ប្រជាពលរដ្ឋ​​សំណូមពរ​​លើ​​ការ​​ធ្វើ​​អត្តសញ្ញាណ​ប័ណ្ណ​​និង​​សៀវភៅ​គ្រួសារ​ នៅ​​ក្នុង​​វេទិកា​​សាធារណៈ​​នៅ​សង្កាត់​ជើងឯក ​

ភ្នំពេញ ១៥ មករា ២០១៣៖ ក្នុងវេទិកាសាធារណៈដែលរៀបចំឡើងក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបានសំណូមពរ…

ភ្នំពេញ ១៥ មករា ២០១៣៖ ក្នុងវេទិកាសាធារណៈដែលរៀបចំឡើងក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបានសំណូមពរលើបញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ។

 

លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួម ជាគណៈអធិបតីក្នុងវេទិកាសាធារណៈ នៅក្នុងភូមិនេះនឹងមានការចូល រួមពីសំណាក់លោកអធិការរង មេបញ្ជាការរង លោកអភិបាលរង មន្ត្រី រាជការសាលាខណ្ឌ និងសង្កាត់ ព្រមទាំងប្រជាពលរដ្ឋមកពីភូមិទាំង០៦ របស់សង្កាត់ជើងឯក សរុបប្រមាណ៣០០នាក់។

 

មានប្រសាសន៍បើកវេទិកាសាធារណៈនាឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជា ចំពោះការធ្វើវេទិកាសាធារណៈ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋានធ្វើ វេទិកាសាធារណៈ ឲ្យបានជាប់ជាប្រចាំជារៀងរាល់ខែ ដើម្បីទទួលយកនូវ សំណូមពររបស់ បងប្អូនប្រជាពលរដ្ឋយកមកដោះស្រាយ និងរាយការណ៍ ជូនថ្នាក់លើ។

 

លោកអភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាចក្នុងការលើកឡើងនូវការលំបាក ជាពិសេសបញ្ហា ពាក់ព័ន្ធនឹងការអនុវត្តការងារភូមិសង្កាត់មានសុវត្ថិភាពទាំង០៩ចំណុចនិងបញ្ហាផ្សេងៗទៀត ។ 

 

ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរជាច្រើនពាក់ព័ន្ធលើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅដែល មានការយឺតយ៉ាវ និងបញ្ហាអសកម្មមួយចំនួនដែលជួបប្រទះកន្លងមក។

 

បន្ទាប់មកលោក នុត ពុធដារ៉ា បានធ្វើការបូកសរុបលទ្ធផលនៃវេទិកាដោយក្នុងសង្កាត់ជើងឯកទាំងមូល ទាក់ទងនឹងការអនុវត្ត គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង០៩ចំណុចពុំមានបញ្ហាប្រឈមនោះទេ។ 

 

ចំពោះបញ្ហាទាំងឡាយដែលបានលើកឡើងពាក់ព័ន្ធការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅរបស់ប្រជាពលរដ្ឋ លោកអភិបាលបានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវប្ដូរឥរិយាបថយឺតយ៉ាវ និងភាពអសកម្មទាំងអស់។

 

ចំពោះការងារអភិវឌ្ឍក្នុងមូលដ្ឋានដូចជាការធ្វើផ្លូវបេតុង ខណ្ឌ នឹងខិតខំជួសជុល និងធ្វើឱ្យបានច្រើនជាបន្តបន្ទាប់។ ចំណែកប្រព័ន្ធទឹក និងអគ្គិសនីជាដើម លោកនឹងជំរុញឱ្យចេញឆាប់ៗដោយទាក់ទងទៅអង្គភាពជំនាញរបស់គេចុះមកពិនិត្យជាក់ស្ដែង។

 

នៅក្នុងវេទិកាសាធារណៈនោះដែរ លោកអធិការរងនគរបាលខណ្ឌបានធ្វើការបកស្រាយ និងពន្យល់ពីនីតិវិធីច្បាប់នៃការស្រង់ ទិន្នន័យធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់។

ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់