ក្រសួង​មហាផ្ទៃ​ ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​លើក​ទី​១០៣​

ភ្នំពេញ ៧ មីនា ២០១៤៖ «សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម» គឺជាប្រធានបទនៃការប្រារព្ធទិវាសិទ្ធនារី អន្តរជាតិលើកទី១០៣ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នេះ…

ភ្នំពេញ ៧ មីនា ២០១៤៖ «សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម» គឺជាប្រធានបទនៃការប្រារព្ធទិវាសិទ្ធនារី អន្តរជាតិលើកទី១០៣ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នេះ។

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញអោយមានចំនួនស្រ្តីកាន់តែច្រើនបម្រើការ ក្នុងក្រសួង ស្ថាប័ន។ ឯកឧត្តមបានថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធនារីអន្តរជាតិ នៅសាលប្រជុំក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ ថា «នាយកដ្ឋាន បុគ្គលិកក្នុងក្រសួងមហាផ្ទៃ ត្រូវមានគោល ការណ៍ ក្នុងការជ្រើសរើសបុគ្គលិកចូលបម្រើការងារក្នុងក្រសួង ដោយផ្តល់ឱកាសដល់ស្រ្តី យ៉ាងហោចណាស់ត្រូវមានស្រ្តីចំនួន ២រូប ក្នុងនាយកដ្ឋាន អង្គភាព និងការិយាល័យ»។

 

ទន្ទឹមនឹងមានការជំរុញអោយមានចំនួនស្រ្តីបំរើការងារក្នុងក្រសួង ឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ត្រូវខិតខំប្រឹងប្រែង រៀនសូត្រ និងធ្វើការអោយបានល្អដើម្បីអាចចូលរួមធ្វើការ សម្រេចចិត្ត ក្នុងការងារសំខាន់ៗ។ ឯកឧត្តម បានបញ្ជាក់ថា «បើសិនស្រ្តី មិនមាន សមត្ថភាពគ្រប់គ្រាន់ ហើយមានតែចំនួន នោះការងារក៏មិនអាចដើរដោយរលូនបានដែរ ដូច្នេះស្រ្តីទាំងអស់ត្រូវព្យាយាមរៀន សូត្របង្កើនសមត្ថភាព និងធ្វើការងារ ព្រមទាំង ទាមទារនូវអ្វីដែលខ្លួនគួរតែត្រូវបាន» ។

 

ក្នុងឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក៏បានបូកសរុប លទ្ធផល នៃការបញ្រ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ ២០១៣រួមមាន បានកាត់បន្ថយគម្លាតយេនឌ័រក្នុងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ ពីថ្នាក់ ជាតិដល់ថ្នាក់ក្រោមជាតិបានពង្រឹង កិច្ចសហការផ្ទៃក្នុងក្រសួង និងជាមួយដៃគួជាតិ អន្តរជាតិដើម្បី ឈានទៅបញ្រ្ជាបយេនឌ័រ អោយ កាន់តែទូលំទូលាយ និងបាន ស្រាវជ្រាវ តាមដានត្រួតពិនិត្យ វាយតម្លៃស្ថានភាពយេនឌ័រ ក្នុង ការអនុវត្តផែនការ និងគោលនយោបាយជាតិឆ្លើយតបនឹងតម្រូវ ការជាអាទិភាព ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

 

បើទោះជាក្រសួងបានធ្វើការងារច្រើនក្នុងការលើកកម្ពស់សិទ្ធិនារីកន្លងមក ក៏នៅមានបញ្ហាប្រឈមមួយចំនួនបានកើតឡើងដូចជានៅ មានក្រសួងស្ថាប័នមួយចំនួនតូចមិនសូវយកចិត្តទុកដាក់លើកិច្ចការស្រ្តីអោយប្រសើរ ដោយមានគំនិតថាគ្រាន់ជាការងារបន្ទាប់បន្សំ មន្រ្តីទទួលបន្ទុកការងារយេនឌ័រមួយចំនួន មិនទាន់មានការប្តេជ្ញាខ្ពស់ក្នុងការបំពេញភារកិច្ច និងមិនទាន់យល់ច្បាស់ពីគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រនៅឡើយ និងបញ្ហាប្រឈមផ្សេងៗទៀត។ 

ជាការឆ្លើយតបបញ្ហាប្រឈមនានា ឯកឧត្តម ស ខេង បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវគិតថា បញ្ហាយេនឌ័រគឺជាការងារ សំខាន់ចាំបាច់ត្រូវពង្រឹង និងបានអំពាវនាវអោយអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុតាង និងហិរញ្ញវត្ថុបន្តយកចិត្តទុកដាក់ គាំទ្រ ដោះ ស្រាយសំណូមពរ និងបង្កើនការចូលរួមពីស្ត្រីក្នុងការពិគ្រោះយោបល់ ការរៀបចំផែនការ ការអនុវត្ត និងការគាំទ្រធនធានប្រកប ដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញអោយគោលនយោបាយជាតិ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ការប្តេជ្ញាចិត្តក្នុងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាចសម្រេចបាន តាមការគ្រោងទុក។ ដោយ៖ ជួន ចាន់ណា មន្រ្តីព័ត៌មាន/NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់