រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញស្តីពី «ក្របខ័ណ្ឌលទ្ធផល និងយុទ្ធសាស្រ្តត្រួតពិនិត្យ និងវាយតម្លៃលើកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១១-២០២០)» ទៅដល់ក្រុមការងារនៃលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (លេខាធិការដ្ឋាន ក.វ.ក) នៅសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីជាការចែករំលែកនូវបទសោធន៍ពីការអនុវត្តកន្លងមករបស់លេខាធិការដ្ឋាន គ.ជ.អ.ប។
ដោយហេតុថា លេខាធិការដ្ឋាន ក.វ.ក មានគោលបំណងចង់សិក្សា និងរៀនសូត្របន្ថែមអំពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺដើម្បីជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវក្នុងការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបស់ខ្លួននាពេលខាងមុខ៕