កិច្ចប្រជុំស្តីពី ការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន

ភ្នំពេញ ១៦ ធ្នូ ២០១៣៖ ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចែករំលែក បទពិសោធន៍ និងបញ្ហាប្រឈមនានា ដែលកើតមានក្នុងឆ្នាំ២០១៣ និងធ្វើការពិភាក្សាស្វែងរកការឯកភាពគ្នាដើម្បីកំណត់ពីទិសដៅ…

 

ភ្នំពេញ ១៦ ធ្នូ ២០១៣៖ ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាព នៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចែករំលែក បទពិសោធន៍ និងបញ្ហាប្រឈមនានា ដែលកើតមានក្នុងឆ្នាំ២០១៣ និងធ្វើការពិភាក្សាស្វែងរក ការឯកភាពគ្នាដើម្បីកំណត់ពីទិសដៅ ជាអាទិភាព សម្រាប់ការរៀបចំ និងអភិវឌ្ឍន៍ផែនការសកម្មភាពថវិកា ឆ្នាំ២០១៤ អគ្គនាយកដ្ឋាន   រដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសស្តីពី ការពង្រឹងការងារស្ថិតិ និងអត្រានុកូលដ្ឋាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ។

 

ឯកឧត្តម ឌុច សុន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ និងមានការ ចូលរួម ពីតំណាងក្រសួងមហាផ្ទៃ តំណាងអង្គការ UNICEF តំណាងអង្គការ URC នាយករងរដ្ឋបាលរាជធានី ខេត្ត និងប្រធាន ការិយាល័យ ទទួលបន្ទុកការងារស្ថិតិ និងអត្រានុកូលដ្ឋាន អភិបាលរងក្រុង ស្រុក ដែលទទួលបន្ទុកការងារស្ថិតិ និងអត្រានុកូលដ្ឋាន ព្រមទាំង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ក្រុង ស្រុកក្នុងគម្រោងរបស់ UNICEF ដែលសរុប មានចំនួន៨៥នាក់ ក្នុងនោះមានស្រ្តីចំនួន ១១ រូប។ 

 

ឯកឧត្តម ឌុច សុន មានប្រសាសន៍បើកក្នុងកិច្ចប្រជុំថា នេះជាលើកទី២ហើយដែលអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំនេះឡើងដើម្បី ស្វែងយល់ពីការវិវឌ្ឍ និងបូកសរុបលទ្ធផលការងារទាក់ទង នឹងការធ្វើការងារអត្រានុកូលដ្ឋាន។

 

ឯកឧត្តមបានសង្កត់ធ្ងន់ពីការចុះបញ្ជីអត្រានុកូលដ្ឋានថា គឺការសំខាន់ចាំបាច់បំផុតដែលត្រូវផ្តល់ឯកសារគតិយុត្តមួយនេះជូន ប្រជាពលរដ្ឋ ដោយសារឯកសារគឺជាភស្តុតាងដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ សម្រាប់បញ្ជាក់អត្តសញ្ញាណ និងភាពស៊ីវិលរបស់ខ្លួន ក្នុងនោះប្រជាពលរដ្ឋទាំងអស់ត្រូវមកចុះសំបុត្រអត្រានុកូលដ្ឋានដែលរួមមានទាំងពេលចាប់កំណើត ពេលរៀបអពាហ៍ពិពាហ៍ និងពេលដែលទទួលមរណភាព។

 

ឯកឧត្តមក៏បានប្រាប់ផងដែរថា ចាប់គិតពីឆ្នាំ២០០២រហូតមកដល់ពេលនេះ ឃុំ សង្កាត់បានធ្វើការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋបានចំនួន ១៣,៩៣២,៨០៨នាក់ ដែលក្នុងនោះមានសំបុត្រកំណើត និងបញ្ជាក់កំណើតចំនួន ១៣,១២៦,១៦៤នាក់ សំបុត្រអាពាហ៍ពិពាហ៍ និងបញ្ជាក់អាពាហ៍ពិពាហ៍ចំនួន ៣៤៨,១១៦គូ សំបុត្រមរណភាព និងបញ្ជាក់មរណភាពចំនួន ១១០,៤០៨នាក់។ 

 

បើទោះជាមានការវិវត្ត ទទួលបានលទ្ធផលល្អប្រសើរច្រើនក្នុងដំណើរការចុះបញ្ជីអត្រានុកូលដ្ឋានក៏ពិតមែន ឯកឧត្តមបញ្ជាក់ថា នៅមានបញ្ហាមួយចំនួនដែលបានកើតឡើងដោយផ្ទុយពីសេចក្តីណែនាំស្តីពីបែបបទ នីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានដូចជា ការផ្ញើររបាយការណ៍របស់ខេត្តមួយចំនួនមិនបានទៀងទាត់ពេលវេលា ការចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានរបស់ក្រុង ស្រុក ខណ្ឌមួយចំនួនមិនបានត្រឹមត្រូវតាមនីតិវិធី ដោយមានការកោសលុបដោយទឹកស សរសេរជ្រៀតថែម ក្នុងបញ្ជីសៀវភៅអត្រា នុកូលដ្ឋានជាដើម។ 

 

ជាចុងក្រោយឯកឧត្តម ឌុច សុន បានសំណូមពរដល់អជ្ញាធរឃុំ សង្កាត់ អជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបង្កើនការយកចិត្ត ទុកដាក់ថែមទៀតទៅលើការងារស្ថិតិ និងអត្រានុកូលដ្ឋានអោយមានលក្ខណៈយូរអង្វែងដោយធ្វើជាប្រចាំ និងអោយបានទាន់ ពេលវេលា។

 

គួរបញ្ជាក់ផងដែរថា កន្លងមកនេះមានខេត្តចំនួន៤គឺ ព្រៃវែង កំពង់ស្ពឺ ស្វាយរៀង និងខេត្តបាត់ដំបងដែលស្ថិតក្នុងការគាំរបស់អង្គការ UNICEF ទាក់ទងនឹងការគាំទ្រការចុះសំបុត្រអត្រានុកូលដ្ឋាន ហើយនៅឆ្នាំថ្មី២០១៤នេះ អង្គការ UNICEF គ្រោងមានបន្ថែមខេត្ត ចំនួន៦ទៀតគឺខេត្តរតនគិរី មណ្ឌល់គិរី កំពង់ធំ សៀមរាប បាត់ដំបង និងខេត្តកំពង់ចាម ហើយ មកដល់ពេលនេះក្រសួងមហាផ្ទៃ បានរៀបចំប្រព័ន្ធ និងដំណើរការវាយបញ្ជូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ រួចរាល់បានចំនួន៥,២០៥,៨៣០ និងគ្រោងបន្តបញ្ចូលទិន្នន័យ បន្ថែមទៀត។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់