នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បន្តកាលពីថ្ងៃទី១៣ ខែសីហាសបា្តហ៍មុន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ (កជទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញ និងទីប្រឹក្សាពាក់ព័ន្ធ សរុបប្រមាណជា ៥២រូប តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានខិតខំតាក់តែងសេចក្តីព្រាងកម្មវិធីជាតិ (កជទី២) នេះប្រកបដោយមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងមានខ្លឹមសារស្របទៅនឹងបរិបទរបស់ប្រទេសកម្ពុជា។
ដោយផ្អែកតាមឯកសារទស្សនទានសម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំតាក់តែងសេចក្តីព្រាងលើកទី១នេះចេញជារូបរាងឡើង ដែលរួមមាន ៦ជំពូក និងប្រមាណជា ១៩០ទំព័រ។ ក្នុងនោះមានខ្លឹមសារសំខាន់ៗដូចជា៖ (១)សមាសភាគជាក់លាក់ចំនួន ៥ (២)លទ្ធផលរំពឹងទុកចំនួន ៣៧ (៣)សកម្មភាពជាអាទិភាពចំនួន ១២៥ និង (៤)កិច្ចការអន្តរវិស័យចំនួន ២។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗមួយចំនួន ដើម្បីឱ្យសេចក្តីព្រាង កជទី២ កាន់តែល្អប្រសើរបន្ថែមទៀត។ តាមស្មារតីនៃកិច្ចប្រជុំសម្រេចស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. ពិនិត្យ និងកែសម្រួលពាក្យពេចន៍មួយចំនួន និងបន្ថែមធាតុចូល ដើម្បីដាក់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.៕