គតិពេចន៍ ចក្ខុវិស័យ បេសកកម្មនៃ គ.ជ​.អ.ប.

ក. គតិពេចន៍

    "កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន"


    ខ. ចក្ខុវិស័យ

    សម្របសម្រួល និងដឹកនាំការអនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។


    គ. បេសកកម្ម​

    - តាក់តែងនិង​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាមរយៈ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ។

    - រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំ​ឆ្នាំដោយផ្អែក​លើ​កម្មវិធី​ជាតិ គ.ជ.អ.ប.។

    - ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ជាតិ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ។

    - ពិគ្រោះ ពិភាក្សា សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ទទួល​ខុស​ត្រូវ និង​មុខងារ​របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​កំណត់​មុខងារ       ការ​ទទួល​ខុស​ត្រូវ    សិទ្ធិ​អំណាច   និង​គណនេយ្យ​ភាព​សម្រាប់​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​រួម​ជាមួយ​នឹង៖

    • ការ​ផ្ទេរ​ធនធាន រួមមានចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ
    • ការ​ផ្ដល់​លទ្ធភាព និង​អំណាច ដើម្បី​ទទួល​បាន​ធនធាន​ចាំបាច់​ រួមមាន​ចំណូល​ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព​សម្រាប់​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ​នោះ
    • ការ​ផ្ដល់​អំណាច និង​ភារកិច្ច ដើម្បី​គ្រប់​គ្រង និង​អនុវត្ត​រាល់​មុខងារ​របស់​ខ្លួន​តាម​គោលការណ៍​ស្វ័យភាព​មូលដ្ឋាន និង​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ក្នុង​កម្រិត​ជា​អតិបរមា។

    - ក្នុងពេលរងចាំការផ្ទេរមុខងារ និងការទទួលខុសត្រូវដល់ក្រុមប្រឹក្សានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ គ.ជ.អ.ប. ត្រូវកំណត់បែបបទ និងនីតិវិធីសម្រាប់ធ្វើសមាហរណកម្មនូវផែនការអភិវឌ្ឍន៍ និងថវិកានៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិទៅក្នុងផែនការអភិវឌ្ឍន៍ និងថវិការបស់ក្រុមប្រឹក្សាតាមប្រភេទនីមួយៗ។

    - ផ្ដល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ណា​មួយ​​អំពី​ការ​តាក់​តែង ឬ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ​លិខិត​បទដ្ឋាន​នានា ដើម្បី​អោយ​ស្រប​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។

    - ពិគ្រោះ​យោបល់ ពិភាក្សា និង​សម្របសម្រួល​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាម​ការ​ចាំបាច់ ដើម្បី​រៀបចំ​អោយ​មាន​របប​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ការ​រៀបចំ​បទដ្ឋាន នីតិវិធី​នៃ​ការ​រៀបចំ ការ​អនុម័ត និង​ការ​អនុវត្ត​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ការ​រៀបចំ​ប្រភព​ចំណូល ​រួមមាន​ ចំណូល​ពី​ថ្នាក់​ជាតិ និង​ចំណូល​នៅ​មូលដ្ឋាន ការផ្ទេរ​ឧបត្ថម្ភ​ថវិកា រួមមាន​ មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ និង​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ពី​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​ចាត់ចែង ការ​គ្រប់គ្រង ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​ប្រគល់​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ទ្រព្យ​សម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​រក​បាន​ដោយ​ខ្លួន​ឯង​ ដោយ​មាន​ផែនការ​ជា​ជំហាន​ៗ​ មាន​សនិទាន​ភាព មាន​ការ​សម្រប​សម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និងមាន​គណនេយ្យ​ភាព។

    - សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ ​ដើម្បី​កំណត់​គោលនយោបាយ ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ស្រប​ពេល​ជាមួយ​នឹង​ការ​ផ្ទេរ​មុខងារ​ និង​ការ​ទទួល​ខុស​ត្រូវ ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ក្របខ័ណ្ឌ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ទៅ​តាម​របៀបរបប​ដែល​មាន​ផែនការ មាន​កម្មវិធី មាន​សនិទាន​ភាព មាន​ការ​ពិគ្រោះ​យោបល់ និង​មាន​តម្លាភាព។

    - កំណត់​អំពី​ប្រភេទ​បុគ្គលិក​សម្រាប់​ប្រភេទ​ក្រុមប្រឹក្សា​នីមួយៗ និង​កំណត់​អំពី​របៀបរបប​ និងមធ្យោបាយ​ក្នុង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ដោយ​ធានា​មិន​ឱ្យ​មាន​ការ​បង្កើន​ចំនួន​បុគ្គលិក​សាធារណៈ។

    - ធានា​ឱ្យ​មាន​ការ​សម្រប​សម្រួល និង​ពិគ្រោះ​យោបល់​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​នានា​ដែល​អនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ដើម្បី​មាន​សង្គតិ​ភាព​ជាមួយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កម្មវិធី​ជាតិ។

    - សិក្សា​ស្រាវជ្រាវ និង​កំណត់​ឡើងវិញ​នូវ​ព្រំប្រទល់​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​ការ​ចាំបាច់។

    សិក្សា​ស្រាវជ្រាវ​អំពី​កំណើន​ទីក្រុង និង​នគរូបនីយកម្ម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​នូវ​គោលនយោបាយ ​ រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីក្រុង​ឱ្យបានសមស្រប។

    - រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សម្រាប់​ការ​កសាង​សមត្ថភាព​ក្រុមប្រឹក្សា និង​រដ្ឋបាល​របស់​ក្រុម​ប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ។

    - សហការ​ សិក្សា​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដ៏​សមស្រប​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ប្រភព​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​តម្រូវការ​ផ្នែក​បុគ្គលិក និង​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​តម្រូវការ​ចាំបាច់​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា។

    - ស្រាវជ្រាវ ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលអំពីទម្រង់សម្រាប់កៀរគរ និងប្រើប្រាស់ធនធានក្នុង និងក្រៅប្រទេសសម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

    - ស្រាវជ្រាវ និង​រៀបចំ​នូវ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ធានា​ឱ្យមាននូវការ​តម្រឹម និង​សុខដុមនីយកម្ម​ក្នុង​ការ​ប្រើប្រាស់​ជំនួយ។

    - បង្កើត​វេទិកា​ដ៏​សមស្រប​មួយ​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។​

    - ធានា​ឱ្យមាន​ការ​ផ្ទេរ​សិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ​បច្ចុប្បន្ន ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែល​បាន​បង្កើត ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

    - ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រាជរដ្ឋាភិបាលប្រចាំ​ឆ្នាំ​អំពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ។


    icon

    បណ្ដុំរូបភាព

    Banner
    Banner
    Banner
    Banner
    Banner
    icon

    អត្ថបទពាក់ព័ន្ធ ៖

    ទំនាក់ទំនង

    ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    (+855) 78 575 775

    info@ncdd.gov.kh

    ប្រព័ន្ធផ្សព្វផ្សាយ

    គណនេយ្យភាពសង្គម

    Social MediaSocial Media
    © រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
    សហការរៀបចំដោយ ៖  
    logo_s_ncdd
    logo_s_japan
    UNDP