ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសម្រាប់អភិបាលក្រុង ស្រុក ខណ្ឌ

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវគ្គបណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​សម្រាប់​អភិបាល​ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនសមត្ថភាពដល់អភិបាល​ក្រុង ស្រុក ខណ្ឌ។

ថ្លែងបើកវគ្គបណ្តុះបណ្តាល​​នេះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍​លើក​ឡើង​ពី​ភាពចាំបាច់​ក្នុងការបង្កើនប្រសិទ្ធភាពការងារ​គ្រប់​គ្រង​របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ​ ដែលឆ្លើយតបនឹងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​​​​របស់​រាជរដ្ឋាភិបាល។ ឯកឧត្តមមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ​ ជារដ្ឋបាលផ្តល់សេវាដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋ​ ដូច្នេះរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវ​ពង្រឹង និងបង្កើនសមត្ថភាព​ការងារថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងត្រៀមខ្លួនទទួលមុខងារ និងធនធាន ដែលរដ្ឋបាល​ថ្នាក់ជាតិ​ផ្ទេរឱ្យ នាពេលដ៏ឆាប់ខាងមុខ។

ឯកឧត្តម ង៉ាន់ ចំរើន បានបញ្ជាក់ថា៖«រាជរដ្ឋាភិបាល​ថ្មី អាណត្តិទី៦នេះបានបន្ត​ប្តេជ្ញាជំរុញ​ការងារ​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​ដែលជា​ស្នូលនៃ​កំណែ​ទម្រង់​អភិបាល​កិច្ច ក្នុងគោលបំណង​អនុវត្ត​ការងារ​ឱ្យមានប្រសិទ្ធភាព គុណភាព ភាពជាតំណាង គណនេយ្យភាព និងតម្លាភាព»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានមានប្រសាសន៍លើកឡើងអំពីបទពិសោធន៍ការងារ​គ្រប់គ្រង​តាម​វិមជ្ឈការ និងវិសហមជ្ឈការ​​តាមបណ្តាប្រទេសមួយចំនួនក្នុងអាស៊ី និងតំបន់អឺរ៉ុបផងដែរ ដូចជា ជប៉ុន ចិន ឥណ្ឌូនេស៊ី និងស៊ុយអែត ផងដែរ។

ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានផ្តាំផ្ញើប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃឱ្យអភិបាលក្រុង ស្រុក ខណ្ឌដែល​មានវត្តមាន​ក្នុង​វគ្គ​បណ្តុះ​​​​បណ្តាល​ត្រូវខិតខំយកចិត្តទុក​សិក្សាស្វែងយល់ ស្រាវជ្រាវ និងចែករំលែកបទពិសោធន៍ការងារគ្នា​ទៅវិញទៅមក ដើម្បីពង្រឹង​សមត្ថភាព​​​​អនុវត្តការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី​ ការគ្រប់គ្រង​សម្រាប់អភិបាលក្រុង ស្រុក ខណ្ឌត្រូវបានរៀបចំឡើង​ដោយ​​សាលាជាតិ​រដ្ឋបាលមូលដ្ឋាន (NASLA) នៃក្រសួងមហាផ្ទៃ និងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មាធិការជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចាប់ពី​ថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ អភិបាលក្រុង ស្រុក ខណ្ឌចំនួន ៣៣រូបត្រូវបាន​អញ្ជើញ​​ចូលរួមវគ្គបណ្តុះបណ្តាលជាលើកដំបូងនេះ ដោយទទួលបាន​ការចែក​រំលែក​ពី​អ្នកជំនាញ​ការ​ជាតិ និងអន្តរជាតិអំពីការងារសំខាន់ៗ រួមមាន ការគ្រប់គ្រង​រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ (បញ្ហា​ប្រឈម​ និងការអភិវឌ្ឍ) ការអនុវត្ត និងបទពិសោធន៍ការងារ​របស់ការិយាល័យ​ច្រកចេញចូលតែមួយ ការអនុវត្ត​​​​​គោល​ការណ៍ទាំង ១០ នៃ​អភិបាលកិច្ចល្អ បញ្ហាយេនឌ័រនៅកម្ពុជា និងករណីសិក្សា ការរៀបចំផែន​ការ​យុទ្ធសាស្ត្រ​សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយគ្រោះ​មហន្តរាយ និងសង្គ្រោះបន្ទាន់ ការពិ​គ្រោះ​យោបល់​ និងការចូលរួម​របស់សហគមន៍ ការផ្ទេរធនធាន ការរៀបចំគោលនយោបាយ និងលិខិតបទ​ដ្ឋានគតិយុត្ត ជំនាញភាពជាអ្នកដឹកនាំ ការទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធ​ភាពនៃអ្នកដឹកនាំ ការកសាង និងដឹកនាំក្រុម​​ប្រកបដោយប្រសិទ្ធភាព និងការរៀបចំ​ការងារប្រចាំថ្ងៃ។ល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់