សិក្ខាសាលាចាត់អាទិភាពគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី ២ (LGCCII) ឆ្នាំ២០១៤

បាត់ដំបង ១៩ កុម្ភៈ ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានផ្សព្វផ្សាយពីយុទ្ធសាស្ត្របន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងចាត់អាទិភាពគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ…

បាត់ដំបង ១៩ កុម្ភៈ ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានផ្សព្វផ្សាយពីយុទ្ធសាស្ត្របន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងចាត់អាទិភាពគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២  (LGCCII) ឆ្នាំ២០១៤ កាលពីថ្ងៃទី ១៧ -២១ ខែកុម្ភៈ ឆ្នាំ២០១៤ ដល់ស្រុកគោលដៅទាំង៥ ក្នុងខេត្តបាត់ដំបង។
 

នៅក្នុងសិក្ខាសាលាចាត់អាទិភាពគម្រោងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤  លោក គង់ ចាន់ថន ទីប្រឹក្សាផែនការ ការប្រែប្រួលអាកាសធាតុ គម្រោង LGCC II បានលើកឡើងពីការអនុវត្ត គម្រោងសាកល្បងកន្លងមកក្នុងខេត្តគោលដៅពីរគឺ ខេត្តតាកែវ និងខេត្តបាត់ដំបង និងបានសំណូមពរដល់តំណាងក្រុមប្រឹក្សាឃុំ និងស្រុកធ្វើការបោះឆ្នោតគាំទ្រដល់គម្រោងដែលមានភាពចាំបាច់ និងបន្ទាន់សម្រាប់បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់បម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងឃុំ ស្រុកទាំងមូល។
 

សិក្ខាសាលាចាត់អាទិភាពគម្រោងមានការចូលរួមពីក្រុមការងារគម្រោង LGCCII ថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអង្គការ UNCDF អភិបាល អភិបាលរងស្រុក ក្រុមការងារកសាងផែនការស្រុក តំណាងក្រុមប្រឹក្សាឃុំគោលអនុវត្តគម្រោង (មេឃុំ ក្រុមប្រឹក្សា ស្មៀន និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ “គ.ក.ន.ក”)។

លោក គង់ ចាន់ថន បានមានប្រសាសន៍បន្តទៀតថា ភាពជោគជ័យដែលទទួលបានពីការអនុវត្តគម្រោង LGCCII នឹងក្លាយជាបទពិសោធន៍មួយសម្រាប់រួមចំណែកក្នុងការចងក្រងជាមេរៀនបទពិសោធន៍ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តទៅពេលអនាគតលើផ្នែកបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ។
ក្នុងបទបង្ហាញរបស់គណៈកម្មាធិការកសាងផែនការ និងថវិកាថ្នាក់ស្រុក ស្តីពីលទ្ធផលនៃការចាត់អាទិភាព គម្រោងបឋម បានបង្ហាញថា ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានគម្រោងចំនួន១១ ដែលឃុំ និងស្រុក បានចាត់អាទិភាព និងបានរៀបចំសំណើសុំថវិកាគាំទ្រពីគម្រោង LGCCII។

 

បន្ទាប់មក តំណាងឃុំ និងស្រុកបានធ្វើការការពារគម្រោង និងបង្ហាញពីភាពចាំបាច់របស់គម្រោងរបស់ខ្លួន និងបោះឆ្នោតដាក់ពិន្ទុចាត់អាទិភាពជាលើកចុងក្រោយទៅលើគម្រោងដែលចាត់អាទិភាពដំបូង ដែលក្នុងនោះមាន គម្រោងចំនួន០៧ (គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ០៤ គម្រោង និងគម្រោងសេវាកម្មចំនួន០៣គម្រោង) ទទួលបានការបោះឆ្នោតគាំទ្រពីក្រុមប្រឹក្សាឃុំ បានថវិកាគាំទ្របន្ថែមពីគម្រោង LGCC II សម្រាប់អនុវត្តក្នុងឆ្នាំ២០១៤ ក្នុងទំហំទឹកប្រាក់សរុបសម្រាប់គាំទ្រលើផ្នែកវិនិយោគចំនួន ២៥.១១៧,៦០ ដុល្លារ។

ក្រុមការងារគម្រោង LGCC II ថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអង្គការ UNCDF និងអាជ្ញាធរស្រុក ក៏បានចុះពិនិត្យគម្រោងស្តារប្រឡាយទឹកមួយខ្សែ ប្រវែង២៥០០ម ស្ថិតនៅភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ដែលបច្ចុប្បន្នបានសម្រេចការសាងសង់បានប្រមាណ៣០% ។

លោក ម៉ន ឈឿន អនុប្រធានភូមិរូង១ និងជាប្រជាពលរដ្ឋដែលរស់នៅទីតាំងគម្រោងជាង១០ឆ្នាំ បានលើកឡើងពីការលំបាកដែលកើតមានកន្លងមក គឺតំបន់នេះជាតំបន់ងាយរងគ្រោះធ្ងន់ធ្ងរពីទឹកជំនន់នៅរដូវវស្សា និងរាំងស្ងួតនៅរដូវប្រាំង។

លោក ម៉ន ឈឿន បានសំដែងភាពសប្បាយរីករាយនៅពេលទទួលបានសមិទ្ធផលថ្មីនេះ ដោយដីដែលបានពីការជីកប្រឡាយបានយកទៅជួសជុលផ្លូវលំដែលមានសភាពទ្រុឌទ្រោមខ្លាំង។

លោក ម៉ន ឈឿន បានបន្តទៀតថា ពេលមានប្រឡាយទឹក ប្រជាពលរដ្ឋក្នុងភូមិនឹងមានទឹកប្រើប្រាស់ បង្កបង្កើនផលគ្រប់គ្រាន់ ជាពិសេសសម្រាប់ប្រកបរបរកសិកម្មនៅពេលខាងមុខ និងខ្នងប្រឡាយត្រូវបានប្រើប្រាស់ជាផ្លូវសម្រាប់ធ្វើដំណើរទៅមកក្នុងភូមិ និងជាពិសេសប្រជាពលរដ្ឋជាស្រ្តីមានផ្ទៃពោះ និងកុមារ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព និងទៅសាលារៀន។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៤នេះ គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (LGCCII) បានបន្តគាំទ្រដល់ខេត្តគោលដៅចំនួនពីរ គឺខេត្តតាកែវ និងខេត្តបាត់ដំបង លើក្រុង ស្រុកទាំងអស់ចំនួន០៨រួមមាន ខេត្តតាកែវ៖ ក្រុងដូនកែវ ស្រុកបាទី ស្រុកបុរីជលសារ និងខេត្តបាត់ដំបង៖ ស្រុកបវេល ស្រុករុក្ខគីរី ស្រុកមោងឬស្សី ស្រុកថ្មគោល និងស្រុកសំពៅលូន ដែលមានថវិកាត្រូវវិភាជន៍សរុបចំនួន ៣២០.០០០ ដុល្លារ។
 

គម្រោង LGCC II ត្រូវបានគាំទ្រដោយមូលនិធិបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្តគម្រោង (PBCR Grant)៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់