វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះយោបល់​ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ នៅ​ក្រុង​ស្ទឹងសែន​

កំពង់ធំ ២៥ កុម្ភៈ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ លើកទី២ត្រូវបានរៀបចំឡើង…

កំពង់ធំ ២៥ កុម្ភៈ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំលើកទី២ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 

អញ្ជើញជាអធិបតីភាព លោក លុក សម្បត្តិ  សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងលោក ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីលោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក លោកប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងសែន លោកប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត និងសមត្ថកិច្ចជំនាញជាច្រើននាក់ទៀត។

 

ក្នុងវេទិកាបន្ទាប់មក ប្រជាពលរដ្ឋបានសួរសំណួរដល់អជ្ញាធរដែលខ្លួនបានជួបប្រទះបញ្ហានាពេលកន្លងមកដូចជាបញ្ហា ដីធ្លី  បញ្ហាអគ្កិសនី  ប្រព័ន្ធលូក្នុងក្រុង  បញ្ហាខូចផ្លូវថ្នល់ ការនេសាទខុសច្បាប់  បរិស្ថាន  ទឹកជនន់  លិចដាច់ផ្លូវ ការធ្វើទ្វារទឹកបន្ថែម បញ្ហាដីនៅតំបន់ខាងក្រោម ពិសេសនៅតំបន់៣ជាដើម ដែលដើម្បីឲ្យស្ថាប័ន មន្ទីរ ដែលពាក់ព័ន្ធដោះស្រាយឆ្លើយបំភ្លឺ។

 

លោក ឡង  គីសឹង នាយករដ្ឋបាលសាលាខេត្ត បានឡើងអានរបាយការណ៍ដោយបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំលើកទី១ ដែលបានធ្វើកន្លងមក ក៏មានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  មន្ទីរជំនាញនានា លោកអភិបាល អភិបាលរងស្រុក  ក្រុង លោកប្រធាន និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល  និងប្រជាពលរដ្ឋ ហើយការរៀបចំវេទិកានៅស្រុក ក្រុងនីមួយៗ ប្រព្រឹត្តតាមប្រធានបទ ដែលបានជ្រើសរើសនិងកំណត់ជាមុន ។

 

លោក អ៊ុត សំអន អភិបាលខេត្ត និង លុក សម្បត្តិ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ខ្ញុំសូមជម្រាប ជូនអង្គវេទិកាថា យើងទាំងអស់គ្នាមានបំណងអោយសេវាសាធារណៈពីរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តរបស់យើង ឲ្យកាន់តែប្រសើរ។  លោកបានបន្តទៀតថា ដូច្នេះរាល់បញ្ហាអាទិភាព និងការផ្ដល់មតិយោបល់ទាំងអស់ ខាងលើនេះ រដ្ឋបាលខេត្ត និងពិចារណាដាក់បញ្ចូលទៅក្នុង ផែនការអភិវឧ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត ដើម្បីលើកស្ទួយ ជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ឲ្យកាន់តែប្រសើរឡើង  ដើម្បីកាត់បន្ថយភាពក្រីក្រតាមមូលដ្ថាន ក្នុងរយៈពេលខ្លីខាងមុខនេះ ជាក់ជាមិនខាន ៕ 

ដកស្រង់ចេញពីគេហទំព័រដើមអំពិល DAP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់