ផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ២០១៥-២០១៧ ត្រូវបានអនុម័តដោយ គ.ជ.អ.ប. នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ផ្ដោតជាសំខាន់ទៅលើរដ្ឋបាលក្រុង ស្រុក និងមានការពាក់ព័ន្ធជាមួយនឹងថ្នាក់រដ្ឋបាលផ្សេងៗទៀតនៃរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដើម្បីលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការធានាសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្ដែងនានា ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ ដោយផ្អែកលើមូលដ្ឋានគ្រឹះ ប្រព័ន្ធ និងនីតិវិធីនានាដែលបានដាក់ឱ្យប្រើប្រាស់ក្នុងផអ៣ទី១។
ផអ៣ទី២ បែងចែកជាសមិទ្ធផលចំនួន៥ ហើយសមិទ្ធផលនីមួយៗរួមមានលទ្ធផលរំពឹងទុក និងយុទ្ធសាស្ត្រដែលត្រូវអនុវត្តដោយស្ថាប័នពាក់ព័ន្ធនានា។ ស្ថាប័នអនុវត្តសំខាន់ៗរួមមាន ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងកិច្ចការនារី លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួង ស្ថាប័ននានាដែលពាក់ព័ន្ធនឹងការផ្ទេរមុខងារ រដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋាននៃសមាគមជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលនានា។
សមិទ្ធផលទាំង៥ រួមមាន
៖
១. ការគ្រប់គ្រងការងារកំណែ៖ ការលើកកម្ពស់ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សំដៅឈានឆ្ពោះទៅរកការគ្រប់គ្រងដែលធានាឱ្យមានការផ្លាស់ប្តូរ។
២. គណនេយ្យភាពបែបប្រជាធិបតេយ្យ៖ រដ្ឋបាលថ្នាក់ក្រោមជាតិបំពេញមុខងារជាស្ថាប័នប្រជាធិបតេយ្យនៅមូលដ្ឋាន ដែលមានស្វ័យភាព និងមានគណនេយ្យភាព ដោយគណៈអភិបាលត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគោរពតាមក្របខណ្ឌច្បាប់ និងស្តង់ដារនានារបស់ជាតិ។
៣. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស៖ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស របស់ ខ្លួនប្រកបដោយស្វ័យភាព និងប្រសិទ្ធភាព ដើម្បីសម្រេចបាននូវ អាណត្តិ និងអាទិភាពនានាក្នុងការផ្តល់សេវា និងការអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួន។
៤. ការផ្ទេរមុខងារ និងធនធាន៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទួលបាននូវសេវា និងការអភិវឌ្ឍមូលដ្ឋានហើយការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានសំខាន់ៗនានានឹងត្រូវបានអនុវត្តដោយថ្នាក់រដ្ឋបាលដែលមានលក្ខណៈសមស្រប និងនៅកៀក ជិតបំផុតនឹងប្រជាពលរដ្ឋ។
៥. វិមជ្ឈការហិរញ្ញវត្ថុ៖ ធនធានហិរញ្ញវត្ថុត្រូវបានគ្រោងរៀបចំ និងចាត់ចែងបានយ៉ាងល្អប្រសើរ ព្រមទាំងមានចំនួនសមស្របសម្រាប់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តនូវអាណត្តិរបស់ខ្លួន។
ដើម្បីទាញយកឯកសារ៖
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh