កិច្ច​ពិគ្រោះ​យោបល់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ- មុខងារ​៣​នឹង​ត្រូវ​បាន​ផ្ទេរ ​សាកល្បង​ទៅ​កាន់​ក្រុង ស្រុក ក្នុង​ឆ្នាំ​២០១៤

ភ្នំពេញ ៧ មីនា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង…

ភ្នំពេញ ៧ មីនា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាមួយអ្នកពាក់ព័ន្ធមកពីថ្នាក់រាជធានី ខេត្ត និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្ពោះទៅរៀបចំប្រព័ន្ធនេះនៅដំណាក់កាលបន្ទាប់នៃផអ៣របស់កម្មវិធីជាតិ។

កិច្ចពិភាក្សានេះធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមអធិបតីភាពឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីនាយកទីចាត់ការផែនការ និងវិនិយោគ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង កណ្ដាល ព្រះសីហនុ មណ្ឌលគិរី ឧត្តរមានជ័យ និងតំណាងក្រសួងមហាផ្ទៃ (អនុកម្មវិធីទី២នៃផអ៣) តំណាងក្រសួងផែនការ (អនុកម្មវិធីទី៥នៃផអ៣) តំណាងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ (អនុកម្មវិធីទី៦នៃផអ៣) និងមន្ត្រីនៃអង្គភាពទាំង៤នៃលេខាធិការដ្ឋាន គ.ជ.អ.ប សរុបចំនួន ៣០ នាក់ (ស្រី០៥នាក់)។

 

កិច្ចពិភាក្សានេះបានផ្ដោតលើក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃនៃផអ៣ ប្រព័ន្ធទិន្នន័យមូលដ្ឋាន ការស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់នៃកំណែទម្រង់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ការអង្កេតស្ដីពីអភិបាលកិច្ច (Governance Survey) ការវាយតម្លៃសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការវាយតម្លៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ក្រោយពីការពិភាក្សា  អ្នកចូលរួមបានផ្ដល់អនុសាសន៍ ដើម្បីកែលំអនូវចំណុចមួយចំនួន រួមមាន៖

  • គួរកាត់បន្ថយចំនួនសូចនាករនៅតែត្រឹមចំនួនដែលចាំបាច់ និងអាចអនុវត្តបាន។
  • កំណត់ឡើងវិញអំពីអ្នកទទួលខុសត្រូវលើប្រព័ន្ធទិន្នន័យនីមួយៗ នៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។ 
  • លេខាធិការដ្ឋាន គ.ជ.អ.ប គួរបន្តសហការជាមួយក្រសួងផែនការ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានទិន្នន័យ។ 
  • ប្រព័ន្ធទិន្នន័យថ្នាក់ក្រុង (DIS) គួររួមបញ្ចូលគ្នាជាមួយការវាយតម្លៃសមត្ថភាពក្រុង ស្រុក ខណ្ឌ។
  • ស្នើសុំការសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប (អនុកម្មវិធីទី១) និងក្រសួងមហាផ្ទៃ (អនុកម្មវិធីទី២) ក្នុងការវាយតម្លៃសមត្ថភាពក្រុង ស្រុក ខណ្ឌ។
  • គួរមានការសិក្សាស៊ីជម្រៅអំពីផលប៉ះពាល់នៃគោលនយោបាយទៅលើជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ។
  • ទាក់ទងការធ្វើការអង្កេតអភិបាលកិច្ច គួរបន្ថែមសូចនាករ អំពីទំនាក់ទំនងរវាងមន្ត្រី និងក្រុមប្រឹក្សា នៅថ្នាក់ក្រុង ស្រុក ខណ្ឌ។
  • ទិន្នន័យក្រុមប្រឹក្សាឃុំ សង្កាត់ (CCD)គួរមានទាំង៣លំដាប់ថ្នាក់ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់)។
  • គួរជ្រើសរើសគោលនយោបាយមួយចំនួនទាំងគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ធ្វើការវាយតម្លៃ និងត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ 
  • រៀបចំយន្តការវាយតម្លៃក្រុមការងារព័ត៌មាននៅថ្នាក់ រាជធានី ខេត្ត 
  • ពង្រឹងតួនាទីរវាងមន្ត្រីបង្គោលទទួលបន្ទុកទាំងការត្រួតពិនិត្យ និងវាយតម្លៃ (M&E) និងផ្នែកផ្សព្វផ្សាយព័ត៌មានតាម សេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។ 

 

មានប្រសាសន៍បិទកិច្ចពិភាក្សានេះ ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងថា ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ (M&E) មានសារសំខាន់ណាស់ដើម្បីសម្រេចបាននូវលទ្ធផលល្អនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងស្ថាប័ន។ នៅថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុកម្មវិធីនៃផអ៣ ត្រូវមានជនបង្គោល M&E ដើម្បីធ្វើកិច្ចការនេះឲ្យមាននិរន្តរភាព និងដើម្បីជួយកែតម្រូវនូវប្រព័ន្ធទិន្នន័យកម្រិតណាមួយ ដែលមានភាពងាយស្រួលក្នុងការវិភាគ។ ឯកឧត្ដម នឹងស្នើសុំឲ្យមានការជ្រើសរើសមន្ត្រីកិច្ចសន្យា M&E នៅតាមអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីជួយរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កិច្ចការទាំងនេះ។ 

 

ឯកឧត្ដម បន្តថា នៅថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានជនបង្គោល M&E ដើម្បីទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ និងត្រូវមានអង្គភាពមួយដែលទទួលខុសត្រូវទៅលើប្រព័ន្ធ M&Eនៅថ្នាក់រាជធានី ខេត្ត និងបានជំរុញឲ្យទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្តខិតខំបញ្ចូលទិន្នន័យបន្ថែម។  

 

នៅក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលអនុម័តដោយក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋនិងត្រូវបានអនុញ្ញាតឲ្យតាមដាននូវការបំពេញការងាររបស់ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ។ ដូច្នេះ រាល់ព័ត៌មាននឹងត្រូវបានផ្ដល់ដល់ប្រជាពលរដ្ឋ ដូចជាការចំណាយ និងប្រភពថវិកាផ្នែកអប់រំ សុខាភិបាល និងរាល់ព័ត៌មានផ្សេងៗទៀត ដើម្បីធ្វើឲ្យមានតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋអាចធ្វើការទិតៀន និងរិះគន់អាជ្ញាធរនៅពេលដែលពួកគាត់រកឃើញថា អាជ្ញាធរទាំងនោះមានភាពមិនប្រក្រតីក្នុងការបំពេញតួនាទី ភារកិច្ច ឬចាត់ចែងថវិកាទាំងនេះ និងទាក់ទងនឹងបញ្ហាផ្សេងៗទៀត។ 

 

ទាក់ទងនឹងបញ្ហានេះ ឯកឧត្ដម ង៉ាន់ ចំរើន បានជំរុញឲ្យមានការពង្រឹងប្រព័ន្ធ M&E នេះនៅថ្នាក់ក្រោមជាតិ បើមិនដូច្នេះទេ កិច្ចការនេះនឹងដើរមិនទាន់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលទេ ពីព្រោះប្រជាពលរដ្ឋនឹងត្រូវបានបណ្ដុះបណ្ដាលដោយអង្គការសង្គមស៊ីវិលអំពីការត្រួតពិនិត្យទៅលើការអនុវត្តការងាររបស់ក្រុមប្រឹក្សា។ 

 

ឯកឧត្ដម ង៉ាន់ ចំរើន ក៏បានលើកឡើងអំពី សៀវភៅទិន្នន័យថ្នាក់ស្រុក ដែលមានសារប្រយោជន៍បំផុត និងទទួលបានការកោតសរសើរពីអ្នកជំនាញ ហើយគឺជាសៀវភៅដែលត្រូវបានបោះពុម្ពដំបូងគេនៅតំបន់អាស៊ី។ សៀវភៅនេះនឹងជួយដល់បណ្ដាក្រសួង ស្ថាប័ននានាក្នុងការរៀបចំផែនការអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សៀវភៅនេះត្រូវបានបោះពុម្ពក្នុងឆ្នាំ២០០៩ ហើយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ២០១៤ នេះឡើងវិញ។ 

 

ចំពោះការផ្ទេរមុខងារវិញ ក្នុងឆ្នាំ២០១៤ នេះ មុខងារចំនួន៣ រួមមាន ការអប់រំ ទឹកស្អាត និងការពង្រឹងអនាម័យជនបទ នឹងត្រូវបានផ្ទេរសាកល្បងទៅកាន់រដ្ឋបាលក្រុង ស្រុក ហើយនៅឆ្នាំ២០១៥-២០១៦ នឹងមានការផ្ទេរមុខងារច្រើនបន្ថែមទៀតទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំពុងតែបោះជំហានទៅមុខ គឺមិនថយក្រោយទេ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ង៉ាន់ ចំរើន។ 

 

ឯកឧត្ដម បន្តថា នៅពេលខាងមុខ  មូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ នឹងត្រូវបានផ្ទេរដោយផ្ទាល់ពី គ.ជ.អ.ប ទៅកាន់ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីឲ្យរដ្ឋបាលនេះអាចចាត់ចែងការគ្រប់គ្រងថវិកាទាំងនេះដោយខ្លួនឯងបាន ក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់