ការអង្កេតអភិបាលកិច្ចក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២) បានអនុវត្តដោយក្រុមហ៊ុន ASKL Service and Consulting Inc. ដែលបានចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការគាំទ្រពីគម្រោង“ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ”(STA)គាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ដោយធ្វើអង្កេតអភិបាលកិច្ចនេះបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។
ការអង្កេតអភិបាលកិច្ចនេះ មានបំណងបង្កើតសន្ទស្សន៍ជាយុទ្ធសាស្ត្រចំនួនពីរគឺ
(១). សន្ទស្សន៍ផ្នែកអភិបាលកិច្ច និង(២). សន្ទស្សន៍ផ្នែកសេវា ដើម្បីធ្វើជាទិន្នន័យដើមគ្រាសម្រាប់វាស់វែងកម្រិតនៃការសម្រេចបានគោលដៅ
និងគោលបំណងនៃកជទី២។
សន្ទស្សន៍ជាយុទ្ធសាស្ត្រទាំងពីរនេះ បានបង្កើតឡើងពីសន្ទស្សន៍រងចំនួនប្រាំដូចខាងក្រោម៖
១. សន្ទស្សន៍រង៖ ការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
២. សន្ទស្សន៍រង៖ ការឆ្លើយតប
៣. សន្ទស្សន៍រង៖ តម្លាភាព
៤. សន្ទស្សន៍រង៖ គណនេយ្យភាព
៥. សន្ទស្សន៍រង៖ ការចូលរួមរបស់ប្រជាពលរដ្ឋ។
សំណុំសូចនាករដែលបានកំណត់សម្រាប់បង្កើតសន្ទស្សន៍រងនីមួយៗត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំបង្កើតបញ្ជីសំណួរសម្រាប់សម្ភាសន៍ជាមួយក្រុមអ្នកផ្តល់ព័ត៌មានចំនួន៥ប្រភេទផ្សេងៗគ្នា
រួមមាន (១). ប្រជាពលរដ្ឋ (២). ថ្នាក់ដឹកនាំភូមិ (៣). ក្រុមប្រឹក្សាឃុំ
សង្កាត់ (៤). ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីក្រុង ស្រុក ខណ្ឌ និង(៥).
ក្រុមប្រឹក្សានិងគណៈអភិបាលរាជធានី ខេត្ត។
ការអង្កេតអភិបាលកិច្ចនេះបានធ្វើឡើងនៅ២៥រាជធានី ខេត្ត តំណាងឱ្យតំបន់ទីប្រជុំជន តំបន់ជនបទ និងតំបន់ភូមិសាស្ត្រផ្សេងគ្នាក្នុងប្រទេសកម្ពុជាដែលបានបែងចែកជាតំបន់ទំនាប តំបន់ទន្លេសាប តំបន់ខ្ពង់រាប និងតំបន់ឆ្នេរ និងរាជធានីភ្នំពេញ ជាដើម។ ក្នុងនោះ ក្រុងចំនួន២៤ ស្រុកចំនួន៧២ ខណ្ឌចំនួន៦ និងឃុំ សង្កាត់ចំនួន២នៃក្រុង ស្រុក ខណ្ឌនីមួយៗ និងភូមិចំនួន២នៃឃុំ សង្កាត់នីមួយៗក៏បានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើអង្កេតអភិបាលកិច្ចនេះ ព្រមទាំងប្រជាពលរដ្ឋចំនួន៥គ្រួសារ(បុរស ឬស្ត្រី ដើម្បីធានាតុល្យភាពយេនឌ័រ)ក្នុងភូមិនីមួយៗត្រូវបានជ្រើសរើសសម្រាប់ការជួបសម្ភាស។ សំណាកសរុបដែលបានសម្ភាសន៍ក្នុងដំណើរការអង្កេតអភិបាលកិច្ចនេះមានចំនួន៣.៩០៨នាក់ ក្នុងនោះសំណាកដែលជាប្រជាពលរដ្ឋមានចំនួន១.៩១៨នាក់ និងសំណាកដែលសមាជិកក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួន១.៩៩០នាក់។
ចំពោះចម្លើយនីមួយៗត្រូវបានបំលែងទៅជាពិន្ទុមានតម្លៃពី 0 (សូន្យ) ទៅ ១ (មួយ) សម្រាប់ការគណនាសន្ទស្សន៍នីមួយៗ។ ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបកស្រាយតម្លៃសន្ទស្សន៍ និងសន្ទស្សន៍រងនីមួយៗ ការផ្តល់ចំណាត់ថ្នាក់ ឬការផ្តល់មូលវាចារលើតម្លៃសន្ទស្សន៍ និងសន្ទស្សន៍រងនីមួយៗក៏បានកំណត់ជា៥ចំណាត់ថ្នាក់គឺ “ខ្សោយ” “មធ្យម” “បង្គួរ” “ខ្លាំង ឬល្អ” និង “ខ្លាំងណាស់ ឬល្អណាស់” ។ ផ្អែកតាមលក្ខខណ្ឌ និងរូបមន្តដែលបានកំណត់ ការគណនាតម្លៃសន្ទស្សន៍ និងសន្ទស្សន៍រង ការអង្កេតអភិបាលកិច្ចនេះទទួលបានលទ្ធផលដូចខាងក្រោម៖
តម្លៃសន្ទស្សន៍ជាយុទ្ធសាស្ត្រ៖
- សន្ទស្សន៍ផ្នែកអភិបាលកិច្ច
= ០,៦៤ គឺមានចំណាត់ថ្នាក់បង្គួរ
- សន្ទស្សន៍ផ្នែកសេវា
= 0,៦៩ គឺមានចំណាក់ថ្នាក់បង្គួរ។
តម្លៃសន្ទស្សន៍រង៖
- ការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ = ០,៦៧ មានចំណាត់ថ្នាក់បង្គួរ
- ការឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ =
០,៧៤ មានចំណាត់ថ្នាក់ល្អ
- តម្លាភាពមានតម្លៃ = ០,៦២ មានចំណាត់បង្គរ
- គណនេយ្យភាព
= ០,៥៤ មានចំណាត់ថ្នាក់មធ្យម
- ការចូលរួមរបស់ប្រជាពលរដ្ឋ = ០,៥៨ មានចំណាត់ថ្នាក់មធ្យម។
ជាការកត់សម្គាល់៖ តម្លៃនៃសន្ទស្សន៍នីមួយៗមានភាពខុសគ្នាតិចតួចរវាងតម្លៃសន្ទស្សន៍នៅតាមតំបន់ទីប្រជុំជន និងតំបន់ជនបទ និងរវាងតម្លៃសន្ទស្សន៍ក្រុមអ្នកផ្តល់ព័ត៌មានជាបុរស និងស្ត្រី។
ជារួម តម្លៃសន្ទស្សន៍ដែលបានបង្កើតឡើងនេះគឺជាតម្លៃសន្ទស្សន៍ដើមគ្រា និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធ្វើជាមូលដ្ឋានក្នុងវាស់វែងការផ្លាស់ប្តូរ ឬការប្រែប្រួលតម្លៃសន្ទស្សន៍ទាំងនេះ នៅពេលការធ្វើអង្កេតអភិបាលកិច្ចនាពេល៣ឆ្នាំបន្ទាប់ និងឬការបញ្ចប់ការអនុវត្ត កជទី២ ។
ដើម្បីទាញយកឯកសារ៖ របាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតអភិបាលកិច្ចនៃកជទី២
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh