វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​​ក្រចេះ​

ក្រចេះ ថ្ងៃទី២២ ខែធ្នូ ២០១៣៖ ក្រុមប្រឹក្សាខេត្តក្រចេះ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៣ នៅបរិវេណសួនកុមារខេត្តក្រចេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត…

ក្រចេះ ថ្ងៃទី២២ ខែធ្នូ ២០១៣៖ ក្រុមប្រឹក្សាខេត្តក្រចេះ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៣ នៅបរិវេណសួនកុមារខេត្តក្រចេះ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកដំបូងរបស់ខ្លួន ដើម្បីធ្វើការបូកសរុបលទ្ធផលការងារ កន្លងមក និងផែនការសកម្មភាពសម្រាប់ឆ្នាំថ្មី និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ សាកសួរសំណួរផ្សេងៗដល់ក្រុមប្រឹក្សា។

 

 

 

វេទិកានេះមានអញ្ជើញជាអធិបតីភាពដោយ ឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្តីទី និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណ៦៧១នាក់(ស្រី៣៥២នាក់)។

 

សកម្មភាពសំខាន់ៗក្នុងវេទិកាមាន បទបង្ហាញអំពី តួនាទី ភារកិច្ច សិទ្ធិអំណាច សមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឆ្នាំ២០១៣ បទបង្ហាញពីសមិទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៣របស់រដ្ឋបាលខេត្ត បទបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុ និងគម្រោងគុណប្រយោជន៍ខេត្តឆ្នាំ២០១៤ កម្មវិធីសំណួរ-ចម្លើយ សម្របសម្រួលដោយ។

 

ប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានោះក្លាហានឡើងសួរសំណួរជាច្រើនដែលរួមមាន យន្តការក្នុងការលើកកម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត យន្តការពង្រឹងការងារគណនេយ្យភាពខេត្ត ការធ្វើចំណាកស្រុកដើម្បីរកការងារនៅក្រៅប្រទេស បញ្ហាល្បែងស៊ីសង ព្រមទាំងមានសំណើសុំអោយមណ្ឌលសុខភាពជ្រោយថ្ម ស្រុកឆ្លូងបានផ្តល់សេវាសំរាលកូន សំណើសុំអោយខេត្តរៀបចំទីក្រុងអោយបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ សំណើសុំអោយមានភ្លើងបំភ្លឺនៅគ្រប់ផ្លូវនៅទីសាធារណៈក្នុងទីរួមខេត្ត និងបញ្ហាផ្សេងៗដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

វេទិកានេះបានបញ្ចប់ដោយភាពរីករាយ និងស្និទ្ធិស្នាលបំផុត។ រៀបរៀងដោយ៖ លោក អ៊ុំ ភិណន់ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ខេត្តក្រចេះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់