កិច្ច​ប្រជុំ​បង្កើត​ក្រុម​ការងារ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គម្រោង​ LASED​

បាត់ដំបង ១៧ កុម្ភៈ ២០១៤៖ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ (LASED) និង ក្រុមការងារសាលាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំ…

បាត់ដំបង ១៧ កុម្ភៈ ២០១៤៖ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ (LASED) និង ក្រុមការងារសាលាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការរៀបចំបង្កើតក្រុមការងារអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ។

 

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងLASEDថ្នាក់ជាតិ និងមានសមាសភាពអ្នកចូលរួមប្រជុំសរុបចំនួន៣០នាក់ ក្នុងនោះមាន ស្រ្តីចំនួន៣នាក់។

 

ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត កោតសរសើរ និងថ្លែងអំណរគុណដល់គម្រោង LASED  ដែលបានជ្រើសរើសទីតាំង សង្កាត់ព្រែកព្រះសេ្តច ក្រុងបាត់ដំបង ក្នុងការបែងចែកដីដល់ជនក្រីក្រដែលគ្មានដីលំនៅដ្ឋាន។ ឯកឧត្តមក៏បានបន្ថែមថា គម្រោង LASED នេះជាការលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។

 

ឯកឧត្តម ជាម ប៉េអា បានផ្តល់អនុសាសន៍ក្នុងការបង្កើតក្រុមការងារគម្រោង LASSED ថា ប្រធានគម្រោងLASEDថ្នាក់ខេត្ត អាចជានាយករដ្ឋបាលសាលាខេត្ត ឬនាយកទីចាត់ការអន្តរវិស័យ និងរួមមានមន្ត្រីទីចាត់ការអន្តរវិស័យ មន្ត្រីទីចាត់ការហិរញ្ញវត្ថុ ឬអង្គភាពលទ្ធកម្ម មន្ត្រីទីចាត់ការរដ្ឋបាល មន្ត្រីទីចាត់ការផែនការ និងវិនិយោគ និងមន្ត្រីមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ រីឯក្រុមការងារថ្នាក់ក្រុងមាន៥រូប ដែលរួមមានអភិបាលក្រុង ភូមិបាលក្រុង មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង និងប្រធានការិយាល័យកសិកម្មក្រុង។

 

ក្នុងកិច្ចប្រជុំនោះ លោក តេង គឹមស៊ាន ប្រធានគម្រោងHabitat ក៏បានធ្វើបទបង្ហាញពីសមិទ្ធផលគម្រោងក្នុងសួនព្រែក ព្រះស្តេចបានបែងចែកជា៥ប្លុកធំ មានសំណង់ជាមណ្ឌលសហគមន៍ សំណង់មានបណ្តាញទឹក តែពុំទាន់ភ្ជាប់បណ្តាញអគ្គិសនី និងបានសាងសង់ផ្លូវ៤ខែ្សក្នុងគម្រោងសរុប៨ខ្សែ។

 

ជាមួយនិងសមិទ្ធផលដែលគម្រោងសម្រេចបានកន្លងមក ក្នុងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មានប្រជាជនកាន់កាប់ដីខុសច្បាប់ ប្រជាជនដែលមានដីហើយនៅតែទាមទារយកចំណែកបន្ថែមទៀត មានការរំលោភពីយោធាភូមិភាគ៥ មានគ្រួសារខ្លះពុំព្រមទទួលនូវទំហំដីរបស់គម្រោង គ្រួសារមួយចំនួនឲ្យគម្រោងវាស់ទីតាំងថ្មីតែគេពុំគោរពតាមកិច្ចសន្យា (កាន់កាប់ដីថ្មីផង ដីចាស់ផង)។

 

ឆ្លើយតបទៅបញ្ហាប្រឈមដែលមាននោះ លោក សៀង ឯមវូនស្ហី អភិបាលរងនៃគណៈអភិបាលក្រុងបាត់ដំបង បានលើកឡើងថាទាក់ទង នឹងបញ្ហាយោធានៃយោធពលភូមិភាគទី៥គឺបានដោះស្រាយរួចរាល់ហើយដោយឯកឧត្តមមេបញ្ជាការបានធ្វើលិខិតផ្ញើជូនឯកឧត្តមអភិបាលខេត្តរួចហើយ។ លោកក៏បានបញ្ជាក់បន្ថែមថា ការបែងចែកដីសង្គមកិច្ចនេះដោយអនុវត្តតាមសារាចរណ៍លេខ០៣ ហើយបានប្រគល់ដីជូនប្រជាពលរដ្ឋយ៉ាងត្រឹមត្រូវ ហើយក្រុមការងារនឹងខិតខំពន្យល់ណែនាំបន្ថែមដល់ប្រជាពលរដ្ឋបន្ថែមពីការបែងចែកដីសង្គមកិច្ចនេះ ដើម្បីជៀសវាងការយល់ច្រលំតទៅទៀត។ អត្ថបទដោយ៖ ជួង ចន្ធី អនុប្រធានការិយាល័យសង្គមកិច្ច/ខេត្តបាត់ដំបង។

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់