ខេត្តកំពត៖ អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋានគណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការបញ្ចូលទិន្នន័យ និងការរៀបចំរបាយការណ៍ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ ទៅក្នុងប្រព័ន្ធទិន្នន័យផែនការថវិកាជាតិប្រចាំឆ្នាំ (NAD) ដើម្បីធានានូវប្រសិទ្ធភាពក្នុងការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ រវាងរាជធានី ខេត្ត និងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបាននឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ – ២៩ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារមិត្តភាព ខេត្តកំពត ដោយមានអ្នកចូលរួមប្រមាណជា ៦០នាក់ មកពីគ្រប់រាជធានី ខេត្ត។
ប្រធានបទចំនួន ៣សំខាន់ៗ ដែលត្រូវបានធ្វើបទបង្ហាញរួមមាន៖ (១) បទបង្ហាញស្តីពីកិច្ចដំណើរការនៃការរៀបចំផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) (២)ការអនុវត្តជាក់ស្តែងក្នុងការបញ្ចូល ផ.ស.ថ. របស់រាជធានី ខេត្តនីមួយៗក្នុងប្រព័ន្ធ NAD និង (៣) បទបង្ហាញស្តីពីការធ្វើបច្ចុប្បន្នភាពសូចនាករនៃ សកម្មភាពរបស់ ផ.ស.ថ. និងការរៀបចំរបាយការណ៍ ខ្លីក្នុងប្រព័ន្ធ NAD។