អភិបាល​រាជធានីភ្នំពេញ​ ជំរុញ​អាជ្ញាធរ​ខណ្ឌ​ រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ទីផ្សារ​ និង​ដងផ្លូវ​

ភ្នំពេញ ១៩ កុម្ភៈ ២០១៤៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញអោយអជ្ញាធរខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញត្រូវចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ…

ភ្នំពេញ ១៩ កុម្ភៈ ២០១៤៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញអោយអជ្ញាធរខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញត្រូវចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយកាន់តែប្រសើរឡើង។

នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ ដោយមានការ អញ្ជើញចូលរួម ពីបណ្តាអភិបាលខណ្ឌទាំង ០៩ និងមន្រ្តីជំនាញពាក់ព័ន្ធ ជុំវិញសាលារាជធានី ភ្នំពេញជាច្រើនរូប ។ 

 

ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះមន្ត្រីនគរបាលជំនាញ ត្រូវចុះបំប៉នដល់បុគ្គលិកជាប់កិច្ចសន្យាតាមខណ្ឌនិមួយៗ ដើម្បីអនុវត្តការងារសណ្តាប់ធ្នាប់ឲ្យកាន់មានប្រសិទ្ធភាព។ ឯកឧត្តមអភិបាល បានបន្ថែមផងដែរថា ការដាក់ចេញនូវនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអណត្តិទី៥នាពេលនេះ គឺត្រូវការពេលវេលាមួយ សមស្រប ។ ការកែទម្រង់អ្វីមួយគឺ មិនងាយស្រួលនោះទេ ដាច់ខាតត្រូវតែទទួលជួបនូវការលំបាកជាក់ជាមិនខាន រាប់ទាំងការកែទម្រង់រដ្ឋបាល និងកែទម្រង់មន្ត្រីរាជការ ។ តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធ្វើដើម្បីជាតិ និងប្រជាពលរដ្ឋ ។

 

ឯកឧត្តមអភិបាល បានគូសបញ្ជាក់ទៀតថា បញ្ហាចំពោះមុខដែលរាជធានីភ្នំពេញត្រូវធ្វើជាចំបង នោះគឺការពង្រឹង និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារឲ្យមានរបៀបរៀបរយ។ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ តាំងពីក្រោយការបោះឆ្នោតមកនៅ តែជាចំណុចសំខាន់ ។ ប៉ុន្តែ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចជំនាញ រួមទាំងប្រជាពលរដ្ឋ ផងនោះ បានធ្វើឲ្យស្ថានការណ៍ក្នុងរាជធានីភ្នំពេញ មានស្ថេរភាពជាវិជ្ជមានឡើងវិញ បន្ទាប់ពីមានភាពវឹកវរខ្លះៗ ដែលបង្ករឡើង ដោយអ្នកនយោបាយនាពេលកន្លងមក ។

 

ទន្ទឹមនេះ ឯកឧត្តម ប៉ាសុជាតិវង្ស ក៏បានលើកឡើងពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកបញ្ជាក់ជូនផងដែរថា កម្ពុជា គ្មានទេពាក្យថាជាប់គាំងផ្នែកនយោបាយ ។ ព្រោះស្ថាប័ន ព្រះមហាក្សត្រ ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល គឺកំពុងដំណើរការជាប្រក្រតី ។ ជារដ្ឋអធិបតេយ្យ ដែលបានបំពេញ តួនាទី ជាតិ អន្តរជាតិ ជាប្រក្រតី ហើយគណបក្សជាប់ឆ្នោតទាំង ០២ ក៏បន្តជួបពិភាក្សាគ្នា ដើម្បីឈានទៅរកចំណុចរួមស្របតាម រដ្ឋធម្មនុញ្ញ ដោយយកផលប្រយោជន៍ជាតិជាធំ៕

ដកស្រង់ចេញពីគេហទំព័ររាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់