កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មកំណត់គម្រោង «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED)»

២៥ កញ្ញា ២០២៦

,  

32

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាប្រធានគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មកំណត់គម្រោង «ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយចីរភាព (SCALED)»។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីក្រុមបេសកកម្មធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោកស្រី Camilla Holmemo អ្នកគ្រប់គ្រងការអនុវត្ត ព្រមទាំងតំណាងក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបប្រមាណ ២០ រូប។
បេសកកម្មបានលើកឡើងនូវលទ្ធផលសំខាន់ៗមួយចំនួន បន្ទាប់ពីបានជួបជាមួយអ្នកពាក់ព័ន្ធនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖
១. ការផ្ទៀងផ្ទាត់ និងឯកភាពលើរចនាសម្ព័ន្ធគម្រោង៖ ភាគីទាំងអស់បានសម្រេចការឯកភាពជាទូទៅលើ «ទ្រឹស្ដីនៃការផ្លាស់ប្ដូរ (Theory of Change - ToC)» ដែលផ្តោតលើការដោះស្រាយបញ្ហាប្រឈមនៃសមត្ថភាព និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងទិសដៅនៃគោលបំណងអភិវឌ្ឍន៍គម្រោង (PDO) ក្នុងការបង្កើនសមត្ថភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងទំនើបកម្មការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
២. វិធីសាស្ត្រជ្រើសរើសតំបន់គោលដៅ៖ បានឯកភាពលើគោលការណ៍ និងដំណើរការជ្រើសរើសទីតាំង ដោយផ្អែកលើតម្លាភាព ភាពក្រីក្រ ភាពងាយរងគ្រោះ សក្តានុពលសេដ្ឋកិច្ច និងឆន្ទៈចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចែកចេញជា២ដំណាក់កាល៖
ដំណាក់កាលទី១ ការជ្រើសរើសខេត្តគោលដៅ ចន្លោះពី៨ទៅ១០ខេត្ត ដែលប្រឈមនឹងគ្រោះមន្តរាយធម្មជាតិ (ទឹកជំនន់ រាំងស្ងួត រលកកំដៅ) អត្រាភាពក្រីក្រ និងសក្តានុពលសេដ្ឋកិច្ចមូលដ្ឋាន។
ដំណាក់កាលទី២ ការជ្រើសរើសក្រុង ស្រុក គោលដៅ ដោយផ្អែកលើសំណើសុំចូលរួមរបស់ក្រុងស្រុកនៃខេត្តដែលបានជ្រើសរើស ដោយឆ្លងកាត់ការវាយតម្លៃប្រកបដោយតម្លាភាពលើភាពដឹកនាំ កម្រិតតម្រូវការ និងការត្រៀមខ្លួន។
៣. សមាសភាគ និងការរៀបចំការអនុវត្ត៖ គម្រោងត្រូវបានបែងចែកជា ៤ សមាសភាគសំខាន់ៗ រួមមាន៖ (C1) ការពង្រឹងប្រព័ន្ធមូលដ្ឋាន, (C2) ការវិនិយោគលើសេដ្ឋកិច្ចមូលដ្ឋាន, (C3) នវានុវត្តន៍ និងការរៀនសូត្រ, និង (C4) ការគ្រប់គ្រងគម្រោង។ ជាមួយគ្នានេះ កិច្ចប្រជុំបានកំណត់ពី «លក្ខខណ្ឌតម្រូវនៃភាពរួចរាល់ (Implementation Readiness)» ដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសម្រេចឱ្យបាន ដើម្បីទទួលបានថវិកាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
៤. កិច្ចសហប្រតិបត្តិការដៃគូ៖ គម្រោងទទួលបានការប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទានបដិភាគពីប្រទេសអូស្ត្រាលី (DFAT) ចំនួន ២ លានដុល្លារអាមេរិក ព្រមទាំងកំពុងស្វែងរកកិច្ចសហការបន្ថែមពី GEF/LDCF និងការប្រទាក់ក្រឡាស៊ីសង្វាក់គ្នាជាមួយគម្រោង ISD II ដើម្បីជៀសវាងការជាន់ភារកិច្ច និងបង្កើនប្រសិទ្ធភាពការងារ។

ជាទិសដៅការងារបន្ត ក្រុមការងារនឹងខិតខំកៀរគរប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញការងារវិភាគបច្ចេកទេស រៀបចំការវាយតម្លៃផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរថវិកា ព្រមទាំងរៀបចំឯកសារប្រតិបត្តិការសំខាន់ៗឱ្យបានរួចរាល់ សម្រាប់បេសកកម្មរៀបចំគម្រោងលើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP