ខេត្តកំពង់ស្ពឺ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ទិវាសិទ្ធនារី​អន្តរជាតិ

កំពង់ស្ពឺ ៤ មីនា ២០១៤៖ សមភាព នៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ក្នុងសង្គម គឺជាប្រធានបទក្នុងទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៤ ដែលត្រូវបានសាលាក្រុងច្បារមន…

កំពង់ស្ពឺ ៤ មីនា ២០១៤៖ សមភាព នៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ក្នុងសង្គម គឺជាប្រធានបទក្នុងទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៤ ដែលត្រូវបានសាលាក្រុងច្បារមន បានប្រារព្ធកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ។

 

ពិធីអបអរសាទរ នេះអញ្ជើញជាអធិបតីភាពដោយ លោកជំទាវ ឡាក់ អូន សមាជិកព្រឹទ្ធសភា និងមានការចូលរួមពីលោកជំទាវទឹម សាវ៉ាត អភិបាលរងខេត្ត លោកហ៊ុយ ស៊ីធឿនអភិបាលក្រុងច្បារមន និងលោកស្រី ឌុច ផារី អភិបាលរងក្រុងច្បារមន និងជាប្រធាន អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ក្រុងច្បារមន និងសមាជិកក្រុមប្រឹក្សាក្រុង កងកំលាំងទាំង៣ ការិយាល័យ ជុំវិញក្រុង ព្រមទាំងសមាគមនារីសង្កាត់ទាំង៨។

លោកជំទាវ ទឹម សាវ៉ាត ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្ត មានប្រសាសន៏ថា ទិវាសិទ្ធនារីអន្តរជាតិ ឆ្នាំ២០១៤ នេះបានជ្រើសរើសយកប្រធានបទ សមភាព នៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៏សង្គម ក្នុងគោលបំណង ដើម្បី បំផុស និងគៀងគរអ្នកពាក់ពន្ធ័ និងសហគមន៏ឲ្យយល់អំពីតម្លៃនៃការអប់រំសម្រាប់ យុវជន យុវនារី ដែលជាធនធានមនុស្សដែលមាន សក្តានុពលសំរាប់ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ហើយប្រធានបទនេះឆ្លុះបញ្ចាំងឲ្យយុវជនខ្មែរគ្រប់រូបត្រូវស្គាល់ និង យល់ឲ្យបានច្បាស់នូវវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ប្រពៃណីពិសេសតំលៃនៃការសិក្សាដើម្បីបង្កើនចំណេះដឹង និងបំពេញតួនាទី របស់ខ្លួននោះគឺជាការរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រីនិងគ្រួសារខ្មែរ។

 

លោកជំទាវ ឡាក់ អូន សមាជិកព្រឹទ្ធសភាមានប្រសាសន៏ថា ទិវាសិទ្ធនារីអន្តរជាតិគឺជាថ្ងៃរំលឹកពីប្រវត្តិនៃការតស៊ូពុះពារជំនះឧបសគ្គ របស់ស្ត្រីដើម្បីលប់បំបាត់ការរើសអើងមើលស្រាលលើស្ត្រី អំពើហឹង្សាលើស្រ្តី រំលឹកពីសិទ្ធិមនុស្សរបស់ស្រ្តី និងដោយមានការគិតគូរ និងគាំទ្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់ ចំនួនស្រ្តីក្នុងតួនាទីធ្វើសេចក្តីសំរេចក៏មានការកើនឡើងជាលំដាប់ក្នុងស្ថាប័នជាតិគ្រប់កំរិត។

 

លោកជំទាវក៏បានបន្ថែមថា លើសពីនេះទៅទៀតរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាបានបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ ការទី៣ ដែលចាត់ទុកស្រី្តជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិដោយបន្តអនុវត្តគោលនយោបាយលើកម្ពស់ សមភាព យេនឌ័រលើ គ្រប់វិស័យបានជំរុញស្ថាប័នពាក់ព័ន្ធ ឲ្យធ្វើការងារផ្តោតលើការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចរបស់ស្ត្រី តាមការអនុវត្តសមត្ថភាព ចំណេះដឹង ជំនាញ និងវិជ្ជាជីវៈធានាបាននូវសេវាសុខភាពប្រកបដោយគុណភាព។

នាថ្ងៃជាមួយនេះដែរ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏បានប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធនារីអន្តរជាតិផងដែរ នៅសាលាស្រុក សំរោងទង ក្រោមអធិបតីភាពលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងប្រតិភូក្រសួងអមដំណើរ និងមាន ការចូលរួមពីលោក ហង្ស គីមញ៉េន អភិបាលស្រុកសំរោងទង លោក ស្រី យ៉ាវ ចនច័ន្ទវិច្ឆិកា អភិបាលរងស្រុក និងជាប្រធាន អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ស្រុកសំរោងទង និងសមាជិកក្រុមប្រឹក្សាស្រុក មេបញ្ជាការកងកំលាំងទាំង៣ ការិយាល័យជុំវិញស្រុក ព្រមទាំងសមាគមនារីឃុំ។

 

លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៏ថា នៅគ្រប់ក្រសួងទាំងអស់មានស្រ្តីពីររូប និងច្រើនជាង នេះ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខា ម្យ៉ាងវិញទៀត ក្នុងនោះស្រ្តី១រូប ជាអនុប្រធានរដ្ឋសភា ស្រ្តី២រូបជាប្រធានគណៈកម្មាធិការ រដ្ឋសភា និងស្ត្រី២រូបដែលជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា។

 

ការហាត់ពត់លត់ដំក្នុងការងាររបស់ស្ត្រីនៅមូលដ្ឋាន បានធ្វើឲ្យស្ត្រីកាន់តែទទួលបាននូវការស្រលាញ់ជឿជាក់ពីមហាជន ធ្វើឲ្យចំនួន ស្ត្រីដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំមានការកើនឡើងពី៩%នាឆ្នាំ២០០២មកដល់ ជិត១៨%នាឆ្នាំ២០១២ស្ត្រីជាមេឃុំ បានកើនពី៤២រូបដល់៩៥រូបផងដែរ។

 

មិនខុសគ្នាដែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ស្ពឺ ក៏បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិផងដែរ ក្រោមអធិបតីភាពលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងប្រតិភូក្រសួងអបដំណើរ និងមានការចូលរួម ពីឯកឧត្តម ប៉ែន សំបូរ អភិបាលរងនៃគណអភិបាលខេត្តកំពង់ស្ពឺ លោកជំទាវ ទឹម សាវ៉ាត អភិបាលរងខេត្ត និងជាប្រធានសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកំពង់ស្ពឺ និងសមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកំលាំងទាំង៣ មន្ទីរជុំវិញខេត្ត ព្រមទាំងអនុសាខាសមាគមនារីក្រុង ស្រុក។

 

ជារៀងរាល់ឆ្នាំកម្មវិធីនេះតែងតែប្រារព្ធឡើងនូវពិធីជួបជុំសំណេះ  សំណាល និងដើម្បីអបអរសាទរខូបលើទី១០៣ ទិវាអន្តជាតិ នារី៨មិនា និងដើម្បីជំរុញនិងលើកទឹកចិត្តស្ត្រីគ្រប់រូបដែលកន្លងមកបានលះបង់ជាមួយនិងភាពអំណត់ព្យាយាម ក្នុងការកែលំអរ ឥរិយាបទ និងផ្នត់គំនិតសង្គមដែលមានលើស្រ្តី និងបុរសដើម្បីលើកំពស់សិទ្ធិ និងឱកាសចូលរួមអភិវឌ្ឍន៏សង្គម ព្រោះស្រ្តីគឺ ជា ធនធានមនុស្សប្រកបដោយសក្តានុពល ទាំងក្នុងសង្គមគ្រួសារ លើការគ្រប់គ្រង អប់រំសមាជិកគ្រួសារ និងលើកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ។

 

លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៏ថា តាមស្ថិតិរបស់ក្រសួងមុខងារ សាធារណៈប្រចាំ ឆ្នាំ២០០៨និង២០១៣ភាគរយនៃស្ត្រីដែលជាមន្ត្រីរាជការបានកើនឡើងពី៣៥ ទៅ៣៧% ស្រ្តីជាអគ្គលេខាធិការ អគ្គនាយកបានកើនពី ៧%ទៅ១០%  ស្ត្រីជាអគ្គាធិការបានកើនពីគ្មានទៅ៦% ស្ត្រីជាប្រធាននាយកដ្ឋានបានស្ថិតក្នុងរង្វង់១០% ស្ត្រីជាប្រធានការិយាល័យថ្នាក់ជាតិបានកើនពី១៧% ទៅ២០%។ 

 

នៅថ្នាក់ក្រោមជាតិស្ត្រីជាប្រធានមន្ទីររបស់រាជធានី ខេត្តបានកើនពី៦%ទៅ៩% និងស្ត្រីជាប្រធានការិយាល័យតាមក្រុងស្រុក ខណ្ឌ បានកើនពី១០%ទៅ១៥%។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់