សារ​ស្វាគមន៍


                                                        

សូម​ស្វាគមន៍​ចំពោះ​ការ​ចូល​ទស្សនា​គេ​ហទំព័រ​ គ.ជ.អ.ប.!


អ្នក​អាន​ជា​ទី​គោរព!


ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០​​ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​នយោបាយ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ​ដំណាក់​កាល​ទី​១ ដើម្បី​កំណើន​ ការងារ សមធម៌ ​ប្រសិទ្ធ​ភាព​ និង​ចីរ​ភាព​។ ​រាជ​រដ្ឋាភិបាល​បាន​កំ​ណ​ត់​យក​អាទិភាព​គន្លឹះ ៥៖  “មនុស្ស ផ្លូវ ទឹក ភ្លើង ​និង​បច្ចេក​វិទ្យា​”  ជា​មួយ​នឹង​រចនា​សម្ព័ន្ធ​នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ​ដំណាក់​កាល​ទី១​ មាន​៖ (១) ស្នូល​នៃ​យុទ្ធ​សាស្ត្រ គឺ​ការ​កែ​ទម្រង់​ និង​ការ​ពង្រឹង​អភិបាល​កិច្ច​ (២) បរិស្ថាន​គ្រប​ដណ្តប់ ​សម្រាប់​ធានា​បរិយាកាស​អំណោយ​ផល​ដល់​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ទាំង​មូល និង(៣) បញ្ចកោណ​យុទ្ធ​សាស្ត្រ​ទាំង​៥ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​វឌ្ឍន​ភាព​សង្គម​។

​ 

ទន្ទឹម​នឹង​ស្នូល​នៃ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ខាង​លើ ​កំណែ​ទម្រង់​វិមជ្ឈការ ​និង​វិសហមជ្ឈការ​ ឬ​ហៅ​ថា​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​គឺ​ជា​កំណែ​ទម្រង់​អភិបាល​កិច្ច​ដ៏​មាន​សារៈ ​សំខាន់​មួយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ផ្តោត​លើ​ការ​រៀបចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ  ​និង​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដោយ​ឈរ​លើ​គោល​ការណ៍​គន្លឹះ​នានា​នៃ​អភិបាល​កិច្ច​ល្អ​

 

កំណែ​ទម្រង់​អភិបាល​កិច្ច​គឺ​ជា​កិច្ច​ការ​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ ដែល​បាន​និង​កំពុង​ធ្វើ​ទំនើប​កម្ម​យ៉ាង​ទូលំ​ទូលាយ​ និង​ស៊ី​ជម្រៅ​នូវ​ប្រព័ន្ធ​អភិបាល​កិច្ច​តាម​រយៈ​ចក្ខុ​វិស័យ​និង​យុទ្ធ​សាស្ត្រ​ស្តី​ពី ​សុខ​ដុម​នី​យកម្ម​កិច្ច​ការ​កែ​ទម្រង់​គន្លឹះ​នៃ​រាជ​រដ្ឋា​ភិបាល​រួម​មាន​  កម្ម​វិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ  កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ កម្ម​វិធី​ជាតិ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​កម្ម​វិធី​កែ​ទម្រង់​ប្រ​ព័ន្ធ​យុត្តិធម៌ ​កម្ម​វិធី​កែ​ទម្រង់​ច្បាប់​ និង​កម្មវិធី​កែ​ទម្រង់​តាម​វិស័យ​នានា​។ 

 

ក្នុង​គោល​បំណង​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត រាជ​រដ្ឋា​ភិបាល​ដែល​មាន​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (....)  ​​ជា​សេនាធិការ​បាន​សម្រេច​រៀបចំ​និង​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្ម​វិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាល​ទី​១ (​កជ​ទី១​)  រយៈ​ពេល​១០​ឆ្នាំ ​ចាប់​ពី​ឆ្នាំ ២០១០-​២០២០ ​និង​កម្ម​វិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាល​ទី​២​ (​កជ​ទី២)​​ រយៈ​ពេល​១០​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០២១​-​២០៣០​  សំ​ដៅ​បន្ត​ពង្រឹង​ស្ថាប័ន​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​កាន់​តែ​មាន​សក្តា​នុពល​ក្នុង​ការ​ចូល​រួម​ចំណែ​កសម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​ ពោល​គឺ​ការ​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​

ក្នុង​នាម​ជា​សេនា​ធិការ​ជូន​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​រួម​ចំណែក​សម្រេច​បាន​គោល​ដៅ​ខាង​លើ គ.ជ.អ.ប.​ បាន​និង​កំពុង​បន្ត​បេសក​កម្ម​ការ​ងារ​យ៉ាង​ស្វា​ហាប់​ ហ្មត់​ចត់ ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ស្រប​តាម​តួ​នាទី​ ភារ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​សម្រប​សម្រួល ​និង​ដឹក​នាំ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ​និង​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈ​ការ ​ដែល​ផ្តោត​ជា​ពិសេស​លើ​ការ​រៀប​ចំ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ស្រប​តាម​គោល​ការណ៍​នៃ​រដ្ឋបាល​ឯក​ភាព​ និង​គោល​ការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ តាម​រយៈ​ការ​ផ្ទេរ​មុខ​ងារ​  ធនធាន សិទ្ធិ​អំណាច​ និង​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ ​និង​កា​រអភិវឌ្ឍ​សេដ្ឋកិច្ច​មូល​ដ្ឋាន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយ​ៗ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និង​សមធម៌​សង្គម​

ក្នុង​ន័យ​នេះ ​ក្នុង​នាម​ គ.ជ.អ.ប. ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​សាធារណ​ជន​ និង​មិត្ត​អ្នក​អាន​ចូល​ទស្សនា​ និង​ស្វែង​រក​ព័ត៌មាន​តាម​រយៈ​គេហ​ទំព័រ​នេះ​អំពី​គោល​នយោបាយ ច្បាប់ ​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ កម្មវិធី​ជាតិ  របាយការណ៍​សិក្សា​ ឯក​សារ​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​នានា​ ក៏​ដូច​ជា​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​បម្រើ​ដល់​ការ​បំពេញ​បន្ថែម​ពុទ្ធិ​របស់​មិត្ត​អ្នក​អាន​និង​សូម​ស្វាគមន៍​ចំពោះ​ការ​ផ្ដល់​ជា​មតិយោបល់​ផង​ដែរ​​ជា​ទី​បញ្ចប់​ ខ្ញុំ​សូម​គោរព​ជូន​ពរ​អ្នក​អាន​ និង​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស​សម​ប្រកប​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ​និង​ពលៈ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ៕​

សូម​អរគុណ!​

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP