កម្មវិធីជាតិដំណាក់កាលទី១

Banner

កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់កាល​ទី១ ​ (កជទី១)​ ពីឆ្នាំ២០១០​ ដល់​ឆ្នាំ២០១៩​ ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០១០​។​ កជទី១​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នៅ​ថ្ងៃទី២២ ​ ខែមិថុនា​ ឆ្នាំ២០១០​ ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។


កជទី១​ ត្រូវ​បាន​រៀបចំ​តាក់​តែង​ឡើង​ជា​របៀប​វារៈ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​រយៈពេល​១០ឆ្នាំ​ ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិបតេយ្យ​ដ៏​ទូលំទូលាយ​ និង​ស៊ី​ជម្រៅ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហើយ​កំណែ​ទម្រង់​នេះ​ក៏​មាន​ផល​ប៉ះពាល់​ មក​លើ​ស្ថាប័ន​នានា​នៅ​ថ្នាក់​ជាតិ​ផង​ដែរ​។​ ម៉្យាង​ទៀត​ការរៀបចំ​ឱ្យ​មាន​កម្មវិធីជាតិ​នេះ​ ក៏​ជា​ការបញ្ជាក់​អះអាង​ឡើង​វិញ​នូវ​ការប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ចក្ខុវិស័យ ​នយោបាយ ​ និង​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់​រួច​មក​ហើយ​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ស្តីពី​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ និង​ការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​រៀបចំ​អង្គការ​សម្រាប់​រដ្ឋបាល​រាជធានី ​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់​។


ទន្ទឹមនេះ​ កម្មវិធី​ជាតិ​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិបទ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពង្រឹង​តួនាទី ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់​ សំដៅ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ ការលើក​ស្ទួយ​ការអភិវឌ្ឍ ​និង​ការកាត់​បន្ថយ​ភាពក្រីក្រ​បន្ថែម​ទៀត​។ ​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​នេះ​ ចាំ​បាច់​ត្រូវ​រៀបចំ​ឱ្យ​មាន​ការសហការ​ដ៏​មាន​ប្រសិទ្ធភាព​រវាង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ថ្នាក់ជាតិ ​ និង​ថ្នាក់​ក្រោម​ជាតិ​។ ​ដំណើរការ​នេះ ​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​ឱកាស​ស្មើគ្នា​ ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ និង​លើក​កម្ពស់​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព​ ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យភាព​ បរិយាបន្ន​ និង​សមធម៌​សង្គម​ ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ និង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​។


កម្មវិធី​ជាតិ​នេះ​ បាន​កំណត់​នូវ​គោលដៅ​ គោលបំណង​ វិសាលភាព​នៃ​ក្របខណ្ឌ​អនុវត្ត​កម្មវិធីជាតិ​ ដោយ​បែងចែក​ជា​ដំណាក់កាល​អនុវត្ត​ និង​សកម្មភាព​សំខាន់ៗ​សម្រាប់​អនុវត្ត​តាម​សមាសធាតុ​នីមួយៗ​ដូច​ដែល​បាន​កំណត់​ក្នុង​ឯកសារ​កម្មវិធី​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នៃ​ការអភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។


គោលដៅ​៖ ដើម្បី​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​ដោយ​មាន​ការចូលរួម ​ និង​សមធម៌​ លើក​កម្ពស់​បរិមាណ​ គុណភាព​ និង​ការទទួល​បាន​សេវា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ​ និង​រួម​ចំណែក​ការកាត់​បន្ថយ​ភាពក្រីក្រ​។

 

គោលបំណង​៖ ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់​រាជធានី ​ខេត្ដ​ ក្រុង​ ស្រុក​ ខណ្ឌ ​និង​ឃុំ ​សង្កាត់​ ផ្អែក​តាម​គោលការណ៍​នៃ​ការចូលរួម​តាមបែប​ប្រជាធិបតេយ្យ ដែល​ធានា​ដល់​ការអនុវត្ដ​ប្រកបដោយ​តម្លាភាព ​និង​គណនេយ្យភាព​ សំដៅ​លើក​កម្ពស់​ការអភិវឌ្ឍ​មូលដ្ឋាន និង​ការផ្ដល់​សេវា​សាធារណៈ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រជាពលរដ្ឋ ​និង​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​តាម​មូលដ្ឋាន​នីមួយៗ​។


