វេទិកា​ប្រជាពលរដ្ឋ​ជំរុញ​ការ​ចូលរួម​ និង​ផ្តល់យោប​ល់ត្រឡប់​ដល់​ការ​ផ្តល់​សេវា​នៅ​ការិយាល័​យច្រក​ចេញ​ចូល​តែ​មួយ​

ភ្នំពេញថ្ងៃទី ១៨ ធ្នូ ២០១៤៖ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានរៀបចំវេទិកាប្រជាពលរដ្ឋ ក្រោមកិច្ចសហការរវាងអង្គការដៃគូរបស់ក្រសួងមហាផ្ទៃ…

 

ភ្នំពេញថ្ងៃទី ១៨ ធ្នូ ២០១៤៖ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានរៀបចំវេទិកាប្រជាពលរដ្ឋ ក្រោមកិច្ចសហការរវាងអង្គការដៃគូរបស់ក្រសួងមហាផ្ទៃ គ្រឹះស្ថានលទ្ធិប្រជាធិបតេយ្យ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ (DND) និងរដ្ឋបាលក្រុងសែនមនោរម្យ។

 

វេទិកានេះមានសមាសភាពអញ្ជើញចូលរួមពីតំណាងក្រសួង មហាផ្ទៃ ប្រធានក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុង សែនមនោរម្យ ប្រធានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ មន្ត្រីមន្ទីរជំនាញជុំវិញក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ ទីប្រឹក្សា ប្រជាពលរដ្ឋ អាជីវករ សិស្សនិស្សិត និងប្រជាពលរដ្ឋ សរុបចំនួនជាង១០០នាក់។

 

លោក ប៉េង សម្បត្តិ អភិបាលក្រុងសែនមនោរម្យ បានថ្លែងអំពី ដំណើរការ និងលទ្ធផលនៃការផ្តល់សេវានៅការិយាល័យ ច្រកចេញ ចូលតែមួយរួចមក លោក បួន ហេង អនុប្រធាន នាយកដ្ឋានរដ្ឋបាលទូទៅ និងជាអនុប្រធានគម្រោង ការិយាល័យច្រកចេញ ចូលតែមួយ ក្រសួងមហាផ្ទៃ បានមានមតិសំណេះសំណាល ក៏ដូចជាការបញ្ជាក់អំពីគោល នយោបាយ និងផែនការរបស់ រាជរដ្ឋាភិបាលក្នុងការធ្វើកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

លោកបានមានប្រសាសន៍ថា តាមរយៈការិយាល័យច្រកចេញចូលតែមួយ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តួនាទី និងការទទួលខុសត្រូវ ខ្ពស់ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋទៅដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់ សេវាជូនប្រជាពលរដ្ឋ។ 

 

លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនការផ្សព្វផ្សាយ និងការប្រមូលយោបល់ត្រឡប់ពីប្រជាពលរដ្ឋអំពីការិយាល័យច្រកចេញ ចូលតែមួយនៅក្រុងសែនមនោរម្យ ក្រសួងមហាផ្ទៃ បានសហការជាដៃគូជាមួយគ្រឹះស្ថាន DND ហើយដែលការរៀបចំវេទិកា សាធារណៈនេះគឺជាសកម្មភាពសំខាន់មួយ នៅក្នុងចំណោមសកម្មភាពសំខាន់ៗដទៃទៀត ដែលអង្គការនេះបានចុះកិច្ចសន្យាជាមួយ ក្រសួងមហាផ្ទៃ។

 

លោក ប៊ុន រិទ្ធី នាយកគ្រឹះស្ថានលទ្ធិប្រជាធិបតេយ្យសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិបានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំវេទិកា នេះ គឺដើម្បីបង្កើនការចូលរួម និងការប្រមូលយោបល់ត្រឡប់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងតួនាទីភារកិច្ច និងការផ្តល់សេវានៅ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។ លោកបានបន្តថា ក្នុងរបបប្រជាធិបតេយ្យ ការចូលរួមរបស់ ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ ដូច្នេះការរៀបចំវេទិកានេះ មិនត្រឹមតែផ្តល់ឱកាសដល់អតិថិជន និងប្រជាពលរដ្ឋក្នុង ការបញ្ចេញមតិយោបល់ និងសំណួមពរមកកាន់រដ្ឋបាលក្រុង ប៉ុន្តែថែមទាំងភ្ជាប់ទំនាក់ទំនង និងកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលក្រុង។

 

នៅក្នុងវេទិកាសាធារណៈរយៈពេល១ព្រឹក ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាសិស្ស និស្សិត ដែលចូលរួមបានចោទសួរសំណូរ និងបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រួមទាំងសកម្មភាពការងារនានាពាក់ព័ន្ធនឹងរដ្ឋបាលក្រុងផងដែរ។

ចំណែករដ្ឋបាលក្រុងក៏មានឱកាសក្នុងការបកស្រាយនូវចម្ងល់នានារបស់ប្រជាពលរដ្ឋ និងមន្ទិលសង្ស័យទាំងឡាយដែលបានប៉ះពាល់ ដល់អារម្មណ៍របស់ពួកគាត់នាពេលកន្លងមក ដែលធ្វើឲ្យទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលក្រុង និងការិយាល័យច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ កាន់តែមានច្រើនឡើង។

 

ដកស្រង់ចេញពីគេហទំព័រ ការិយាល័យច្រកចេញចូលតែមួយ ចុះផ្សាយនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់