ចក្ខុវិស័យ៖ «ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយ បរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។»
គោលបំណង៖ «លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។»
គោលដៅ៖ «រៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន
និងសមធម៌សង្គម
ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។»
បេសកកម្ម៖ ក្នុងការសម្រេចគោលបំណង និងគោលដៅទាំងនេះ កជទី២បានកំណត់សមាសភាគជាយុទ្ធសាស្ត្រ សំខាន់ៗចំនួន៥ដែលត្រូវរៀបចំ និងអនុវត្ត ដូចខាងក្រោម៖
សមាសភាគទី១៖ ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់៖ យន្តការដឹកនាំ សម្របសម្រួល និងគាំទ្រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹង ដើម្បីលើកកម្ពស់ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានានៅក្នុងការរៀបចំតាក់តែង និងអនុវត្តនូវកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
សមាសភាគទី២៖ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សិទ្ធិអំណាច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកំណត់យ៉ាងច្បាស់លាស់តាមកម្រិត និងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ ដោយជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការប្រាស្រ័យទាក់ទងសាធារណៈ។
សមាសភាគទី៣៖ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើស គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់ខ្លួនផ្អែកលើទំហំការងារ និងលទ្ធភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងមានបុគ្គលិកដែលប្រកបដោយឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការជំនាញវិជ្ជាជីវៈស្របតាមតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ។
សមាសភាគទី៤៖ វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានថវិកាដែលអាចព្យាករណ៍បាន និងមានទំហំសមស្របទៅនឹងមុខងារ និងអាទិភាពគោលនយោបាយជាតិ ហើយត្រូវបានវិភាជសម្រាប់ការប្រើប្រាស់ប្រកបដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការនានា ដូចមានកំណត់នៅក្នុងផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សមាសភាគទី៥៖ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានយន្ដការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការប្រាស្រ័យទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គមតាមរយៈការអនុវត្តមុខងារជាអាណត្តិទូទៅ ឬមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
បន្ថែមលើសមាសភាគទាំង៥ កជទី២ មានកិច្ចការអន្តរវិស័យចំនួន២បន្ថែម រួមមាន៖
ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម៖ រដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើស និងគ្រប់គ្រងបុគ្គលិក រៀបចំផែនការ និងធនធាន ព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនពិការ និងឆ្លើយតបដល់ក្រុមជនងាយរងគ្រោះនានាក្នុងសង្គមប្រកបដោយបរិយាប័ន្ន និងសមធម៌។
ការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា៖ រដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងនោះ កជទី២ ត្រូវរៀបចំការអនុវត្តជា២ដំណាក់កាលគឺការរៀបចំ និងការអនុវត្តផែនការអនុវត្តរយៈពេល៥ឆ្នាំលើកទី១ (ផអ៥ទី១) ដែលត្រូវអនុវត្តពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ និងផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី២ (ផអ៥ទី២) ដែលត្រូវរៀបចំ និងអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។
ផអ៥ទី១ ត្រូវអនុវត្តតាមរយៈផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗ។ ផ្អែកលើលទ្ធផលរំពឹងទុក សកម្មភាពអាទិភាព និងសូចនាករដែលបានកំណត់ក្នុងផអ៥ទី១ គ.ជ.អ.ប. បានដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនីមួយៗ ដែលហៅថា ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប. ។ ក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនីមួយៗ របស់ គ.ជ.អ.ប. បានកំណត់នូវលទ្ធផលរំពឹងទុកតាមសមាសភាគនីមួយៗ សកម្មភាពអាទិភាព និងស្ថាប័នទទួលខុសត្រូវលើការអនុវត្តសកម្មភាពជាអាទិភាពនីមួយៗ និងសូចនាករដែលត្រូវសម្រេចទៅតាមលទ្ធផលរំពឹងទុកនីមួយៗផងដែរ។
ក្នុងក្របខណ្ឌនៃការគ្រប់គ្រងកជទី២
បានតម្រូវឱ្យមានការសិក្សាវាយតម្លៃពាក់កណ្តាលអាណត្តិនៃកជទី២ ឬការវាយតម្លៃបញ្ចប់ផអ៥ទី១
ដែលការសិក្សាវាយតម្លៃនេះ ត្រូវអនុវត្តក្នុងអំឡុងឆ្នាំទី៥នៃផអ៥ទី១ គឺក្នុងឆ្នាំ២០២៥នេះ។ ការវាយតម្លៃពាក់កណ្តាលអាណត្តិនេះមានគោលបំណងវាយតម្លៃឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព
និងកំណត់បញ្ហាប្រឈមជាគន្លឹះនានាក្នុងការអនុវត្តផអ៥ទី១ផង ហើយលទ្ធផលនៃការសិក្សាវាយតម្លៃពាក់កណ្តាលអាណត្តិនេះ
ក៏នឹងត្រូវប្រើប្រាស់សម្រាប់ការរៀបចំតាក់តែងផអ៥ទី២ផងដែរ។
ដើម្បីទាញយកឯកសារ៖ កម្មវិធីជាតិដំណាក់កាលទី២
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh