សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃទី២ លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងការបង្កើតបរិយាកាសមេត្រីភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

២៣ តុលា ២០២៦

,  

54

Banner
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ «សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលនៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទី ភារកិច្ចរបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» បានបន្តប្រព្រឹត្តទៅនាថ្ងៃទី២ នៅសណ្ឋាគារ TRIBE Phnom Penh Post Office Square។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខោល យុទ្ធលី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និង លោក ម៉ែន គុណរ័ត្ន ប្រធានក្រុមការងារវិមជ្ឈការនៃកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដំណាក់កាលទី២ (GIZ-ISDII) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបចំនួន ២៨ រូប (ស្រ្តី១៣រូប)។

ក្នុងដំណើរការនៃសិក្ខាសាលានាថ្ងៃទី២នេះ អង្គសិក្ខាសាលាបានស្តាប់បទបង្ហាញសង្ខេបអំពីសេចក្តីព្រាងសេចក្តីណែនាំស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្របសម្រួលដោយ លោក ផ្លិច មាស និងបទបង្ហាញសង្ខេបអំពីសេចក្តីព្រាងសេចក្តីណែនាំស្តីពីការបង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលនៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទីភារកិច្ចរបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្របសម្រួលដោយ លោក មាស ជីវុធ អនុប្រធាននាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី។អង្គសិក្ខាសាលាបានបែងចែកជាក្រុមពិភាក្សា ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលយ៉ាងផុលផុសលើសេចក្តីព្រាងសេចក្តីណែនាំទាំងពីរ ក្រោមការសម្របសម្រួលពី កញ្ញា ជួន សុម៉ាលី និង លោក ផុន សុខា ព្រមទាំងបានធ្វើការបង្ហាញលទ្ធផលពិភាក្សាតាមក្រុមនីមួយៗ ដើម្បីបូកសរុបធាតុចូល។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែម សម្រាប់កែសម្រួលសេចក្តីព្រាងសេចក្តីណែនាំទាំងពីរឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបាន និងឆ្លើយតបស្របតាមស្ថានភាពជាក់ស្តែង ព្រមទាំងតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការរៀបចំសេចក្តីណែនាំទាំងពីរនេះ គឺជាជំហានគន្លឹះក្នុងការជំរុញការអនុវត្ត «ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៤-២០២៨)» ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានតាមគោលដៅរំពឹងទុក ដើម្បីលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន សមធម៌សង្គម និងពង្រឹងភាពអង់អាចដល់ស្ត្រី ស្របតាមទិសដៅនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។
ជាកិច្ចបិទបញ្ចប់សិក្ខាសាលា លោក ខោល យុទ្ធលី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងការផ្តល់ធាតុចូលយ៉ាងផុលផុសពីសំណាក់តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលទាំងអស់។ លោកបានគូសបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងកិច្ចការនារី នឹងប្រមូលបូកសរុប រៀបចំ កែសម្រួល និងសម្រិតសម្រាំងរាល់ធាតុចូលដ៏មានតម្លៃទាំងនេះ ដើម្បីធានាឱ្យការរៀបចំសេចក្តីព្រាងសេចក្តីណែនាំទាំងពីរ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានលក្ខណៈប្រាកដនិយម និងអាចយកទៅអនុវត្តទទួលបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ។ ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្មវិធី GIZ-ISDII ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំសិក្ខាសាលានេះឡើង ប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាជាផ្លូវការ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP