សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ត្បូង​ឃ្មុំ​ ត្រូវ​បាន​ទទួលយក​ដើម្បី​ដោះស្រាយ​

ត្បូងឃ្មុំ ២០ កុម្ភៈ ២០១៤៖  ការរំលោភ និងដណ្ដើមគ្នាយកដីបឹងសាធារណៈពីសំណាក់ អ្នកមានលុយនិងអ្នកមានអំណាច ផលិតផលកសិកម្មមានតម្លៃថោកជាពិសេសពោត…

ត្បូងឃ្មុំ ២០ កុម្ភៈ ២០១៤៖  ការរំលោភ និងដណ្ដើមគ្នាយកដីបឹងសាធារណៈពីសំណាក់អ្នកមានលុយ និងអ្នកមានអំណាច ផលិតផលកសិកម្មមានតម្លៃថោកជាពិសេសពោត ខណៈប្រេង ជី ពូជស្រូវ កម្លាំងពលកម្មមានតម្លៃថ្លៃ រីឯការលំបាក និងភាពយឺតយ៉ាវ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬលិខិតបញ្ជាក់កំណើត និងបញ្ហាប្រឈមជាច្រើនទៀតគឺជាប្រធានបទ ដែលប្រជាពលរដ្ឋបានលើកឡើង នៅក្នុងវេទិកាសាធារណៈក្នុងខេត្ដត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នំា ២០១៤។ 

 

ឯកឧត្តម ជា សុផារ៉ា ប្រធាន ក្រុមការងារ ចុះជួយខេត្តត្បូងឃ្មុំបានឆ្លើយតបនូវកង្វល់ទាំងអស់របស់ប្រជាពលរដ្ឋខាងលើ ហើយបាន ទទួលយកមតិយោបល់ទំាងអស់នោះដើម្បីទៅជម្រាបជូនថ្នាក់លើ ធ្វើការដោះស្រាយ។ ដោយឡែកបញ្ហាដែលនៅសេសសល់ មួយចំនួនក្រុមការងារ និងពិភាក្សារកដំណោះស្រាយ និងស្នើសុំអនុសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយឲ្យ មានតម្លាភាព និងប្រសិទ្ធភាព ព្រមទាំងបានសន្យាថានឹងនាំយកដំណោះស្រាយ មកជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ។

 

ឯកឧត្តម ជា សុផារ៉ា បានអះអាងថា ក្នុងនាមរាជរដ្ឋាភិបាលសូមប្ដេជ្ញាសម្រេចធ្វើឲ្យបានតាមផែនការឆ្នាំ ២០១៤ សម្រាប់ការថែទាំផ្លូវ ការជួសជុលផ្លូវ ការកែលម្អផ្លូវជនបទជាច្រើនខ្សែ និងស្តារប្រឡាយចំនួន ១ខ្សែនៅក្នុងស្រុកក្រូចឆ្មារ សម្រាប់បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋទូទៅ។ 

 

ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរខេត្ដត្បូងឃ្មុំ យកចិត្ដទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ លើបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ក្នុងវេទិកាដែលមានដូចជា បញ្ហាផលិតផល កសិកម្មមានតម្លៃថោកជាពិសេសពោតខណៈប្រេង ជី ពូជ កម្លាំង ពលកម្ម មានតម្លៃថ្លៃ ការលំបាក និងភាពយឺតយាវក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬការបញ្ជាក់កំណើត បទល្មើសនេសាទ ដោយការប្រើប្រាស់ឧបករណ៍ ខុសច្បាប់ ដូចជាប្រដាប់ឆក់ និងអួនស្បៃមុងជាដើម ទឹកលិចនៅពេលមានភ្លៀងធ្វើឲ្យលំបាកក្នុងការ រស់នៅ និងប៉ះពាល់ដល់ការចិញ្ចឹមសត្វពាហនៈ លោកគ្រូ អ្នកគ្រូបើកប្រាក់សោធនិវត្តន៍មិនបាន កង្វះភ្លើងអគ្គិសនី ប្រើប្រាស់ និង តម្លៃភ្លើងអគ្គិសនីថ្លៃ ការមិនចូលប្រជុំសភា ការធ្វើបាតុកម្មរបស់បក្សប្រឆាំង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយប្រារម្ភ អ្នកម៉ៅការទូកដ (ស្រុកស្ទឹងត្រង់-ឃុំទ្រា ស្រុកឆ្មារ) យកតម្លៃសេវាលើស ពីសៀវភៅបន្ទុករបស់រដ្ឋ ការរំលោភ និងដណ្តើមគ្នាយកដីបឹងសាធារណៈ ពីសំណាក់អ្នកមានលុយ និងអំណាចនៅតែបន្ដកើតមានជាហូរហែនោះ៕ ដោយ សួស សំរិត

ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់