កិច្ចប្រជុំបើកបេសកកម្មរៀបចំគម្រោង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព(SCALED)

១៧ កញ្ញា ២០២៦

,  

31

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.(V)៖នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំ កិច្ចប្រជុំបើកបេសកកម្មរៀបចំគម្រោង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក ដឹកនាំដោយលោក Samuel Clark ប្រធានក្រុមការងារបេសកកម្ម ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ សរុបប្រមាណ ៣០រូប។ កិច្ចប្រជុំនេះជាផ្នែកមួយនៃបេសកកម្មរៀបចំគម្រោង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
គម្រោង SCALED ត្រូវបានរៀបចំឡើងស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ដោយគ្រោងអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១ និងកំពុងស្នើសុំឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ក្នុងទំហំប្រមាណពី ៨០ ទៅ ១០០លានដុល្លារអាមេរិក។ គម្រោងនេះរំពឹងផ្តោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចមូលដ្ឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធភាពធន់ និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ គណនេយ្យភាពសង្គម និងការផ្តល់សេវាសាធារណៈប្រកបដោយបរិយាបន្ន។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យ និងផ្លាស់ប្តូរយោបល់លើទិសដៅ និងចំណុចគន្លឹះសម្រាប់បន្តការរៀបចំគម្រោង ដោយផ្តោតលើការកំណត់ឱ្យកាន់តែច្បាស់នូវ គោលបំណងអភិវឌ្ឍន៍គម្រោង និងទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) ការកែលម្អសមាសភាគគម្រោងទាំង៤ ការកំណត់តំបន់គោលដៅ និងក្របខ័ណ្ឌលទ្ធផល ព្រមទាំងការរៀបចំស្ថាប័ន និងយន្តការអនុវត្ត។ ជាពិសេស កិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់លើ យន្តការលំហូរថវិកាសម្រាប់ការវិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាចំណុចអាទិភាពសំខាន់សម្រាប់ការរៀបចំគម្រោង រួមជាមួយការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម កិច្ចគាំពារបរិស្ថាន និងសង្គម និងយន្តការសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ជាលទ្ធផលភាគីទាំងពីរបានកំណត់ទិសដៅឱ្យក្រុមការងារបន្តពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសតាមសមាសភាគនីមួយៗ និងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យការរៀបចំគម្រោងកាន់តែច្បាស់លាស់ និងអាចអនុវត្តបានជាក់ស្តែង។ លទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងត្រូវបូកសរុបក្នុងកិច្ចប្រជុំបិទបេសកកម្មនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ និងកំណត់ផែនការសកម្មភាពបន្ត ដើម្បីជំរុញការរៀបចំគម្រោងឆ្ពោះទៅដំណាក់កាលវាយតម្លៃ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២៧។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP