កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

២៤ មិថុនា ២០២៦

,  

44

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ សរុបចំនួន ៣០រូប ក្នុងនោះស្ត្រី ៩រូប។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សុធា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារសវនកម្មផ្ទៃក្នុង និងបានជម្រាបជូនអង្គប្រជុំអំពីសាវតារ រចនាសម្ព័ន្ធ តួនាទី និងដំណើរការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. នាពេលកន្លងមក។ ឯកឧត្តមក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការសហការយ៉ាងពេញលេញជាមួយក្រុមសវនកម្ម តាមរយៈការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធប្រកបដោយភាពត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីធានាឱ្យដំណើរការសវនកម្មប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងលើកដំបូងនៅលេខាធិការដ្ឋាន គ.ជ.អ.ប. ដើម្បីសិក្សា និងអនុវត្តនីតិវិធីសវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាពនៅតាមស្ថាប័នសាធារណៈ។
ឯកឧត្តមក៏បានសម្តែងការឯកភាពទាំងស្រុងចំពោះមតិបើករបស់ឯកឧត្តម ចាន់ សុធា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានការរៀបចំប្រព័ន្ធច្បាប់ និងគតិយុត្តជាច្រើន រហូតសម្រេចបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមបានបញ្ជាក់ថា គ.ជ.អ.ប. ជាយន្តការអន្តរក្រសួងដែលមានវិសាលភាពការងារធំទូលាយ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានសម្របសម្រួល និងរៀបចំកិច្ចប្រជុំប្រកបដោយវិជ្ជាជីវៈ បង្កើតបរិយាកាសស្និទ្ធស្នាល និងសហការល្អ។
ការរៀបចំកិច្ចប្រជុំសវនកម្មផ្ទៃក្នុងនេះ មានគោលបំណងធានាឱ្យការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ប្រព្រឹត្តទៅស្របតាមផែនការដែលបានកំណត់ ពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង និងការអនុវត្តការងារ ព្រមទាំងសម្រេចលទ្ធផលការងារសវនកម្មឱ្យបានទាន់ពេលវេលា ស្របតាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា សវនកម្មផ្ទៃក្នុង មិនមែនជាយន្តការសម្រាប់ស្វែងរកកំហុសនោះទេ ប៉ុន្តែជាយន្តការត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយឯករាជ្យ ដែលដើរតួនាទីជា "កញ្ចក់ឆ្លុះ" និងជា "ដៃគូយុទ្ធសាស្ត្រ" ក្នុងការផ្តល់អនុសាសន៍កែលម្អប្រព័ន្ធគ្រប់គ្រង ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង កាត់បន្ថយហានិភ័យ និងលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ដើម្បីគាំទ្រដល់ការសម្រេចបាននូវបេសកកម្ម និងគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP