ផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី១
ហៅកាត់ថា “ផអ៥ទី១” គឺជាផែនការអនុវត្តសម្រាប់រយៈពេល៥ឆ្នាំ
(២០២១-២០២៥) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២
(២០២១-២០៣០) ដែលទទួលបានការឯកភាព
និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
សមាសភាគទី១៖ ការដឹកនាំ
និងការសម្របសម្រួលការងារកំណែទម្រង់
យន្តការដឹកនាំ សម្របសម្រួល និងគាំទ្រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹងដើម្បីលើកកម្ពស់ភាពជាម្ចាស់
និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានានៅក្នុងការរៀបចំតាក់តែង និងអនុវត្តនូវកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព។
សមាសភាគទី២៖ រចនាសម្ព័ន្ធ
និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សិទ្ធិអំណាច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកំណត់យ៉ាងច្បាស់លាស់តាមកម្រិត
និងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ
រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ ដោយជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងការប្រាស្រ័យទាក់ទងសាធារណៈ។
សមាសភាគទី៣៖ ការគ្រប់គ្រង
និងការអភិវឌ្ឍធនធានមនុស្ស
រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើសគ្រប់គ្រង ចាត់ចែង
និងប្រើប្រាស់បុគ្គលិករបស់ខ្លួនផ្អែកលើទំហំការងារ និងលទ្ធភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ
និងមានបុគ្គលិកដែលប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការជំនាញវិជ្ជជីវៈស្របតាមតួនាទី
ការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងទទួលបានការអភិវឌ្ឍសមត្ថភាពនិងជំនាញវិជ្ជាជីវៈជាប្រចាំ។
សមាសភាគទី៤៖ វិមជ្ឈការហិរញ្ញវត្ថុ
និងប្រព័ន្ធផែនការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានថវិកាដែលអាចព្យាករណ៍បាន
និងមានទំហំសមស្របទៅនឹងមុខងារ និងអាទិភាពគោលនយោបាយជាតិហើយត្រូវបានវិភាជសម្រាប់ការប្រើប្រាស់ប្រកបដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការនានាដូចមានកំណត់នៅក្នុងផែនការអភិវឌ្ឈ
កម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្ត្រថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សមាសភាគទី៥៖ ការផ្តល់សេវាសាធារណៈ
និងការអភិវឌ្ឍមូលដ្ឋាន
រដ្ឋបាលថ្នាក់ក្រោមជាតិមានយន្តការ នីតិវិធី និងស្តង់ដាសម្រាប់ការផ្ដល់សេវាសាធារណៈ
ការអភិវឌ្ឈមូលដ្ឋាន និងការប្រាស្រ័យទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព
តម្លាភាពគណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គមតាមរយៈការអនុវត្តមុខងារជាអាណត្តិទូទៅ
ឬមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ចដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh