សម្ព័ន្ធ​ភាព​ជាតិ​ឃុំ សង្កាត់​ផ្សព្វផ្សាយ​លទ្ធផល​ការ​អង្កេត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន

ភ្នំពេញ ១១ កុម្ភៈ ២០១៤៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ បានផ្សព្វផ្សាយលទ្ធផលការអង្កេតការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបណ្ដុះបណ្ដាលស្តីពីទស្សនៈទូទៅក្នុងការអភិវឌ្ឍ…

ភ្នំពេញ ១១ កុម្ភៈ ២០១៤៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ បានផ្សព្វផ្សាយលទ្ធផលការអង្កេតការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបណ្ដុះបណ្ដាលស្តីពីទស្សនៈទូទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលា នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប  ដោយមានការចូលរួមពីតំណាងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៩២ នាក់ (ស្រី២៥)។

ឯកឧត្ដម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់ បានមានប្រសាសន៍ ទាក់ទងនឹងលទ្ធផលការអង្កេតការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចដែលលេចធ្លោជាងគេនៅពេលសព្វថ្ងៃ ជាពិសេស ការធ្វើស្រែ។ សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានជាច្រើនប្រភេទនៅក្នុងវិស័យផ្សេងទៀត ជាពិសេសនៅក្នុងប្រភេទអាជីវកម្មខ្នាតតូច ដែលអាជីវកម្មនេះ ភាគច្រើនទាក់ទងនឹងកសិកម្ម ដូចជាម៉ាស៊ីនកិនស្រូវ និងការកែច្នៃដំឡូងមី។

ឯកឧត្ដម សយ កុសល មានប្រសាសន៍ថា មានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅពេលបច្ចុប្បន្ន ជាពិសេស ការសាងសង់ និងការជួសជុលផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។

ការអង្កេតបានបង្ហាញថា អ្នកឆ្លើយសំណួរប្រហែល ១៥% បានរាយការណ៍អំពីគំនិតផ្ដួចផ្ដើមនៅក្នុងវិស័យទេសចរណ៍។ អ្នកឆ្លើយសំណួរបានកំណត់តួនាទីជាគន្លឹះចំនួន៦ សម្រាប់ខ្លួនគាត់ជាសមាជិកក្រុមប្រឹក្សា នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងសហគមន៍របស់គាត់។

តួនាទីដែលបានលើកឡើងញឹកញាប់បំផុត គឺការស្វែងរកដៃគូ ដើម្បីចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ទាំងស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ រួមមាន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគឯកជន។

 

ឯកឧត្តម សក់ សេដ្ឋា ក៏បានថ្លែងនៅក្នុងសិក្ខាសាលានេះផងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ក៏មានការពាក់ព័ន្ធនឹងមុខងារជាច្រើនរបស់អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនផងដែរ ដែលរួមបញ្ចូលទាំងការធ្វើផែនការផ្នែកបរិស្ថាន ការអភិវឌ្ឍអាជីវកម្ម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តម ថ្លែងបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន អាចត្រូវត្រូវធ្វើឡើងទៅតាមតំបន់ភូមិសាស្ដ្រខុសៗ គ្នា។ អាជ្ញាធរមូលដ្ឋាន អនុវត្ដយុទ្ធសាស្ដ្រអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសហគមន៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រការនេះ មានន័យថា អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើកែលំអជាប្រចាំលើបរិយាកាសវិនិយោគ និងបង្កើតល័ក្ខខ័ណ្ឌសមស្របសម្រាប់ការធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានក្នុងបំណងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងបង្កើតប្រាក់ចំណូលនៅមូលដ្ឋាន។

អ្នកចូលរួមបានពិភាក្សា និងផ្តល់យោបល់ដល់អង្គសិក្ខាសាលា ដែលនឹងធ្វើអោយសម្ព័ន្ធភាពជាតិឃុំ សង្កាត់ មានលទ្ធភាពកាន់តែប្រសើរក្នុងការរៀបចំផែនការសកម្មភាព និងយុទ្ធសាស្ត្រក្នុងការអនុវត្តគម្រោងនាពេលខាងមុខ ក៏ដូចជាលើកជាសំណូមពរជូនរាជរដ្ឋាភិបាល ក្នុងការតាក់តែងគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់