អង្គការ​ជីវិត​ថ្លៃថ្នូរ​បង្ហាញ​លទ្ធផល​បឋម​នៃ​ការ​វាយតម្លៃ​បញ្ចប់​គម្រោង​លើកកម្ពស់​សិទ្ធិ​កុមារ​ដើម្បី​ទទួល​បាន​សេវា​សុខភាព និង​អប់រំ

ភ្នំពេញ ១០ កុម្ភៈ ២០១៤៖ អង្គការជីវិតថ្លៃថ្នូរ បានបង្ហាញលទ្ធផលបឋមនៃការវាយតម្លៃបញ្ចប់ គម្រោងលើកកម្ពស់សិទ្ធិកុមារដើម្បីទទួលបានសេវាសុខភាព និងអប់រំដល់អ្នកពាក់ព័ន្ធ

ភ្នំពេញ ១០ កុម្ភៈ ២០១៤៖ អង្គការជីវិតថ្លៃថ្នូរ បានបង្ហាញលទ្ធផល

បឋមនៃការវាយតម្លៃបញ្ចប់គម្រោងលើកកម្ពស់សិទ្ធិកុមារដើម្បីទទួលបាន

សេវាសុខភាព និងអប់រំដល់អ្នកពាក់ព័ន្ធកាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ

២០១៤ នៅសណ្ឋាគារ  ហ៊ីម៉ាវារី ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពី

ប្រសិទ្ធភាពបញ្ហាប្រឈម និរន្តរភាពនៃការអនុវត្តគម្រោងលើកកម្ពស់

សិទ្ធិកុមារដើម្បីទទួលបានសេវាសុខភាព និងអប់រំ។

 

ការបង្ហាញលទ្ធផលបឋមនៃការវាយតម្លៃបញ្ចប់គម្រោងនេះ ធ្វើឡើងតាម

រយៈសិក្ខាសាលាដែលស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ពុត សាមិត្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ដោក សុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក សាម អ៊ីម នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ ដោយមានការចូលរួមពីតំណាងក្រសួង មន្ទីរពាក់ព័ន្ធពីខេត្តគោលដៅ និងអ្នកពាក់ព័ន្ធនានា ចំនួនសរុប ៥៦នាក់ (ស្ត្រី ២៣នាក់)។

 

ក្នុងមតិស្វាគមន៍ បើកសិក្ខាសាលា លោក សាម អ៊ីម នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរបានលើកឡើងពីដំណើរការប្រព្រឹត្តទៅរបស់អង្គការជីវិតថ្លៃថ្នូរ និងកាអនុវត្តគម្រោងលើកកម្ពស់សិទ្ធិកុមារដើម្បីទទួលបានសេវាសុខភាព និងអប់រំកន្លងមកនៅខេត្តគោលដៅចំនួនបួន គឺខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។

 

លោក សាម អ៊ីម បានចាត់ទុកថាកុមារគឺជាទំពាំងស្នងឫស្សី ដែលត្រូវការយកចិត្តទុកដាក់ថែរក្សាខ្ពស់ពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងថ្នាក់ដឹកនាំប្រទេសក្នុងការរៀបចំ ចាត់ចែងអនាគតដ៏ប្រសើរសម្រាប់ពួកគេ។

លោក សាម អ៊ីមបានលើកឡើងថា កន្លងមកគម្រោងបានយកចិត្តទុកដាក់ជាបឋមលើសុខភាពកុមារជាពិសេសលើសុខភាពមាតា និងទារក ទាក់ទងលើការផ្ដល់អាហារូបត្ថម្ភ ការចាក់ថ្នាំបង្ការ។ គម្រោងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារសុខភាពភូមិក្នុងការផ្ដល់ចំណេះដឹងផ្នែកសុខភាព អនាម័យ ទឹកស្អាតដើម្បីលើកកម្ពស់សុខភាពស្ត្រី និងកុមារ ជាពិសេសបានសាងសង់សាលាមត្តេយ្យ កសាងបណ្ណាល័យ និងផ្ដល់អាហារូបករណ៍ដល់សិស្សជាច្រើនផងដែរ។ 

 

គម្រោងលើកកម្ពស់សិទ្ធិកុមារដើម្បីទទួលបានសេវាសុខភាព និងអប់រំ ត្រូវបានអនុវត្តដោយអង្គការជីវិតថ្លៃថ្នូរ ដែលទទួលជំនួយពីអង្គការ SIDA តាមរយៈព្រះវិហារប្រទេសស៊ុយអែត ដែលចាប់ផ្ដើមអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែធ្នូ ឆ្នាំ២០១៣ នៅភូមិគោលដៅចំនួន ១៤៨ភូមិ ក្នុង០៩ ស្រុក នៃខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។

 

លទ្ធផលបឋមនៃការវាយតម្លៃបញ្ចប់គម្រោង បានបង្ហាញលើផ្នែកពាក់ព័ន្ធនូវចំណុចមួយចំនួន ដែលមានដូចជា៖

  • គម្រោងអនុវត្តស្របតាមគោលនយោបាយអប់រំសុខភាព លើសុខភាពមាតានិងទារក ក៏ដូចជាបានជួយចូលរួមលើកកម្ពស់គោលនយោបាយគាំពារសុខភាព កាត់បន្ថយកម្រិតអត្រាមរណៈរបស់មាតានិងទារក
  • គម្រោងត្រូវបានទទួលស្គាល់ពីស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • គម្រោងបានធ្វើសមាហរណកម្មជាមួយកម្មវិធីផ្សេងៗរបស់អង្គការជីវិតថ្លៃថ្នូរ
  • គម្រោងបានដាក់បញ្ចូលនូវគុណតម្លៃបន្ថែមទៅលើកម្មវិធីដែលមានស្រាប់ ដែលគាំទ្រដោយអង្គការជីវិតថ្លៃថ្នូរ
  • គម្រោងបានពង្រឹងការថែទាំដល់មាតា មានការរីកចម្រើនដល់គុណភាពអប់រំរបស់កុមារ

 

បន្ទាប់ពីស្ដាប់បទបង្ហាញពីរបាយការណ៍បឋមនៃការវាយតម្លៃគម្រោងលើកកម្ពស់សិទ្ធិកុមារដើម្បីទទួលបានសេវាសុខភាព និងអប់រំ រួចមក តំណាងក្រសួង ស្ថាប័នបានសួរសំនួរជាច្រើនទាក់ទងនិងរបាយការណ៍ និងបានសំណូមពរឱ្យកែសម្រួលព័ត៌មានមួយចំនួនអោយច្បាស់លាស់ជាងមុន និងបានស្នើឱ្យពិនិត្យពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធបន្តទៀតមុនពេលចេញផ្សាយជាសាធារណៈ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់