មាតាបិតាសិស្សសប្បាយរីករាយនៅពេលកូនចូលមត្តេយ្យសិក្សាសហគមន៍

ភ្នំពេញ ៨ មករា ២០១៤៖ ដោយស្របតាមចំនុចសូចនករទី២ នៃគោលដៅអភិវឌ្ឍសហ្សវត្សរ៍ របស់ប្រទេសកម្ពុជាទាំង៩បានចែងថា កម្ពុជានឹងសម្រេចអោយបាននូវការអប់រំមូលដ្ឋាន រយៈពេល៩ឆ្នាំជាសកល…

ភ្នំពេញ ៨ មករា ២០១៤៖ ដោយស្របតាមចំនុចសូចនករទី២ នៃគោលដៅអភិវឌ្ឍសហ្សវត្សរ៍របស់ប្រទេសកម្ពុជាទាំង៩បានចែងថា កម្ពុជានឹងសម្រេច អោយបាននូវការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំជាសកល ដោយយ៉ាងហោចណាស់កុមារទាំងអស់ត្រូវបំពេញ ការងារអប់រំមូលដ្ឋានអោយបានយ៉ាងតិច ៩ឆ្នាំ។ តួលេខសូចនាករអប់រំឆ្នាំ២០០៩-២០១៣ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថាចន្លោះ ឆ្នាំ២០១២-២០១៣ នៅទូទាំងប្រទេស កម្ពុជាមានកុមារចូលរៀនសាលាមត្តេយ្យ ចំនួនប្រមាណ ជាង១២០.០០០នាក់ ក្នុងនោះមានសាលាមត្តេយ្យចំនួនជាង២.៥០០។

មតេយ្យសិក្សាសហគមន៍គឺជាផ្នែកមួយនៃការអប់រំដំបូងដល់កុមារ និងអាចលើកកម្ពស់ការចូលរៀនរបស់កុមារដែលក្រីក្រនៅមូលដ្ឋាន ជាពិសេសជួយ សម្រាលជីវភាពរស់នៅរបស់មាតាបិតាកុមារដែលជួបការលំបាក។ 

 

ទាក់ទងនឹងផ្នែកកិច្ចការពារកុមារនៅមូលដ្ឋាន ក្រុមប្រឹក្សាឃុំមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការគាំពារកុមារដើម្បីអោយ ពួកគេទទួលបានឱកាស ក្នុងការសិក្សា។ ឃុំសង្កាត់នីមួយៗមានមូលនិធិផ្ទាល់ខ្លួនដែលត្រូវចំណាយក្នុងការអភិវឌ្ឍមូលដ្ឋាន ដែលរួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច គ្រោះធម្មជាតិ រដ្ឋបាលនិងសន្តិសុខ និងយេនឌ័រ ដែលមានដូចជាកិច្ចការ គាំពារកិច្ចការស្ត្រី និងកុមារ មត្តេយ្យសិក្សាសហគមន៍ ផ្នែកសេវាសុខភាព ជាដើម។

 

ជាក់ស្តែងមត្តេយ្យសិក្សាសហគមន៍១កន្លែងនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានបើកដំណើរការអស់រយៈ ពេល៣ឆ្នាំមកហើយ ដែលមានសិស្សចំនួនពី២៥នាក់ទៅ៣០នាក់ ដោយខ្ចីថ្នាក់់រៀនមួយបន្ទប់របស់សាលាបឋមសិក្សាភូមិថ្មី។ 

 

លោក ជ្រឹង វឿន មេឃុំពាមរាំងបានប្រាប់ថា ដោយសារ ប្រជាពលរដ្ឋ នៅភូមិនេះមានកូនតូចអាយុ ពី៣ឆ្នាំ ទៅ៥ឆ្នាំចំនួន ច្រើនដែលជាមូលហេតុ មានតម្រូវការច្រើនលើផ្នែក អប់រំទើបឃុំ សម្រេចបង្កើតមត្តេយ្យ សិក្សាសហគមន៍នេះឡើង។ 

 

លោក ជ្រឹង វឿន បានប្រាប់ថា៖ «ដោយសារយើងមិនមាន លទ្ធភាព គ្រប់គ្រាន់ក្នុងសាងសង់អគារខ្លួនឯង ទើបយើងខ្ចី បន្ទប់រៀនរបស់សាលា បឋមសិក្សាភូមិថ្មីធ្វើជាថ្នាក់មត្តេយ្យ សិក្សាសហគមន៍របស់ឃុំ»។

 

 

 

 

 

ទាក់ទងនឹងការចំណាយលើគ្រូមត្តេយ្យលោកបានប្រាប់ថា ដោយសារឃុំត្រូវធ្វើការអភិវឌ្ឍលើផ្នែកផ្សេងទៀតដូចជា ផ្នែកកសិកម្ម សេដ្ឋកិច្ច (ធ្វើផ្លូវ ប្រឡាយ) ជាដើមនោះ ការផ្គត់ផ្គង់ប្រាក់ឧបត្ថម្ភ ដល់គ្រូបង្រៀនមិនបានច្រើន នោះទេ គឺមានចំនួន ៥០.០០០រៀល ក្នុងមួយខែ តែក៏មានម្តាយឪពុក របស់សិស្សមួយចំនួនផ្តល់ប្រាក់តិចតួចដល់គ្រូបង្រៀនផងដែរ។

 

អគារសាលាបឋមសិក្សាភូមិថ្មីមានថ្នាក់រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងមានចំនួន១២បន្ទប់។ 

 

លោក សៀន ថន នាយកសាលាបឋមសិក្សាភូមិថ្មី បានប្រាប់ថា ដោយសារមើលឃើញពីភាពចាំបាច់ និងការលំបាករបស់កុមារ ត្រូវចូលសាលាមត្តេយ្យ លោកក៏បានផ្តល់ថ្នាក់រៀនមួយបន្ទប់ជូនសាលាឃុំពាមរាំង ដើម្បីបើកមត្តយ្យសិក្សាសហគមន៍។

 

លោកបានបញ្ជាក់ថា៖ «នៅពេលប្រជាពលរដ្ឋបញ្ជូនកូនមករៀនគឺបានជួយសម្រួលដល់ឪពុកម្តាយច្រើនដោយពួកគេមាន ពេលវេលាគ្រប់គ្រាន់ ក្នុងការចំពេញការងាររកទទួលទាន ធ្វើស្រែចំការ និងអាចជួយដល់គ្រួសារដែលក្រីក្រ ដោយសារមត្តេយ្យ សិក្សាសហគមន៍មិនទាមទារ អោយកុមារត្រូវបង់ប្រាក់ឡើយ»។

  

លោកស្រី សួស មករា អាយុ២៦ឆ្នាំ មានមុខរបរជាជាងកាត់ដេរ ហើយប្តី លោកស្រីជាអ្នកធ្វើចំការ ដែលបានយកកូនស្រី មកចូលរៀនក្នុង មត្តេយ្យសិក្សាសហគមន៍ បានប្រាប់ថា លោកស្រីមានកូន អាយុ៥ឆ្នាំ ដោយសារនៅផ្ទះមានការរវល់រកស៊ី ហើយគ្មានអ្នកមើលថែ ក៏បញ្ជូនកូនអោយមករៀន ហើយដើម្បីអោយកូនមានការចេះដឹងខ្លះ ជាមូលដ្ឋានមុនចូលរៀនបឋមសិក្សា។ 

 

លោកស្រីបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែល ក្រុមប្រឹក្សាឃុំពាមរាំងបង្កើតអោយមាន មត្តេយ្យសិក្សា សហគមន៍នៅតាមភូមិ ហើយកូនរបស់ខ្ញុំអាចចូលរៀន បានដោយមិនចាំបាច់បង់ថវិកា»៕ ដោយ៖ ជួន ចាន់ណាមន្ត្រីព័ត៌មាន/ NCDDS.

 

  

  

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់