ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​សម្រាប់​ខណ្ឌ​ថ្មី​ចំនួន​០៤​

ព្រះសីហនុ ២៥ កុម្ភៈ ២០១៤៖ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាល ដើម្បីផ្តល់ចំនេះដឹងអំពីនីតិវិធីដំណើរការ…

ព្រះសីហនុ ២៥ កុម្ភៈ ២០១៤៖ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាល ដើម្បីផ្តល់ចំនេះដឹងអំពីនីតិវិធីដំណើរការ តួនាទី និងភារកិច្ចរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដល់មន្ត្រីដែលទើបជ្រើសរើសថ្មី សម្រាប់បំពេញការងារនៅការិយាល័ទាំងពីរនេះ នៃខណ្ឌគោលដៅថ្មីទាំង៤។

 

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំរយៈពេលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងខេត្តព្រះសីហនុ ដោយឡែកខណ្ឌគោលដៅថ្មីទាំង៤នោះមាន ខណ្ឌឫស្សីកែវ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក។

 

អញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាល លោក ចាន់ សុធា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាប្រធានគម្រោងការិយាល័យច្រកចេញចូលតែមួយ ក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមសរុបចំនួន ៧៥នាក់ ដែលរួមមាន អភិបាល អភិបាលរងក្រុង ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយនៃខណ្ឌគោលដៅថ្មីចំនួន០៤ខាងលើ។

 

ប្រធានបទសំខាន់ៗជាច្រើន ត្រូវបានបង្ហាញដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលដោយគ្រូឧទ្ទេស ដែលមានបទពិសោធន៍នៅក្នុងការអនុវត្តការងារ នេះ។ ប្រធានបទទាំងនោះរួមមាន ទស្សនទាននៃការផ្តល់សេវាសាធារណៈ  នីតិវិធីនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រមសីលធម៌របស់មន្ត្រីរាជការនៃការិយាល័យច្រកចេញចូលតែមួយ ការរៀបចំ និងអនុវត្តនៃទម្រង់ថ្មីនៃការពិគ្រោះយោបល់ និងការចូលរួមរបស់ប្រជាពលរដ្ឋ យុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងការសម្របសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋ។

 

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ចាន់ សុធា បានថ្លែងនូវមតិស្វាគមន៍ និងបានធ្វើបទបង្ហាញដល់សិក្ខាកាមដែលចូលរួមអំពីប្រវត្តិគម្រោង ដំណើរការ និងលទ្ធផលនៃការអនុវត្តគម្រោងនាពេលកន្លងមក។ លោកបានបញ្ជាក់ថា ឆ្លើយតបតាមគោលនយោបាយនៃការផ្តល់សេវាសាធារណៈ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានសម្រេចបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅជាច្រើន។ មកទល់ពេលនេះ ក្រសួងបានបង្កើតការិយាល័យទាំងពីរនេះនៅតាមក្រុង ស្រុក គោលដៅចំនួន២៤ រួចហើយ ដែលក្រុង ស្រុកទាំងនោះ បានដាក់ឲ្យដំណើរការ និងកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ នៅក្នុងដើមឆ្នាំ២០១៤នេះ ក្រសួងមហាផ្ទៃនឹងរៀបចំដាក់ឲ្យដំណើរការនូវការិយាល័យទាំងពីរនេះចំនួន១២គោលដៅ ក្នុងនោះមានក្រុងចំនួន៤ និងខណ្ឌចំនួន៨ នៃរាជធានីភ្នំពេញ ដែលខណ្ឌចំនួន ៤ បានកំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ 

 

លោកបន្ថែមថា ដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងស្របតាមនីតិវិធីដែលបានកំណត់ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជាកិច្ចការដ៏សំខាន់ ដែលក្រសួងមហាផ្ទៃត្រូវរៀបចំឲ្យបានមុនការដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យទាំងពីរនេះនៅតាមបណ្តាក្រុង ស្រុក ខណ្ឌគោលដៅនានា។ 

 

ជាកិច្ចបញ្ចប់នៃកម្មវិធី លោក ចាន់ សុធា បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញទាំងឡាយឲ្យបានហ្មត់ចត់ និងធ្វើការសាកសួរដល់គ្រូឧទ្ទេសអំពីចម្ងល់នានា ដើម្បីធ្វើយ៉ាងណាក្រេបជញ្ជក់យកនូវចំនេះដឹងទាំងនោះ សម្រាប់យកទៅអនុវត្តការងារនៅពេលខាងមុខឲ្យបានច្បាស់លាស់។

 

បន្ទាប់ពីវគ្គនេះ សិក្ខាកាមទាំងអស់នឹងទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសតាមវិស័យនីមួយៗ ព្រមទាំងមានការរៀបចំទស្សនកិច្ចសិក្សា និងកម្មសិក្សាដល់មន្ត្រីសំខាន់ៗរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីឲ្យមន្ត្រីទាំងនោះមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទៅបំពេញការងារជាក់ស្តែងនៅពេលខាងមុខ។

 

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ ជាវគ្គបណ្តុះបណ្តាលលើកទី៣ ក្នុងចំណោមគោលដៅថ្មីទាំង១២ ដែលលើកទី១ បានធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០១៤ សម្រាប់ក្រុងសិរីសោភ័ណ ក្រុងកំពង់ចាម ក្រុងស្វាយរៀង និងក្រុងព្រៃវែង។ លើកទី២បានធ្វើឡើងនៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០១៤ សម្រាប់ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។ អត្ថបទដោយ៖ ញឺក បូរិន មន្រ្តីព័ត៌មាន/OWSO

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់