សាវតារលេខាធិការដ្ឋាន គ.ជ.អ.ប.

ក្នុងកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការមួយត្រូវបានរៀបចំបង្កើតឡើង និងវិវត្តន៍ទៅតាមដំណាក់កាលនីមួយៗរួមមាន៖ ១). គណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ (គ.ឃ.ស.) ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ២). គណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.វ.វ.) ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ និង៣). គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ចាប់ពីឆ្នាំ២០០៨ ដល់ពេលបច្ចុប្បន្ន។


ដើម្បីធានាឱ្យការបំពេញបេសកកម្ម តួនាទី ភារកិច្ច ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយប្រសិទ្ធភាព លេខាធិការដ្ឋានមូយត្រូវបានរៀបចំបង្កើតឡើងដើម្បីធ្វើជាសេនាធិការឱ្យគណៈកម្មាធិការទាំងនេះ។


លេខាធិការដ្ឋាននេះ ត្រូវបានវិវត្តន៍ខ្លួនទៅតាមដំណាក់កាលនីមួយៗ និងមានសាវតារដូចខាងក្រោម៖

ក). លេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំទ្រឃុំ សង្កាត់ (គ.ឃ.ស.)

យោងតាមព្រះរាជ្យក្រឹត្យលេខ នស/រកត/០៥០១/១៧៥ ចុះថ្ងៃទី១៨ ខៃឧសភា ឆ្នាំ២០០១ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគាំទ្រឃុំ សង្កាត់ (គ.ឃ.ស.) លេខាធិការដ្ឋានរបស់ គ.ឃ.ស. ត្រូវបង្កើតឡើងដើម្បីធ្វើជាសេនាធិការរបស់ខ្លួន ដោយជ្រើសរើសអង្គភាពចំណុះឱ្យក្រសួងមហាផ្ទៃ ទទួលបន្ទុកការងាររដ្ឋបាលមូលដ្ឋាន និងមានទីស្នាក់ការបំពេញការងារនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបានជ្រើសរើសជាលេខាធិការដ្ឋាន គ.ឃ.ស. ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ដើម្បីអនុវត្ត និងសម្របសម្រួលការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការរៀបចំនិងអនុវត្តគោលនយោបាយវិមជ្ឈការ ស្របទៅតាមបេសកកម្មរបស់ គ.ឃ.ស.។



ខ). លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.វ.វ.)

យោងតាមព្រះរាជក្រឹត្យលេខ សន/ករត/ ០៨០៦/៣៥៥ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.វ.វ.) និងផ្អែកតាមការវិវត្តន៍ ព្រមទាំងបន្តអនុវត្ត សម្របសម្រួលកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះបន្តពីលេខាធិការដ្ឋាន គ.ឃ.ស. លេខាធិការដ្ឋាន គ.ជ.វ.វ. ត្រូវបានរៀបចំបង្កើតឡើងដោយជ្រើសរើសអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដើម្បីបំពេញរាល់កិច្ចការចាំបាច់ សម្រាប់ធានាការបំពេញមុខងាររបស់ គ.ជ.វ.វ និងក្រុមការងារឱ្យបានសមស្រប ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។



គ). លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

ផ្អែកតាម​ព្រះ​រាជក្រឹត្យ​លេខ នស/រកត/១២០៨/១៤២៩​ ចុះ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ២០០៨ ស្តីពីការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបានរៀបចំបង្កើតឡើងចាប់ពីឆ្នាំ២០០៩ រហូតដល់ពេលបច្ចុប្បន្ន ដើម្បីបំពេញរាល់កិច្ចការចាំបាច់នានា ក្នុងការធានាឱ្យ គ.ជ.អ.ប. បំពេញមុខងាររបស់ខ្លួនបានសមស្រប និងមានប្រសិទ្ធភាព ព្រមទាំងជួយជាជំនួយការបច្ចេកទេស និងលេខាធិការដល់អនុគណៈកម្មាធិការនីមួយៗ របស់ គ.ជ.អ.ប.។



icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP