វេទិកា​សាធារណៈ​ បាន​ជំរុញ​ឱ្យ​ឈាន​ដល់​រក​ឃើញ​យន្ត​ការ ដំណោះស្រាយ​បញ្ហា​ទំនាស់ និ​ង​ពិភាក្សាការ​ ប្រឈម​មួយ​ចំនួន​នៅ​តាម​មូលដ្ឋាន​

ឧត្តរមានជ័យ ២៤ កុម្ភៈ ២០១៤៖ វេទិកាសាធារណៈរបស់អជ្ញាធរ និងប្រជាពលរដ្ឋត្រូវបាន អជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំឡើងដើម្បី ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ…

ឧត្តរមានជ័យ ២៤ កុម្ភៈ ២០១៤៖ វេទិកាសាធារណៈរបស់អជ្ញាធរ និងប្រជាពលរដ្ឋត្រូវបាន អជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំឡើងដើម្បី ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ លើកឡើងពីបញ្ហានានាដែលបានជួបប្រទះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។

 

ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនេះ ដែលមានការចូលរួមពីអជ្ញាធរពាក់ព័ន្ធ ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ូលិស កងរាជអាវុធហត្ថ យោធា មន្ត្រីបរិស្ថាន រដ្ឋបាលព្រៃឈើ និងតំណាងក្រុមបណ្ដាលក្រុមហ៊ុននានា ក្នុងស្រុក ដែលជាភាគីបញ្ហា ដើម្បីធ្វើការពិភាក្សារកយន្តការបញ្ចប់បញ្ហាទំនាស់ និងប្រជាពលរដ្ឋជាច្រើនក្នុងភូមិ ឃុំជាច្រើននាក់។

 

វេទិកាបានផ្តល់អាទិភាពដល់ប្រជាពលរដ្ឋចូលរួម សាកសួរសំណួរពាក់ព័ន្ធមូលដ្ឋាន ជាប្រយោជន៍ភូមិឃុំពួកគាត់ បញ្ហាជួបប្រទះ បច្ចុប្បន្ន សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហាផ្សេងៗផងដែរ។

 

បញ្ហាប្រឈមស្ថានភាពរស់នៅប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ មួយចំនួនននៅមូលដ្ឋានកំពុងតែចោទជាចម្បង ក្លាយជាឧបសគ្គ រាំងស្ទះដល់ការអភិវឌ្ឍន៍មូលដ្ឋាន ដូចជាជីវភាពរបស់ប្រជាពលរដ្ឋប្រកបរបរបង្កបង្កើនផល ត្រូវខកខានការដាំដុះដោយសារមានបញ្ហា មួយចំនួនដូចជា ក្រុមហ៊ុនសម្បទានដីឈូសយកដីលំនៅដ្ឋាន និងស្រែចំការរបស់ពួកគាត់ ការអភិវឌ្ឍន៍ផ្ទះគ្រួសារកងទ័ព ប៉ះចំលើដី ស្រែប្រជាពលរដ្ឋ អ្នកមានលុយមានអំណាចខ្លួនជាប់ឥទ្ធិពលខ្សែស្រឡាយអ្នកធំ។

 

បញ្ហាអាជ្ញាធរទៅគៀបជិះជាន់លើប្រជាពលរដ្ឋក្រីក្រ ហើយមានការប្តឹងផ្តល់គ្នាទៅគណៈកម្មការទំនាស់ រីឯបញ្ហាមួយទៀតមាន ប្រជាពលរដ្ឋមួយតូចចំនួនជឿតាមការឃោសនាការញុះញង់ជនខិលខូចបានចូលទៅកាប់ទន្ទ្រានដីព្រៃដែនបរិស្ថានអភិរក្ស គម្រប ព្រៃឈើ តំបន់ព្រៃសហគមន៍ និងតំបន់ព្រៃឈើហាមឃាត់ ដែលត្រូវក្រុមមន្ត្រីអភិរក្សឃាត់ខ្លួនបញ្ជូន ទៅតុលាការជាប់ឃុំ ពីបទបំផ្លាញ ធនធានធម្មជាតិ និងកាប់រុករានដីព្រៃ។

 

លើលពីនេះមានប្រជាពលរដ្ឋបានរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាន ពុំមានតម្លាភាពក្នុងការដោះស្រាយទំនាស់ ធ្វើលិខិតសំបុត្រស្នាម ប្រកាន់បក្សពួក បញ្ហាភ្លើងអគ្គិសនីឡើងថ្លៃ និងតំលៃពន្ធតូបអាជីវករលក់ដូរខ្ពស់នៅផ្សារត្រពាំងប្រាសាទ។

 

ឯកឧត្តមអភិបាលខេត្ត បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋរួចមក ក៏បានដាក់បទបញ្ជាទៅគណៈកម្មការដោះស្រាយ ទំនាស់ និងអាជ្ញាធរមានសមត្ថកិច្ចឱ្យចុះធ្វើការដោះស្រាយជាបន្ទាន់ ទៅតាមជំនាញពាក់ព័ន្ធនានា៕ ដោយ៖ ចាន់ធី

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់