ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញ​ជាអធិបតី​ដ៏​ខ្ពង់ខ្ពស់​បន្ត​ដឹកនាំ​កិច្ច​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ (កជទី២)

នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ បន្តកាលពីថ្ងៃទី១៣ ខែសីហាសបា្តហ៍មុន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ (កជទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញ និងទីប្រឹក្សាពាក់ព័ន្ធ សរុបប្រមាណជា ៥២រូប តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានខិតខំតាក់តែងសេចក្តីព្រាងកម្មវិធីជាតិ (កជទី២) នេះប្រកបដោយមូលដ្ឋានគ្រឹះ​វិទ្យាសាស្ត្រ និងមានខ្លឹមសារស្របទៅនឹងបរិបទរបស់ប្រទេសកម្ពុជា។

ដោយផ្អែកតាមឯកសារទស្សនទានសម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ដែលរាជរដ្ឋាភិបាលបាន​អនុម័តកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំតាក់តែងសេចក្តីព្រាងលើកទី១នេះចេញជារូបរាងឡើង ដែលរួមមាន ៦ជំពូក និងប្រមាណជា ១៩០ទំព័រ។ ក្នុងនោះមានខ្លឹមសារសំខាន់ៗដូចជា៖ (១)សមាសភាគជាក់លាក់ចំនួន ៥ (២)លទ្ធផលរំពឹងទុកចំនួន ៣៧ (៣)សកម្មភាពជាអាទិភាពចំនួន ១២៥​ និង​ (៤)កិច្ចការអន្តរវិស័យចំនួន ២។

ជាលទ្ធផលអង្គ​ប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗមួយចំនួន ដើម្បីឱ្យសេចក្តីព្រាង កជទី២ កាន់តែល្អប្រសើរបន្ថែមទៀត។ តាមស្មារតីនៃកិច្ចប្រជុំសម្រេចស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. ពិនិត្យ និង​កែសម្រួលពាក្យពេចន៍មួយចំនួន និងបន្ថែមធាតុចូល ដើម្បីដាក់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់