វិធីសាស្ត្រដែលបានប្រើប្រាស់ក្នុងការវាយតម្លៃ កជទី១ គឺការសិក្សាលើឯកសារពាក់ព័ន្ធ ការប្រមូល ការវិភាគទិន្នន័យដែលមានស្រាប់នៅក្នុងប្រព័ន្ធទិន្នន័យ ការពិភាក្សា សម្ភាសន៍ជាមួយក្រុមអ្នកផ្តល់ព័ត៌មាន ដែលជាមន្ត្រីនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ក្រុមប្រឹក្សា និងមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាដែលមានចំនួនសរុប១.៤២៥នាក់ ក្នុងនោះស្ត្រីចំនួន៤៣០នាក់ ស្មើនឹង៣០% ដែលមានរបកគំហើញសំខាន់ៗ ដូចខាងក្រោម៖
សមាសធាតុកម្មវិធីទី១៖ អំពីការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
ផ្អែកតាមការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន១.១២៧នាក់ ក្នុងនោះ៩០៣នាក់ ស្មើនឹង៨០% យល់ឃើញថាបើប្រៀបធៀបទៅនឹងមុនពេលធ្វើកំណែទម្រង់ រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលបច្ចុប្បន្នមានលក្ខណៈសមស្រប និងអាចធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពល្អ និងល្អប្រសើរ និងចំនួន២១៤នាក់ (២០%) យល់ឃើញថាមានប្រសិទ្ធភាពក្នុងកម្រិតមធ្យម និងទាប។ ទន្ទឹមគ្នានេះ ផ្អែកតាមការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធ១.៤២៥នាក់ ក្នុងនោះ៩៧៦នាក់ស្មើនឹង៦៨% យល់ថាស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានរៀបចំឡើងវិញនេះបានលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យក្នុងកម្រិតល្អ និងល្អប្រសើរ និងចំនួន៤៣២នាក់ (៣០%) យល់ថាលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យក្នុងកម្រិតទាប និងមធ្យម។ ក្នុងនោះ បញ្ហាប្រឈមជាគន្លឹះត្រូវបានរកឃើញ ដូចជារចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅមិនទាន់មានលក្ខណៈសមស្របពេញលេញតាមចរិតលក្ខណៈផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ (លក្ខណៈជាទីក្រុងធំៗ ទីប្រជុំជន និងតំបន់ជនបទ ភូមិសាស្រ្ត ប្រជាសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ច) និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្តនៅពុំទាន់ឆ្លើយតបទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដូចរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលក្រុង ស្រុកនៅឡើយ។
សមាសធាតុកម្មវិធីទី២៖ អំពីប្រព័ន្ធគ្រប់គ្រង
និងអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធ១.៤២៥នាក់
ក្នុងនោះ១.០៤៨នាក់ស្មើនឹង៧៣% យល់ថា បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិបានផ្លាស់ប្តូរឥរិយាបថបានល្អ
និងល្អប្រសើរ។ ប្រជាពលជាច្រើនដែលក្រុមការងារវាយតម្លៃបានជួបសម្ភាសន៍បានសម្តែងការពេញចិត្តចំពោះការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ដោយបានលើកឡើងថា បុគ្គលិកផ្តល់សេវានៅតាមយន្តការច្រកចេញចូលតែមួយមានភាពរាក់ទាក់
បានផ្តល់ព័ត៌មាន និងយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលមកទទួលសេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទោះបីមានបុគ្គលិកជាច្រើនត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ
ក៏រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុកបានលើកឡើងអំពីបញ្ហាប្រឈមនៃការខ្វះទាំងចំនួនបុគ្គលិក
និងទាំងសមត្ថភាពជំនាញសម្រាប់អនុវត្តមុខងារតាមវិស័យនានាដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង
ស្រុក។ ភាពយឺតយ៉ាវនៃការរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏ជាបញ្ហាប្រឈមជាគន្លឹះមួយក្នុងការជំរុញ
និងលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់បុគ្គលិករដ្ឋបាល
ថ្នាក់ក្រោមជាតិ។
សមាសធាតុកម្មវិធីទី៣៖ អំពីការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
ការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធសរុបចំនួន១,៤២៣នាក់ ក្នុងនោះ១.០៧៧នាក់ស្មើនឹង៧៥% យល់ថាមុខងារ សិទ្ធិអំណាច និងការទទួលខុសត្រូវដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានកម្រិតច្រើនសមស្របសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទោះបី មុខងារជាច្រើនត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ ភាពយឺតយ៉ាវនៃការផ្ទេរធនធានហិរញ្ញវត្ថុ និងការរៀបចំសេចក្តីណែនាំបច្ចេកទេសស្តីពីគោលការណ៍ នីតិវិធី និងស្តង់ដាសេវាសម្រាប់ការអនុវត្តមុខងារតាមវិស័យមួយចំនួនដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាឧបសគ្គចម្បងមួយដែលធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជួបការលំបាកក្នុងការផ្តួចផ្តើមការដឹកនាំ គ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារតាមវិស័យទាំងនោះប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។
សមាសធាតុកម្មវិធីទី៤៖ អំពីវិមជ្ឈការហិរញ្ញវត្ថុ
ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធកសាងផែនការ
ការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន១.៤២៥នាក់ ក្នុងនោះ១.០០៣នាក់ ស្មើនឹង៧០% យល់ ឃើញថាការគ្រប់គ្រងនិងការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងកម្រិតល្អ។ ការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិផ្អែកតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមពីប្រជាពលរដ្ឋ ក៏ជាសមិទ្ធផលដ៏សំខាន់មួយក្នុងអំឡុងពេលនៃកជទី១។ ផ្អែកតាមប្រព័ន្ធកសាងផែនការនេះបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានមូលដ្ឋានរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខ្លួនដោយពុំទាន់មានរដ្ឋបាលថ្នាក់ក្រោមជាតិណាមួយត្រូវបានរកឃើញពុំមានផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគឡើយ។ ការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន១.៤២៥នាក់ អ្នកដែលយល់ឃើញថាប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបានបង្កលក្ខណៈឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការលើកឡើងបញ្ហាប្រឈម និងតម្រូវការនានារបស់ខ្លួនបានល្អ និងល្អប្រសើរមានចំនួន៧៥៤នាក់ ឬស្មើនឹង៧២%។ ទោះបីជាធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានការកើនឡើងក៏ដោយ ប៉ុន្តែរដ្ឋបាលថ្នាក់ក្រោមជាតិនៅពុំទាន់មានធនធានសមស្របសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួនឱ្យបានពេញលេញនៅឡើយ។ ជាមួយគ្នានេះដែរ ទោះបីក្នុងប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបានតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក៏ដោយ ក៏ការអនុវត្តជាក់ស្តែងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនទទួលស្គាល់ថាមានការលំបាកក្នុងការជំរុញប្រជាពលរដ្ឋឱ្យមកចូលរួមក្នុងកិច្ចដំណើរការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
សមាសធាតុកម្មវិធីទី៥៖ អំពីស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ
ការខិតខំពង្រឹង និងលើកកម្ពស់ភាពម្ចាស់របស់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពនានានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានមើលឃើញថា ជាសមិទ្ធផលចម្បងមួយនៅក្នុងអំឡុងពេលនៃការអនុវត្ត កជទី១។ ការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធ១.៤០៦នាក់ ក្នុងនោះ ១.០៣៣នាក់ ស្មើនឹង៧៣% យល់ថា យន្តការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលបានបង្កើត និងដំណើរការក្នុងអំឡុងពេលនៃ កជទី១ មានប្រសិទ្ធភាពល្អ។
ជារួម ការអនុវត្ត កជទី១ ពិតជាបានរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យដំណើរការតាមប្រព័ន្ធអភិបាលកិច្ចស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
ដោយបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានតួនាទី ការទទួលខុសត្រូវច្បាស់លាស់
ព្រមទាំងមានមុខងារ និងធនធានក្នុងកម្រិតសមស្របមួយសម្រាប់ការផ្តល់សេវាសាធារណៈ
និងការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ដើម្បីទាញយកឯកសារ៖ របាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាកើក្រោមជាតិដំណាក់កាលទី១ ២០១០-២០២០
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh