ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១០ ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការ និងដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសិក្សា និងប្រមូលព័ត៌មានជាក់ស្តែង។
ក្រុមការងារបានចុះពិភាក្សាជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្ទឹងសែន រដ្ឋបាលស្រុកកំពង់ស្វាយ រដ្ឋបាលសង្កាត់ព្រៃតាហូ រដ្ឋបាលឃុំកំពង់គោ រដ្ឋបាលឃុំត្រពាំងឬស្សី និងរដ្ឋបាលឃុំសានគរ ។
សូមបញ្ជាក់ថាការចុះសិក្សានេះ ទទួលបានការគាំទ្រពីគម្រោង "លើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាព ដំណាក់កាលទី២" (GIZ-ISPH-II) ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តចំនួន ០៣ (ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង) ក្រុង/ស្រុកចំនួន ០៦ និងឃុំ/សង្កាត់ចំនួន ០៨ ដោយមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
• វាយតម្លៃតួនាទី និងការអនុវត្តជាក់ស្តែង៖ ពិនិត្យមើលការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាគាំពារសង្គម ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបនឹងយេនឌ័រ។
• កំណត់បញ្ហាប្រឈម៖ កំណត់អំពីបញ្ហាប្រឈមផ្នែកស្ថាប័នប្រតិបត្តិការ និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
• រៀបចំអនុសាសន៍៖ ផ្តល់ជាអនុសាសន៍សម្រាប់ពង្រឹង និងកំណត់ជាផ្លូវការនូវមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព៕