ផ្តល់​ប្រាក់​គោលនយោបាយ​ របប​ស​ន្តិសុខ​សង្គម​ តាម​ប្រព័ន្ធ​ធនាគារ​ទូទាំង​ប្រទេស​នៅ​ខែ​កុម្ភៈ​២០១៤​

ភ្នំពេញ ២៨ មករា ២០១៤៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល(ប.ជ.ស) នឹងបញ្ចប់ការធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត នៃប.ជ.សដើម្បីឈានទៅបម្រើសេវាបើកផ្តល់ប្រាក់ គោលនយោបាយរបបសន្តិសុខសង្គម…

ភ្នំពេញ ២៨ មករា ២០១៤៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល(ប.ជ.ស)នឹងបញ្ចប់ការធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត នៃប.ជ.សដើម្បីឈាន ទៅបម្រើសេវាបើកផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ នៅ ទូទាំងរាជធានី ខេត្ត ទូទាំងប្រទេស នៅក្នុងខែកុម្ភៈឆ្នាំ២០១៤ខាងមុខ។ សកម្មភាពនេះដើម្បីជំរុញការអនុវត្តស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល(ប.ជ.ស) អាណត្តិ ទី ២ បាន បើកកិច្ចប្រជុំលើកទី១៥ របស់ខ្លួនក្រោមអធិបតីភាពរបស់ លោក មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកនៃ ប.ជ.ស កាលពីព្រឹក ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង។

 

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលអាណត្តិទី២ លើកទី១៥ បានពិភាក្សា បានអនុម័ត លើសេចក្តីព្រាងប្រកាសស្តីពីការផ្ទេរការគ្រប់គ្រងនិវត្តជន និង ជនបាត់ បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និង អ្នកនៅក្នុងបន្ទុក អ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន  អ្នកនៅក្នុងបន្ទុករបស់សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និង កូនកំព្រារបស់សព មន្ត្រីរាជការ នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងខេត្តកោះកុងឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលដើម្បីដាក់ឲ្យដំណើរការបម្រើសេវា បើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារអេស៊ីលីដាភីអិលស៊ី ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤តទៅ។ 

 

គួររំលឹកថាបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលបានរៀបចំយន្តការធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត នៃ ប.ជ.ស និង បានដំណើរការបើកផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្ត នៃ ប.ជ.ស ស្របតាមនីតិវិធី បានចំនួន ១៦ រាជធានី ខេត្តពីដើមខែមករាឆ្នាំ២០១២។នៅខេត្តកណ្តាលកាលពីខែមិថុនាឆ្នាំ២០១២ ចំណែកខេត្តកំពង់ចាម នៅខែកក្កដា២០១២ រីឯខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ធំ សៀមរាបនៅខែឧសភា ឆ្នាំ២០១៣ និងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប នៅខែធ្នូ ឆ្នាំ ២០១៣ និងចុងក្រោយគឺខេត្តតាកែវដែលបានដាក់ដំណើរការផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ នៅខែមករាឆ្នាំ២០១៤។ អាចនិយាយបានថា នេះជាសមិទ្ធផលដ៏សំខាន់ដែល ប.ជ.ស សម្រេចបានដែលស្របទៅខ្លឹមសារដែល មានចែងក្នុងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈតាមគោលការណ៍ អភិបាលកិច្ចល្អ មានតម្លាភាពប្រកបដោយ ប្រសិទ្ធភាព និង ប្រសិទ្ធផល។

 

ខេត្តទាំង ៨ ខាងនេះ គឺជាខេត្តចុងក្រោយដែលនិងត្រូវបញ្ចប់ការធ្វើ បច្ចុប្បន្នភាពសិទ្ធិវន្ត នៃ ប.ជ.ស នៅទូទាំងប្រទេសក្នុងការដាក់ ឲ្យដំណើរការបើកផ្តល់ប្រាក់គោលនយោបារបប សន្តិសុខសង្គមតាមប្រព័ន្ធធនាគារក្នុងឆ្នាំ២០១៤នេះ៕ 

 ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់