អត្ថន័យស្លឹករំដួលរៀងគ្នាតម្រៀបជាជួរ
តំណាងឱ្យកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្មរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងការចូលរួមគាំទ្រ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP