កិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តកំពង់ធំ

កំពង់ធំ ២៦ កុម្ភៈ ២០១៤៖ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ស្តីពី…

កំពង់ធំ ២៦ កុម្ភៈ ២០១៤៖ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ស្តីពីការពិនិត្យវាយតមៃ្លលទ្ឋផលការងារអនុវត្តគម្រោង នៅខេត្តកំពង់ធំ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកសម្បទានដីសង្គមកិច្ច ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ និងមានការចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត និងតំណាងមន្ទីរវិស័យពាក់ព័ន្ធ សរុបចំនួន ៣៨រូប    ក្នុងនោះមានស្រ្តីចំនួន ៣រូប។
    
ជាកិច្ចចាប់ផ្តើមឯកឧត្តម ជាម ប៉េអា បានជម្រាបពីគោលបំណងនៃបេសកកម្ម និងមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការផ្សព្វផ្សាយលទ្ធផលរបស់គម្រោងក្នុងគេហទំព័ររបស់ NCDD នៅមិនទាន់បានទាន់ពេលវេលា ការតាមដាន និងវាយតម្លៃវាស់វែងលើសូចនាករចំនួន ៣ ក្នុងស្រុកនីមួយៗត្រូវការព័ត៌មានគឺ (១) ដីបានចុះបញ្ជី (២) ទំនាស់ដែលកើតមាន និង(៣) តម្លៃដីធ្លីក្នុងស្រុកនីមួយៗ។

ជាកិច្ចបន្ត លោក ហុង សំណាង ទីប្រឹក្សាគ្រប់គ្រងកិច្ចសន្យាបានបង្ហាញលទ្ធផលដែលក្រុមការងារបានចុះត្រួតពិនិត្យលទ្ធផលការងារគម្រោងដែលបានអនុវត្ត ក្នុងឆ្នាំ២០១៣។ លទ្ធផលបានបង្ហាញដូចខាងក្រោមៈ

  1. គម្រោងសម្រេចបាន ៩១% ធៀបនឹងផែនការសកម្មភាព និងថវិកា ដែលអនុវត្តដោយមន្ទីរទាំង ៩ក្នុងខេត្តកំពង់ធំ
  2. គ្រួសារបានទៅរស់នៅលើដីប្រមាណ ៥០% ទៅ៦០%។ ប៉ុន្តែ ប្រធានគម្រោងបានបញ្ជាក់ថា គ្រួសារទទួលដីបានមករស់នៅស្ទើគ្រប់ចំនួន ក្នុងនោះមានតែ១៧គ្រួសារប៉ុណ្ណោះដែលមិនបានមករស់នៅនិងប្រើប្រាស់ដី។ កន្លងមកខេត្តបានជូនដំណឹងដល់គ្រួសារទទួលដី និងមានវិធានការដើម្បី ជំរុញឲ្យគ្រួសារទទួលដីមកប្រើប្រាស់ដីរបស់ខ្លួន។
  3. ការប្រើប្រាស់ដីកសិកម្មនៅមិនទាន់បានអស់នៅឡើយ ហើយទិន្នផលស្រូវមានប្រមាណពី៦០០ ទៅ៩០០គក្រ ក្នុងមួយហិកតា ដោយសារការគ្រប់គ្រងកត្តាផលិតបច្ចកទេសនៅមិនទាន់បានត្រឹមត្រូវ នៅឡើយ ដូចជាបច្ចេកទេសដំាដុះ និងលើកភ្លឺស្រែស្ទាក់ទឹកជាដើម។ ជីវភាពគ្រួសារអ្នកទទួលដីនៅពឹងផ្អែកលើ អនុផលព្រៃឈើនៅឡើយ។ ការបែងចែកសម្ភារផ្សេងៗដល់គ្រួសារទទួលដីបានត្រឹមត្រូវតាមចំនួន ប៉ុន្តែគ្រួសារទទួលដីមិនទាន់បានសាងសង់ និងប្រើប្រាស់សម្ភារបង្គន់បានត្រឹមត្រូវនៅឡើយ។ ជាមួយគ្នានោះដែរ លោកប្រធានគម្រោងខេត្ត បានឯកភាពពីការប្រាស់ដីនៅមិនទាន់បានពេញលេញនៅឡើយ ដោយសារជីវភាពគ្រួសារទទួលដីនៅខ្វះខាត។ ម្យ៉ាងទៀត គ្រួសារខ្លះពឹងផ្អែកលើជំនួយរបស់គម្រោង ហើយទិន្នផលគឺទាក់ទងនឹងការរៀបចំ និងការសំអាតដី។ គ្រួសារដែលបានរៀបចំដីបានល្អ ទទួលបានផលពី ២ ទៅ៣តោនក្នុង១ហិកតា។
  4. ការរកចំណូលរបស់ប្រជាពលរដ្ឋគឺពឹងផ្អែកលើអនុផលព្រៃឈើ និងការដុតធ្យូង ដើម្បីប្រាក់ចំណូលក្នុងគ្រួសារ។ កន្លងមក គម្រោងបានជូនដំណឹង និងធ្វើកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីចុះបង្ក្រាបអ្នកមានរណាយន្តអារ និងកាប់ឈើ។ រដ្ឋបាលព្រៃឈើនឹងបន្តអប់រំផ្សព្វផ្សាយ និងមិនអនុញ្ញាតឲ្យមានឡូត៍ធ្យូងក្នុងទីតាំងគ្រួសារទទួលដី ប៉ុន្តែអនុគ្រោះចំពោះគ្រួសារដែលយកឈើពីដីឡូត៍កសិកម្មរបស់ខ្លួន។ តំណាងរដ្ឋបាលព្រៃឈើខេត្តបានផ្តល់យោបល់ឲ្យបង្វែពីការកាប់ព្រៃឈើទូទៅ ទៅជាយកឈើពីដីសម្បទានសេដ្ឋកិច្ច និងក្នុងទីតាំងសម្បទានដីសង្គមកិច្ច។
  5. ការប្រើប្រាស់ផ្លូវតភ្ជាប់ និងផ្លូវក្នុងទីតាំងដីសម្បទានបានកើនឡើងពី ៨០ទៅ ១០០យានយន្តក្នុងមួយថ្ងៃៗ។
  6. ការបែងចែកសម្ភារដល់គ្រួសារទទួលដីបានគ្រប់ចំនួន ប៉ុន្តែ ការសាងសង់ និងការប្រើប្រាស់សម្ភារនៅធ្វើតាមទំម្លាប់ និងពុំទាន់បានសាងសង់បង្គន់អនាម័យនៅឡើយ។
  7. បានបង្កើតសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន២ ក្នុងឃុំទីពោតំបន់២ និងក្រុមសន្សំទើបចាប់ផ្តើម។
  8. ការបោះបង្គោលព្រំដីបានអនុវត្តតាមកិច្ចសន្យា និងបច្ចេកកទេស ប៉ុន្តែមានការបែកបាក់ខ្លះ (ក្នុង ១០ គ្រួសារមានការបាក់ ឬខូចខាត ០១បង្គោល)។
  9. កិច្ចសហការរវាងមន្ទីរវិស័យ និងអង្គភាពគ្រប់គ្រងសារពើភ័ណ្ឌគម្រោងបានត្រឹមត្រូវ និងច្បាស់លាស់។

លោក លី គឹមពាវ ប្រធានគម្រោង ខេត្តបានបង្ហាញពីជម្រើសក្នុងការសាងសង់ផ្លូវតភ្ជាប់ពីទីតាំងដីក្នុងឃុំទីពោតំបន់១ទៅឃុំស្វាយ មានជម្រើសពីរ៖ ទី១ ទៅភូមិស្វាយ មានប្រវែង ៦គម និងទី២ មានប្រវែង ៤,៤គម។

