កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​

កំពង់ឆ្នាំង ២៤ កុម្ភៈ ២០១៤៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិ មូលដ្ឋាន ត្រូវបានរៀបចំនៅសាលាខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីដើម្បីត្រួតពិនិត្យនិងគាំទ្រ…

កំពង់ឆ្នាំង ២៤ កុម្ភៈ ២០១៤៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិមូលដ្ឋាន ត្រូវបានរៀបចំនៅសាលាខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីដើម្បីត្រួតពិនិត្យនិងគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

 

ចូលរួមជាអធិបតីភាពដោយ ឯកឧត្តមឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមដោយ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ម៉ែន ធឿន ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាសមាជិកក្រុមការងារថ្នាក់ជាតិ ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងកម្លាំងទាំង៣ និងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត លោកស្នងការរង មេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល លោកប្រធាន ក្រុមប្រឹក្សាក្រុងស្រុកទាំង៨ លោកអធិការនគរបាល មេបញ្ជាការអាវុធហត្ថ មេបញ្ជាការសឹកក្រុង ស្រុក លោកមេឃុំ និងស្មៀនឃុំ ទាំង៦៩ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ សរុបប្រមាណ ៣៥០នាក់។

 

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានបង្ហាញអំពីគោលបំណងនៃកិច្ចប្រជុំ និងបានស្នើសុំឲ្យសមាជិកសមាជិកាទាំងអស់ ចូលរួមមតិពិភាក្សា ទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចតែងតាំងក្រុមការងារចុះមូលដ្ឋានក្រុងស្រុក និងសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារចុះមូលដ្ឋានក្រុងស្រុក។

 

បន្តមក ឯកឧត្ដម ឡោ រស្មី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឡើងអានសេចក្ដីសម្រេចលេខ ១៨ សសរ របស់រាជរដ្ឋាភិបាលស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។ ឯកឧត្ដម ឌួង សាវ៉ាង នាយកខុទ្ទកាល័យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានសេចក្ដីណែនាំលេខ ០១ សណន របស់រាជរដ្ឋាភិបាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិ។

 

បន្ទាប់មកឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ បានអានសេចក្ដីព្រាងសេចក្ដី សម្រេចតែងតាំងក្រុមការងារចុះក្រុង ស្រុក ។ ឯកឧត្ដម ត្រាំ អ៊ីវតឹកបានអានសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារចុះក្រុង ស្រុក។

 

បន្ទាប់ពីការចូលរួមមតិពិភាក្សារួចមក ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុនបានមានប្រសាសន៍ផ្ដាំផ្ញើដល់សមាជិកក្រុមការងារចុះមូលដ្ឋាន គ្រប់ថ្នាក់ ឲ្យយកចិត្តទុកដាក់អនុវត្តតាមសេចក្ដីសម្រេច និងសេចក្ដីណែនាំ ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីនានា របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា។ ក្រុមការងារនឹងចូលរួមលើកកម្ពស់កិច្ចសហការ សម្របសម្រួលក្នុងការ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកស្ទួយជីវភាព កាត់បន្ថយ ភាពក្រីក្រ។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់