គម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អ៉ីយូដា)

សាវតា

គម្រោងសហភាពអឺរ៉ុបសម្រាប់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អ៉ីយូដា) គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) និងមានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងភ្នាក់ងារជំនាញនៅក្នុងស្រុក ក្រុងដៃគូ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយការឆ្លើយតប ការសម្របសម្រួល និងគណនេយ្យភាព ដោយផ្តោតទៅលើការលើកម្ពស់ការផ្តល់សេវាដែលត្រូវបានជ្រើសរើសមួយចំនួន។

គម្រោងនេះត្រូវបានផ្តល់ថវិកាដោយក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) និងសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់រយៈពេលចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៨ ។ គម្រោងនេះត្រូវបានអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ ដៃគូរបស់គម្រោង រួមមាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ស្រុក ក្រុងទាំងអស់ក្នុងខេត្តបាត់ដំបង និងស្រុកមួយចំនួននៅខេត្តកណ្តាល។ ក្រសួងមុខងារសាធារណៈ (MCS) ក៏ជាដៃគូរបស់កម្មវិធីកំណែទម្រង់ និងវិមជ្ឈការដែរ ដោយផ្តោត​លើសមាសភាគដែលផ្តល់មូលនិធិដោយ BMZ។

គម្រោងអ៉ីយូដា ជាគម្រោងបន្តពីគម្រោងសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ (EU SPACE) នៃកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការមុន ដែលអនុវត្តចាប់ពី ឆ្នាំ២០១១ និង ឆ្នាំ២០១៦។ ដោយមានការសហការពីគម្រោងទាំងនេះ ភ្នាក់ងាររដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល មានការយល់ដឹងស៊ីជម្រៅអំពីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការតាមបែបលទ្ធិប្រជាធិបតេយ្យ ហើយគណនេយ្យភាពក្នុងប្រជាធិបតេយ្យត្រូវបានពង្រឹង។

វិធីសាស្ត្រ និងលទ្ធផល

នៅថ្នាក់ជាតិ កម្មវិធី DAR ធ្វើការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមុខងារសាធារណៈ និងក្រសួងវិស័យមួយចំនួន ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ។ នៅថ្នាក់ក្រោមជាតិ អ៉ីយូដា ផ្តល់ជំនួយផ្នែកបច្ចេកទេសដល់ស្រុក និងក្រុងដៃគូ ក្នុងខេត្តបាត់ដំបង និងខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។ តាមរយៈការអភិវឌ្ឍសមត្ថភាព អ៉ីយូដា សហការជាមួយភ្នាក់ងាររដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីសាកល្បងនិងអនុវត្តយន្តការនានាដែលធានានូវការផ្តល់សេវាប្រកបដោយការឆ្លើយតប និងការទទួលខុសត្រូវ។

ការិយាល័យច្រកចេញចូលតែមួយ ត្រូវបានពង្រីកនៅថ្នាក់ស្រុក ហើយអំណាចនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សា និងរដ្ឋបាលកំពុងត្រូវបាន​ពង្រឹង។ លើសពីនេះទៅទៀតលេខាធិការដ្ឋាន​ គ.ជ.អ.ប ក្រសួងមុខងារ​សាធារណៈ និងក្រសួងវិស័យមួយចំនួន ត្រូវបានគាំទ្រក្នុងការបង្កើត និង​ផ្សព្វផ្សាយស្តង់ដារសេវាកម្មអប្បរមា និងណែនាំអំពីយន្តការនៃការផ្តល់​ព័ត៌មានត្រលប់ទាក់ទង​នឹង​សេវាកម្មសាធារណៈ។

កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ភ្នាក់ងារជំនាញ និងក្រសួងវិស័យ ក៏កំពុងត្រូវបានពង្រីកផងដែរ។ ក្រុមប្រឹក្សា និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងភ្នាក់ងារជំនាញ ត្រូវបានគាំទ្រក្នុងការគ្រប់គ្រងមន្ត្រីដែលផ្តល់សេវា ដោយផ្អែកលើការអនុវត្តការងារ។ ឧបករណ៍ក្នុងការគ្រប់គ្រងធនធានមនុស្សថ្មីដូចជា ការពិពណ៌នាមុខតំណែងនិងការវាយតម្លៃគុណផល​ ត្រូវបានរៀបចំឡើង។

លើសពីនេះទៅទៀត អ៉ីយូដា ផ្តោតលើកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល និងអប់រំ ពីក្រសួងវិស័យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានគាំទ្រដើម្បីអាចទទួលយកការទទួលខុសត្រូវថ្មីក្នុងការអនុវត្តមុខងារដែលបានផ្ទេរនេះ។ លើសពីនេះទៀត ក្រុមប្រឹក្សាត្រូវបានគាំទ្រនិងពង្រឹងសមត្ថភាពក្នុងការអនុវត្ត “សិទ្ធិក្នុងការផ្តួចផ្តើមគំនិត” ដែលជាផ្នែកមួយនៃអាណត្តិទូទៅរបស់ពួកគាត់។

ការសាកល្បងគោលនយោបាយ ការរៀនសូត្រ និងការចែករំលែក ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តល្អនិងជំរុញដំណើរការទៅមុខនៃវិមជ្ឈការ។ ដោយការគ្រប់គ្រងមូលនិធិផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ដោយអ៉ីយូដា (ការផ្តល់ឧបត្ថម្ភធនមូលដ្ឋាន) អាជ្ញាធរថ្នាក់ក្រោមជាតិ នឹងពង្រឹងតួនាទីរបស់ខ្លួនក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។ ដូច្នេះ កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសាធារណៈទៅជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យឆ្លើយតបទៅនឹងតំរូវការជាក់ស្តែងរបស់ប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អោយទាន់ពេលវេលា និងមានប្រសិទ្ធភាព។

យើងរំពឹងទុកថា គម្រោង អ៉ីយូដា នឹងជួយបង្កើនចំនួនសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាទាក់ទងនឹងការផ្តល់សេវាសាធារណៈ ​ដែលឆ្លើយតបទៅនឹងតម្រូវការដែលបានលើកឡើងដោយប្រជាពលរដ្ឋ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា ព្រមទាំង​បង្កើនការផ្តល់សេវារដ្ឋបាល និងសេវាសង្គមផងដែរ។ ការគ្រប់គ្រងធនធានមនុស្សដោយផ្អែកលើការអនុវត្តការងារ នឹងកសាងសមត្ថភាពបុគ្គលិកដែលផ្តល់សេវាទាំងនេះ។ លើសពីនេះទៅទៀត គម្រោង អ៊ីយូដា រំពឹងថាស្ថាប័នថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ នឹងទទួលយកការអនុវត្តល្អៗនៃផ្តល់សេវារួមគ្នារវាងរដ្ឋបាលមូលដ្ឋាន និងភ្នាក់ងារជំនាញរបស់ស្រុកដៃគូ ហើយយកទៅអនុវត្តនៅក្នុងស្រុក ក្រុងរបស់ខ្លួន។

លទ្ធផលលំអិតរបស់អ៉ីយូដា

ដោយសហការគ្នាជាមួយនឹងដៃគូថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិរបស់ខ្លួន គម្រោងអ៉ីយូដា បានរៀបចំឯកសារនានា ក្នុងគោលបំណងពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងមុខងារអណត្តិទូទៅរបស់ខ្លួន។ លើសពីនេះ ការអនវត្តល្អៗរបស់ស្រុកដៃគូជាច្រើន ត្រូវបានចងក្រងដើម្បីចែករំលែកដល់ថ្នាក់ក្រោមជាតិ​ និងថ្នាក់ជាតិ។ ដើម្បីឲ្យដឹងកាន់តែច្បាស់អំពីតម្រូវការពិតប្រាកដ របស់ស្រុក និងក្រុង ការសិក្សានានាត្រូវបានធ្វើឡើង និងវគ្គ​បណ្តុះបណ្តាលជាក់លាក់ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាល និងក្រុមប្រឹក្សា។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងលើកកម្ពស់ការផ្តល់សេវា ក៏ដូចជាដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។ ឯកសារនានាដែលត្រូវបានរៀបចំឡើងក្នុងគម្រោងអ៊ីយូដា អាចទាញយកបានពីតំណខាងក្រោម៖

១. កញ្ចប់ឯកសារ អំពីការអនុវត្តមុខងារជាជម្រើសមួយចំនួនរបស់ស្រុក ដែលរួមមានការណែនាំ​ជាជំហានៗ​សម្រាប់ការអនុវត្ត និងឯកសារពាក់ព័ន្ធនានា៖

២. ឯកសារព័ត៌មាន និងឯកសារសម្រាប់ការអភិវឌ្ឍសមត្ថភាព ដើម្បីរំលេចអំពីប្រធានបទនានាដែលពាក់ព័ន្ធនឹង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ៖

៣. របាយការណ៍នៃការសិក្សា និងមេរៀនដែលទទួលបានពីការអនុវត្តមុខងារអណត្តិទូទៅ

៤. ការអនុវត្តល្អៗអំពីការផ្តល់សេវា របស់ស្រុក ក្រុងដៃគូនៃគម្រោងសហភាពអឺរុបសម្រាប់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អ៉ីយូដា)

៥.​ ឯកសារ/សម្ភារផ្សេងៗ ដែលផលិតដោយអ៊ីយូដា និងក្រុង ស្រុកដៃគូ៖

កម្មវិធីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ (EU SPACE)

គម្រោងមុនរបស់អ៊ីយូដា ដែលហៅថាកម្មវិធីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការ​ចូលរួមរបស់ប្រជាពលរដ្ឋ (EU SPACE) បានចូលរួម​ផលិតឯកសារសំខាន់ៗជាច្រើនពាក់ព័ន្ធនឹង​ការអនុវត្តកំណែ​ទម្រង់​នៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកសារទាំងនោះ រួមមាន៖

១. ឯកសារបច្ចេកទេស និងឯកសារប្រឹក្សាយោបល់

២. កម្រងឯកសារច្បាប់ទាក់ទងនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់​រដ្ឋបាល​សាធារណៈ​

៣. របាយការណ៍ និងការសិក្សានានា