ការចុះសិក្សា​និងត្រួតពិនិត្យសា្ថនភាពទីតាំងដី​ដើម្បីពង្រីកគម្រោងបែងចែកដីសម្បទាន ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)

កំពង់ធំ ២៤ ធ្នូ ២០១៣៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ក្រុមបេសកកម្មក្រុមប្រតិភូធនាគារពិភពលោក និងគម្រោងបែងចែកដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងថ្នាក់ឃុំ បានចុះត្រួតពិនិត្យបន្ថែមលើ…

កំពង់ធំ ២៤ ធ្នូ ២០១៣៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ក្រុមបេសកកម្មក្រុមប្រតិភូធនាគារពិភពលោក និងគម្រោងបែងចែកដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងថ្នាក់ឃុំ បានចុះត្រួតពិនិត្យបន្ថែមលើសា្ថនភាពទីតាំងដីដើម្បីស្នើសុំអនុវត្តគម្រោង LASED នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ទស្សនកិច្ចនេះដឹកនាំដោយ ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ និងមានការសម្របសម្រួលពី លោក លី គឹមពាវ ប្រធានគម្រោង LASED ខេត្តកំពង់ធំ សរុប ៤២នាក់ ក្នុងនោះស្រី ០៦នាក់។

ទស្សនៈកិច្ចនេះមានគោលបំណងសំខាន់ក្នុងការិពិនិត្យបន្ថែមលើស្ថានភាពទីតាំងដីគុណភាពដី ក៏ដូចជា លទ្ធភាពក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីផ្តួចផ្តើមរៀប ចំពង្រីកគម្រោង LASED នៅក្នុងខេត្តកំពង់ធំ  ក៏ដូចជាបង្ហាញដល់តំណាងធនាគារ KFW របស់ប្រទេសអាល្លឺម៉ង់ ឱ្យបានឃើញជាក់ស្តែងនូវសកម្មភាពកំណត់ទីតាំងដី និងស្ថានភាពអភិវឌ្ឍន៍នៅលើដីសម្បទានសង្គមកិច្ច។ បន្ទាប់មកក្រុមការងារបច្ចេកទេសខេត្ត បាននាំក្រុមបេសកកម្មចុះ ពិនិត្យបន្ថែមនៅទីតាំងដីដែលកំពុងធ្វើការអភិវឌ្ឍ នៅឃុំទីពោ ស្រុកសន្ទុក បន្ថែមទៀតដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍន៍ ព្រមទាំងស្វែងយល់អំពីជីវភាពរបស់ប្រជាពរដ្ឋនៅលើដីសម្បទាន។

ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ក្នុងខណៈដែលក្រុមការងារទាំងអស់គ្នាចុះដល់ទីតាំងដីផ្ទាល់ថា៖ «បើតាមការពិនិត្យមើលស្ថានភាពដីទីនេះ មានជីជាតិល្អគួរសម ហើយផ្ទៃដីមានសណ្ឋានរាបស្មើ ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្នុងការអនុវត្តផែនការប្រើប្រាស់ដីផងដែរ។ ម៉្យាងវិញទៀត នៅជិតមានប្រព័ន្ធប្រភពទឹកដែលជាសក្តានុពលមួយសម្រាប់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលកសិកម្ម។ ដូចនេះជាតំបន់មួយដែលអាចសមស្របក្នុងការវិនិយោគគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៏សេដ្ឋកិច្ច  ប៉ុន្តែទោះជាយ៉ាងណាក្រុមការងារត្រូវសិក្សា និងរៀបចំផែនការប្រើប្រាស់ដីឱ្យបានសមស្របបន្ថែម»។

 

លោក លី គឹមពាវ ប្រធានគ្រប់គ្រងគម្រោង LASED ថ្នាក់ខេត្តបានបង្ហាញបន្ថែមនូវផែនទីពង្រាង ទីតាំងដីឃុំដូងនេះ និងបកស្រាយបន្ថែមលើលទ្ធផលដែលធ្លាប់បានធ្វើការចុះសិក្សាកន្លងមក។ លោកប្រធាន គម្រោងបានបញ្ជាក់ផងដែរថាសា្ថនភាពដីទីនេះមានជីជាតិល្អជាងសា្ថនភាពដីនៅក្នុងឃុំទីពោ ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដាំដំណាំ (ស្រូវ ពោត អំពៅ និងបន្លែផ្សេងៗទៀត)។ ម្យ៉ាងវិញទៀតតំបន់នេះ ក៏មានព្រៃសម្រាប់រក្សាទុកជាព្រៃសហគមន៍ដែលស្របទៅតាមគោលការណ៍របស់គម្រោផងដែរ។ បើយើងមើលលើស្ថានភាពដីវិញឃើញថា មានទាំងស្ថានភាពដីទីទួលដែលសមស្របសម្រាប់ដីលំនៅដ្ឋាននិងដីទំនាបសម្រាប់ដីកសិកម្ម។ ដូចនេះឃើញថាទីតាំងដីឃុំទីពោនេះមានសក្តានុពលសមស្របសម្រាប់គម្រោង។

 

លោក ទូច សុខា អភិបាលស្រុកប្រាសាទបល្ល័ង្កក៏បានលើកឡើងផងដែរថា ក្រោយពីក្រុមការងារយើងសិក្សា និងពិនិត្យសា្ថនភាពដីទាំងបីចំណុចរួចហើយ និងរកឃើញថាស្ថានភាពដី និងព្រៃមានស្ថានភាព ប្រហាក់ប្រហែលគ្នា ដីមានជីជាតិអាចបង្កបង្កើនផលបាន ដែលអាចជួយបង្កើនទិន្នផលឲ្យកើនពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះទឹកក្រោមដី គម្រោងក៏មានលទ្ធភាពសាងសង់ដែរ ពីព្រោះមានអណ្តូងចំហរដែលមានទឹកខួប បាំ្រងខួបវស្សា។ ម៉្យាងវិញទៀត ទីតាំងដីសម្បទាននេះស្ថិតនៅក្បែរប្រភពទឹកនៅជិតស្រាប់ដែលអាចរៀបចំនូវប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម ដែលជាប្រភេពទឹកសម្រាប់ប្រើបា្រស់ក្នុងការស្រោចដំណាំក្នុងដីលំនៅស្ថានរបស់គាត់ដែរ ។

បន្តាប់ពីការពិនិត្យស្ថានភាពដី ក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យលើស្ថានភាពព្រៃឈើដែលគ្រោងទុក សម្រាប់រៀបចំជាព្រៃការពារសហគមន៍។ សកម្មភាពទាំងនេះបញ្ជាក់ឲ្យឃើញថាក្រុមការងាររបស់គម្រោងទាំងមូលមានការឯកភាព និងគាំទ្រក្នុងការរៀបចំនូវផែនការប្រើប្រាស់ដីកំណត់តំបន់ព្រៃនេះសម្រាប់ការការពារ។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏ត្រូវការនូវផែនទីពីលើអាកាសបន្ថែមទៀត ដើម្បីជួយដល់ការរៀបចំផែនការប្រើប្រាស់ដីនេះឱ្យ កាន់តែច្បាស់លាស់។
ដំណើរចុះសិក្សា និងការត្រួតពិនិត្យបន្ថែមលើស្ថានភាពដី និងព្រៃនៅឃុំដូងនេះទទួល បាននូវលទ្ធផលខ្ពស់ ក្រុមការងារមានសុទិដ្ឋិនិយម និងវាយតម្លៃស្របគ្នាលើស្ថានភាពដី និងជាពិសេសមានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត៕ ដោយៈ ក្រុមការងារ LASED/NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់