បន្ទាប់មក ឯកឧត្តម ជាម ប៉េអា បានណែនាំដល់ក្រុមការងារ និងជំរុញឲ្យគម្រោងខេត្តរៀបចំបង្កើតគណៈកម្មការថែទាំសមិទ្ធផលក្នុងទីតាំងដីសម្បទាន និងផ្ទេរការគ្រប់គ្រងសមិទ្ធផលរបស់គម្រោងឲ្យទៅក្រុមប្រឹក្សាឃុំទីពោ ដោយមានការចាត់តាំងពីឯកឧត្តមអភិបាលខេត្ត។ ទាក់ទងនឹងផលិតផលកសិកម្មទាមទាឲ្យមានការផ្តល់ប្រឹក្សា និងណែនាំឲ្យបានញឹកញាប់ ឬជាប្រចាំ។ ដីជុំវិញទីតាំងដីសម្បទានឃើញថាដំណាំអំពៅបានផលល្អគួរណែនាំដល់គ្រួសារទទួលដីឲ្យដាំដុះ។ គ្រូបង្រៀនក្នុងទីតាំងដីតំបន់១នៅខ្វះខាត សំណូមពរដល់មន្ទីរអប់រំគិតគូ និងផ្តល់គ្រូដើម្បីបង្រៀនសិស្សឲ្យគ្រប់ម៉ោង។ ប្រមូលទិន្នន័យនិងសិក្សាផ្លូវ ដែលគ្រោងធ្វើ បើក្នុងករណីមានថវិកា អនុវត្តបន្ត។ ការបង្កើតក្រុមការងារនៅឃុំដូង ស្រុកបា្រសាទបល្ល័ង្គ ដោយមានសមាសភាពក្រុមការងារស្រុក ៥នាក់ (អភិបាលឬអភិបាលរងស្រុក ជាប្រធាន) ក្រុមប្រឹក្សាឃុំ១នាក់ និងជំនួយការស្មៀនឃុំ១នាក់។ បន្ទាប់មក

ឯកឧត្តម ជាម ប៉េអា ក៏បានសំណូមពរឲ្យក្រុមការងារខេត្តរៀបចំជ្រើសរើសបង្កើតក្រុមការងារ និងជ្រើសរើសធនធានមនុស្សដែល មានសមត្ថភាពក្នុងការអនុវត្តការងារ។

ឯកឧត្តម សោម សុផាត បានអបអរសាទរចំពោះលទ្ធផលការត្រួតពិនិត្យរបស់ក្រុមបេសកកម្ម របស់ក្រុមការងារថ្នាក់ជាតិមានទាំងលទ្ធផលល្អ ការតម្រូវឲ្យមានការកែលំអ និងបញ្ហាប្រឈម។

ឯកឧត្តមបានលើកឡើងពីចំណាប់អារម្មណ៍ពីរគឺ (១) គម្រោងនេះទទួលបានលទ្ធផលល្អដោយមានកិច្ចសហការគ្នារវាងដៃគូ និងក្រុមការងារអនុវត្តគម្រោងដែលប្រែពីដីមិនមានការប្រើប្រាស់មកជាភូមិ និងតំបន់អភិវឌ្ឍន៍ និង(២) បានប្រមូលប្រជាពលរដ្ឋក្រីក្រមករស់នៅលើទីតាំងថ្មី ប៉ុន្តែនៅមានបញ្ហាខ្លះដូច ជាកូនៗត្រូវបន្តការសិក្សានៅភូមិចាស់ សេវាសុខភាពនៅភូមិចាស់ ដីមិនសូវមានជីជាតិក្នុងការធ្វើកសិកម្ម ដែលជាហេតុនាំអោយគ្រួសារទទួលដីត្រូវការលក់កំលាំងពលកម្មដើម្បីបានប្រាក់ចំណូលគ្រួសារ។ គ្រួសារទទួលដីនៅធ្វើតាមទំលាប់ចាស់មិនបានសាងសង់បង្គន់អនាម័យ ខ្វះអនាម័យ និងមិនសូវបានដាំដំណាំ សម្រាប់ជីវភាពប្រចាំថ្ងៃ។

ម្យ៉ាងទៀតចំពោះការគ្រប់គ្រងបច្ចេកទេស ឯកឧត្តមបានឯកភាព និងសំណូម ពរដល់ក្រុមការងារពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវ ជាពិសេសផ្នែកហិរញ្ញវត្ថុ។ ឯកឧត្តម បានសំណូម ពរដល់ប្រធានគម្រោង ប្រធានទីប្រឹក្សាខេត្ត និងមន្ទីរវិស័យនានា ជម្រុញបន្តអនុវត្តការងារដែលនូវសេសសល់ និងអនុសាសន៍ដែលក្រុមបេសកកម្មបានរកឃើញ និងត្រួតពិនិត្យឲ្យបានជាប្រចាំ។ ឯកឧត្តមសំណូមពរដល់ក្រុមប្រឹក្សាឃុំឲ្យខិតខំប្រឹងប្រែងអនុវត្ត និងដាក់បញ្ចូលក្នុងផែនការរបស់ឃុំ។ ចំពោះឃុំដូង ឯកឧត្តមបានសំណូមពរដល់ប្រធានគម្រោងខេត្តរៀបចំបង្កើតជាក្រុមការងារសម្រាប់អនុវត្ត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់