​កម្មវិធី​ជាតិ​បាន​កំណត់​នូវ​សមាសធាតុ​កម្មវិធី​ចំនួន​៥​ រួមមាន​៖ 

1. ការរៀបចំស្ថាប័នថ្នាក់ក្រោមជាតិ៖ បង្កើតស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការរៀបចំនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍នៃការចូលរូមតាមបែបប្រជាធិបតេយ្យ ដែលមាននីតិវិធីប្រតិបត្តិការ របៀបរបបគ្រប់គ្រងជាប្រព័ន្ធមួយដែលឆ្លើយតបនឹងខ្សែគណនេយ្យភាពថ្មីសម្រាប់ធានាឱ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាព សំដៅធ្វើឱ្យរដ្ឋបាលថ្នាក់ក្រមជាតិអាចផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

2. ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស៖ រៀបចំឱ្យមានមន្រ្តីរាជការស៊ីវិលប្រកបដោយវិជ្ជាជីវៈ និងមានឆន្ទៈមោះមុតក្នុងការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគ្រប់គ្រងដោយក្រុមប្រឹក្សា។

3. ការផ្ទេរមុខងារ៖ លើកកម្ពស់បរិមាណ និងគុណភាពសេវាសាធារណៈតាមរយៈការផ្ទេរមុខងារឱ្យទៅរដ្ឋបាលថ្នាក់ជាតិ ដោយភ្ជាប់ជាមួយនូវការទទួលខុសត្រូវ សិទ្ធិអំណាច និងធនធានដែលពាក់ព័ន្ធនឹងការអនុវត្តមុខងារទាំងនោះ។

4. ប្រព័ន្ធគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៖ បង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពកៀរគរ និងទទួលបានធនធានគ្រប់គ្រាន់ ព្រមទាំងមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងបែងចែកធនធានទាំងនោះប្រកបដោយតម្លាភាព និងគណនេយ្យភាព។

5. ស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ ពង្រឹងស្ថាប័នថ្នាក់ជាតិនានាសម្រាប់ដឹកនាំការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កជទី១ ​បាន​បែងចែក​ផែនការ​អនុវត្ត​ជា​៣​ដំណាក់កាល​៖

  • ផែន​ការអនុវត្ត​រយៈពេល​៣ឆ្នាំ​ដំណាក់កាលទី១​ ហៅ​កាត់​ថា ​(ផអ៣ទី១)​ ២០១១​-​២០១៤​ ៖ ​ការអភិវឌ្ឍ​គោល​នយោបាយ​ ការរៀបចំ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ ប្រព័ន្ធ​ និង​នីតិវិធី​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។
  • ផែន​ការអនុវត្ត​រយៈពេល​៣ឆ្នាំ​ ដំណាក់កាល​ទី២​ ហៅ​កាត់​ថា ​(ផអ៣ទី២)​ ២០១៥​-​២០១៧​ ៖​ ការផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ ដើម្បី​កែ​លម្អ​គុណភាព​សេវា​ និង​ការអភិវឌ្ឍ​មូលដ្ឋាន​។
  • ផែនការ​អនុវត្ត​រយៈពេល​៣ឆ្នាំ​ដំណាក់កាល​ទី៣​ ហៅ​កាត់​ថា ​(ផអ៣ទី៣)​២០១៨​-​២០២០​ ៖ ​ការបន្ត​ជំរុញ​ និង​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​ និង​ស្វ័យភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការផ្តល់​សេវា​ និង​ការអភិវឌ្ឍ​មូលដ្ឋាន​។

 


ដើម្បីទាញយកឯកសារ៖ កម្មវិធីជាតិដំណាក់កាលទី១

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP