ការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចដំណើរការដែលមានលក្ខណៈសាំញ៉ាំដែលមានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅទាំងផ្នែកនយោបាយ ផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុ ហើយកិច្ចការទាំងនេះទាមទារឱ្យមានការស្រុះស្រួលឯកភាពគ្នា ការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងការចូលរួមពីប្រជាពលរដ្ឋផងដែរ។ ហេតុនេះ ដើម្បីធានាឱ្យកិច្ចដំណើរការកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព គឺតម្រូវឱ្យមានការបង្កើតនូវស្ថាប័នដឹកនាំ និងសម្របសម្រួលការងារកំណែទម្រង់យ៉ាងរឹងមាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ស្ថាប័នដឹកនាំសម្របសម្រួលការងារកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការមានការវិវឌ្ឍពីសម័យកាលមួយទៅសម័យកាលមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
មុននឹងក្លាយជាស្ថាប័ន គ.ជ.អ.ប. ស្ថាប័ននេះ បានវិវត្តន៍ចេញមកពីស្ថាប័នសម្របសម្រួលដឹកនាំកំណែទម្រង់ តាមដំណាក់កាលដូចខាងក្រោម៖
ក. គណៈកម្មាធិការជាតិគាំទ្រឃុំ
សង្កាត់ (គ.ឃ.ស.)
ក្នុងដំណាក់កាលនៃការធ្វើកំណែទម្រង់វិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បានតម្រូវឱ្យបង្កើតយន្តការសម្របសម្រួលអន្តរស្ថាប័នមួយនៅថ្នាក់ជាតិដែលមានឈ្មោះថា «គណៈកម្មាធិការជាតិគាំទ្រឃុំសង្កាត់» ដែលហៅកាត់ថា គ.ឃ.ស. សម្រាប់ដឹកនាំសម្របសម្រួល និងផ្តល់ការគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់នេះ។ គណៈកម្មាធិការជាតិគាំទ្រឃុំសង្កាត់ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៥០១/១៧៥ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០១។
សមាសភាពនៃ គ.ឃ.ស. នេះ រួមមាន៖
១. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | ជាប្រធាន |
២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី | ជាអនុប្រធាន |
៣. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ជាអនុប្រធាន |
៤. រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ | ជាសមាជិក |
៥. រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ | ជាសមាជិក |
៦. រដ្ឋមន្ត្រីក្រសួងផែនការ | ជាសមាជិក |
៧. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជន | ជាសមាជិក |
៨. អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ | ជាសមាជិកអចិន្ត្រៃយ៍ |
ក្នុងនោះដែរនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើងដើម្បីធ្វើជាលេខាធិការដ្ឋានរបស់
គ.ឃ.ស.។
គ.ឃ.ស. មានសមត្ថកិច្ចធ្វើសេចក្តីស្នើយោបល់ទៅរាជរដ្ឋាភិបាលអំពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការរៀបចំ និងការអនុវត្តគោលនយោបាយវិមជ្ឈការ រួមមាន៖
- ការបែងចែងមុខងារ
សិទ្ធិអំណាច និងភារកិច្ចរវាងរាជរដ្ឋាភិបាល និងឃុំ សង្កាត់
- ការរៀបចំឱ្យមានកិច្ចសហការសម្របសម្រួលរវាងឃុំ
សង្កាត់ពីរ ឬច្រើន
- ការបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ
សង្កាត់ ការរៀបចំឱ្យមានចំណូល និងសារពើភ័ណ្ឌសម្រាប់ឃុំ សង្កាត់
- ការគាំទ្របច្ចេកទេសដល់រដ្ឋបាលឃុំ
សង្កាត់ និងការរៀបចំបង្កើតយន្តការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនអំពីប្រព័ន្ធគ្រប់គ្រងឃុំ
សង្កាត់តាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ។

ខ. គណៈកម្មាធិការជាតិដឹកនាំកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ (គ.ជ.វ.វ.)
ក្នុងស្ថានភាពនៃការសម្របសម្រួលកិច្ចដំណើរកំណែទម្រង់វិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ដ៏ថ្មីថ្មោង និងមិនទាន់បានបញ្ចប់ទាំងស្រុង។ ដោយសាររាជរដ្ឋាភិបាលមានតម្រូវការជាចាំបាច់ក្នុងការធ្វើសុខដុមនីយកម្មរវាងស្ថាប័ននានាដែលទទួលខុសត្រូវក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដូចជាកម្មវិធីសីលា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងឆន្ទៈនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល និងជាពិសេសផ្អែកតាមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០០៥។ នៅឆ្នាំ២០០៦ "គណៈកម្មាធិការជាតិដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ" ដែលហៅកាត់ថា គ.ជ.វ.វ. ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ សន/ករត/ ០៨០៦/៣៥៥ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៦ ដើម្បីបន្តដឹកនាំ សម្របសម្រួលកិច្ចដំណើរការកំណែទម្រង់នេះបន្តពី គ.ឃ.ស. ។
សមាសភាពរបស់ គ.ជ.វ.វ. មានលក្ខណៈប្រហាក់ប្រហែលនឹងសមាសភាពនៃ
គ.ឃ.ស. រួមមាន៖
១. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | ជាប្រធាន |
២. ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី | ជាអនុប្រធាន |
៣. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ជាអនុប្រធាន |
៤. រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ | ជាសមាជិក |
៥. រដ្ឋមន្ត្រីក្រសួងផែនការ | ជាសមាជិក |
៦. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី | ជាសមាជិក |
៧. រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ | ជាសមាជិក |
៨. រដ្ឋលេខាធិការក្រសួងមហាផ្ទៃ | ជាសមាជិកអចិន្ត្រៃយ៍ |
គ.ជ.វ.វ. មានតួនាទីបន្តដឹកនាំសម្របសម្រួលកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនៅថ្នាក់ឃុំ
សង្កាត់ និងដឹកនាំសម្របសម្រួលកិច្ចដំណើរការរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងពង្រីកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់
ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការដែលបានដាក់ចេញនាឆ្នាំ២០០៥។
