បេសកកម្មគាំទ្រគម្រោងគណនេយ្យភាពសង្គមលើកទី១១ នៅអង្គភាពផ្តល់សេវាចំនួន៣ ក្នុងខេត្តកំពង់ចាម

២៧ ឧសភា ២០២៦

,  

18

Banner
ខេត្តកំពង់ចាម៖ នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំបេសកកម្មគាំទ្រគម្រោងគណនេយ្យភាពសង្គមលើកទី១១ របស់ ធនាគារពិភពលោក ចុះទស្សនកិច្ចនៅ សង្កាត់វាលវង់ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យការអនុវត្តការងារនៅ សាលាបឋមសិក្សាឧត្តរ ដែលបានចាប់ផ្តើមអនុវត្តការងារគណនេយ្យភាពសង្គមតាំងពីឆ្នាំ២០២៤។ ក្រោយអនុវត្តការងារនេះ សាលាមានការផ្លាស់ប្រែយ៉ាងច្រើនលើផ្នែកបរិស្ថាន សន្តិសុខ អនាម័យ និងសណ្តាប់ធ្នាប់។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តត្រូវបានកែលម្អ រួមមានការជួសជុលទីចាត់ការ ក្រាលការ៉ូឡាក្នុងបរិវេណសាលា និងច្រកចូលសាលា។ ក្នុងបន្ទប់ថ្នាក់ក៏មានការបំពាក់ទូរទស្សន៍ឆ្លាតវៃ និងម៉ាស៊ីនព្រីន ដើម្បីគាំទ្រដល់ការបង្រៀន និងការរៀន។ ទន្ទឹមនឹងនេះ សាលាបានពង្រឹងការគ្រប់គ្រងរដ្ឋបាល ថ្នាក់រៀន និងគុណភាពនៃការបង្រៀន ដែលធ្វើឱ្យចំនួនសិស្សឡើងថ្នាក់មានការកើនឡើងជាបន្តបន្ទាប់។ អាណាព្យាបាលសិស្សក៏មានការយល់ដឹង និងចូលរួមគាំទ្រសកម្មភាពសាលាកាន់តែសកម្ម ជាពិសេសតាមរយៈការបង្កើតគណកម្មការថ្នាក់រៀនដើម្បីអភិវឌ្ឍថ្នាក់រៀន។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះពិនិត្យការងារនៅមណ្ឌលសុខភាពវាលវង់ ដែលបានចាប់ផ្តើមអនុវត្តការងារគណនេយ្យភាពសង្គមក្នុងឆ្នាំ២០២៤។ ក្រោយអនុវត្តការងារ មណ្ឌលសុខភាពបានពង្រឹងតម្លាភាពតាមរយៈការបិទផ្សាយព័ត៌មានចំណូល ចំណាយជាសាធារណៈសម្រាប់ប្រជាពលរដ្ឋ។ មណ្ឌលសុខភាពក៏បានទទួលមតិយោបល់កែលម្អពីប្រជាពលរដ្ឋ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេវាសុខាភិបាលឱ្យកាន់តែប្រសើរ។ ការកែលម្អគួរឱ្យកត់សម្គាល់រួមមានការពង្រឹងក្រមសីលធម៌របស់បុគ្គលិក ការគោរពម៉ោងបំពេញការងារ ការកើនឡើងនៃប្រជាពលរដ្ឋមកទទួលសេវា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា បន្ទប់សម្រាលកូន បន្ទប់មុន និងក្រោយសម្រាល ព្រមទាំងបង្គន់អនាម័យដាច់ដោយឡែកសម្រាប់បុរស ស្ត្រី និងជនមានពិការភាព។
ដោយឡែក រដ្ឋបាលសង្កាត់វាលវង់ បានចាប់ផ្តើមអនុវត្តការងារគណនេយ្យភាពសង្គមចាប់ពីចុងឆ្នាំ២០២៤ ហើយទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សមិទ្ធផលសំខាន់ៗ រួមមាន ការទិញដី និងសាងសង់អគារការិយាល័យថ្មី សាងសង់របងថ្ម ជម្រាល និងបង្គន់អនាម័យសម្រាប់ជនមានពិការភាព សាងសង់ផ្លូវបេតុង លូជ្រុង តម្លើងអំពូលសូឡា និងចាក់សាបក្នុងទីធ្លាសង្កាត់។ ទន្ទឹមនឹងនេះ សង្កាត់ក៏បានពង្រឹងការផ្សព្វផ្សាយអំពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងតួនាទីរបស់មន្ត្រីក្នុងការបំពេញការងារ។ ក្នុងឆ្នាំ២០២៥ សង្កាត់មានផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមចំនួន ២៥គម្រោង ក្នុងនោះគម្រោងខាងក្នុងចំនួន២០ និងគម្រោងខាងក្រៅចំនួន៥ ហើយមាន៥គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការវិនិយោគឃុំសង្កាត់ (CIP)។ សង្កាត់ក៏បានគ្រោងថវិកាគាំទ្រការងារគណនេយ្យភាពសង្គមចំនួន ៦,០០០,០០០រៀលផងដែរ។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិ រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលក្រុងកំពង់ចាម អាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវាសាធារណៈ អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ និងប្រជាពលរដ្ឋសរុបប្រមាណ ២០០នាក់ ក្នុងនោះស្រី ៤៧នាក់ និងជនមានពិការភាពចំនួន ១នាក់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP