ដំណាំ​ម្រេច​ជា​សរសៃ​ឈាម​កសិករ​ ខេត្តកំពត​

កែប ២១ កុម្ភៈ ២០១៣៖ ចម្ការម្រេចតូចមួយទំហំកន្លះហិកតា ក្នុងចំណោមចម្ការម្រេចជាច្រើន ទៀតរបស់កសិករស្ថិតក្នុងស្រុក ដំណាក់ចង្អើរ ក្នុងខេត្ត កែប គឺជាចម្ការម្រេច…

កែប ២១ កុម្ភៈ ២០១៣៖ ចម្ការម្រេចតូចមួយទំហំកន្លះហិកតា ក្នុងចំណោមចម្ការម្រេចជាច្រើន ទៀតរបស់កសិករស្ថិតក្នុងស្រុក ដំណាក់ចង្អើរ ក្នុងខេត្ត កែប គឺជាចម្ការម្រេចដែលលោក ងួន ព្រឿងបានខិតខំប្រឹងប្រែងសម្រេចបាន។

 

កសិកររូបនេះនិយាយថា៖ «យើងនឹងត្រូវត្រៀមខ្លួនដើម្បីប្រមូលផលម្រេចក្នុងរយៈពេល ប្រហែលពី ១៨ ដល់ ២០ ខែ»។ លោក ព្រឿង ដែលជាអ្នកដាំម្រេចជំនាន់ក្រោយមួយរូបនិយាយថា ម្រេចក្នុងឈាមរបស់លោក។

 

គ្រួសាររបស់លោកក៏ដូចជាអ្នកផ្សេងទៀតជាច្រើនទៀតដែរបានដាំម្រេច កំពត ចាប់តាំងពីទសវត្សរ៍ ១៩៣០ ក្នុងសម័យអាណានិគមនិយមបារាំងមកម៉្លេះ។ បន្ទាប់ពីត្រូវបានគេបង្ខំឲ្យឈប់ដាំដុះក្នុងអំឡុងសម័យខ្មែរក្រហម គ្រួសារជាច្រើនបានត្រឡប់ដាំម្រេចវិញនៅទសវត្សរ៍ ៨០ ហើយស៊ូទ្រាំនឹងតម្លៃទាបអស់រយៈពេលជាច្រើនទសវត្សរ៍។ ប៉ុន្តែសព្វថ្ងៃនេះ ដោយសារការទទួលបានពីការបញ្ជាក់ជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ GI កាលពីឆ្នាំ ២០១០ ពីអង្គការពាណិជ្ជកម្មពិភពលោក បានធ្វើស្ថានភាពល្អប្រសើរឡើង។ អ្នកដាំម្រេចនៅតំបន់នេះកំពុងទទួលបានរង្វាន់សម្រាប់ការតស៊ូរបស់ពួកគេខណៈអ្នកមកថ្មីកំពុងសម្លឹងមើលដើម្បីចាប់យកចំណែកទីផ្សារនៅទីនោះ។

 

កាលពីឆ្នាំ ២០១២ សមាគមGI បាននាំចេញម្រេច ២០ តោនដែលចំនួននេះកើនឡើងបន្តិចដល់ ២២ តោនពីឆ្នាំ ២០១៣។ នៅរដូវប្រមូលផលឆ្នាំនេះចំនួនម្រេចទទួលបានសរុបបានពីការប្រមូលផលត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣០ តោន។

 

ម្រេច កំពត ត្រូវបានលក់នៅក្នុងប្រភេទ ៤ ផ្សេងៗគ្នាគឺ ម្រេចខ្ចី ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស។ ម្រេចខ្មៅត្រូវបានផលិតដោយការហាលម្រេចបៃតងឲ្យស្ងួត ខណៈម្រេចពណ៌ស ត្រូវបានធ្វើឡើងដោយការស្ងោរម្រេចពណ៌ក្រហម។

 

សព្វថ្ងៃនេះ ម្រេចខ្មៅខេត្ត កំពត ត្រូវបានលក់ក្នុងតម្លៃ ១១ ដុល្លារក្នុងមួយគីឡូក្រាម ដែលកើនឡើងពី ៤,៥ ដុល្លារ កាលពីឆ្នាំ ២០០៩ មុនពេលទទួលបានវិញ្ញាបនបត្រ GI ត្រូវបានផ្ដល់ដល់តំបន់នេះ។ ម្រេចពណ៌ស ត្រូវបានលក់ក្នុងតម្លៃ ១៣ ដុល្លារ កើនឡើងពី ៨ ដុល្លារ កាលពី ២០០៩ ហើយម្រេចក្រហមត្រូវបានលក់ក្នុងតម្លៃ ២០ ដុល្លារ ក្នុងមួយគីឡូក្រាមកើនឡើងពី ១០ ដុល្លារកាលពីឆ្នាំ ២០០៩។

ម្រេច មួយជន្លង់ទទួលបានទិន្នផលចន្លោះពី ១ ដល់ ១,៥ គីឡូក្រាម។

 

ចាប់ពីខែ មករា ដល់ខែ ឧសភា ជារដូវប្រមូលផលសម្រាប់កសិករមានដើមទុនតិចតួចជិត ២០០ នាក់នៅក្នុងខេត្ត កំពត។ គេរំពឹងថា នឹងទទួលផលច្រើននៅក្នុងឆ្នាំនេះ។ ប៉ុន្តែសម្រាប់កសិករដូចជាលោក ព្រឿង ការដាំដុះបានចាប់ផ្តើមយឺត ហើយការប្រមូលផលអាចនឹងនៅឆ្នាំ ២០១៥ ឬ មុន។

 

នៅមិនឆ្ងាយពីដីឡូត៍របស់លោក ព្រឿង ប្រមាណជា ១៥ គីឡូម៉ែត្រ មានក្រុមហ៊ុន ជប៉ុន មួយឈ្មោះថា ក្រុមហ៊ុនវិនិយោគ ជប៉ុន ដោយវិនិយោគដាំម្រេចលើផ្ទៃដីជាង ៦០ ហិកតា។

 

លោក ម៉ុច ស៊ុម អ្នកគ្រប់គ្រងចម្ការម្រេចបានឲ្យដឹងថា មានអាងស្ដុកទឹកចំនួន ៥ មានទឹក៣០ ០០០ លីត្រនៅចន្លោះចម្ការទាំងពីរនេះត្រូវបានប្រើប្រាស់ សម្រាប់ស្រោចដំណាំម្រេចចំនួន ១២ ៧៥០ ជន្លង់ នៅលើផ្ទៃដី ៨ ហិកតានៅទីនោះក្នុងចំណោមផ្ទៃដី ៦០ ហិកតារបស់ពួកគេ។ តាមរយៈប្រព័ន្ធស្រោចស្រពចម្ការ ដែលជាការរីកចម្រើនដ៏សំខាន់របស់ឧស្សាហកម្មកំពុងកើនឡើងនៅលើចម្ការមានផ្ទៃដីតូច។ ផែនការកំពុងដំណើរការជាច្រើនហិកតាទៀត។

 

ការពង្រីកត្រូវបានគ្រោងរួចរាល់ហើយ ប៉ុន្តែមិនត្រូវបានបញ្ជាក់ពីឆ្នាំនឹងត្រូវចាប់ផ្តើមនោះទេ ដូច្នេះចំនួនប្រមូលផលមានការលំបាកក្នុងការព្យាករ។ ដើមម្រេចអាចត្រូវបានកាត់ចេញបន្ទាប់ពីរយៈពេល ១២ខែ ដើម្បីដាំសាជាថ្មី។

 

លោក ម៉ុច ស៊ុម បានថ្លែងថា៖ «ក្រុមហ៊ុននេះកំពុងគិតគូរថាតើយើងប្រមូលផលនៅឆ្នាំ ២០១៥ ឬក៏យើងនឹងកាត់ដើមម្រេចដើម្បីពង្រីក តំបន់ដាំដុះរបស់យើង។ ដូចដែលអ្នកមើលឃើញហើយ ពេលនេះខ្ញុំកំពុងរៀបចំដីសម្រាប់ការដាំបន្ថែមទៀត ប៉ុន្តែយើងនឹងត្រូវតែគិតមើលសិន»។

 

ស្ថិតនៅក្នុងស្រុក ដំណាក់ចង្អើរ ក្នុងខេត្ត កែប ចម្ការម្រេចឈានមុខគេមួយផ្សេងទៀតត្រូវបានដាំតាំងពីខែ កញ្ញា ឆ្នាំមុន។ ចម្ការនេះគឺជាការវិនិយោគរួមដោយក្រុមហ៊ុន ៤ មកពីប្រទេស សិង្ហបុរី ម៉ាឡេស៊ី ហុងកុង និងប្រទេស ចិន។ ក្រុមហ៊ុនទាំង ៤ នេះមានឈ្មោះថា ក្រុមហ៊ុន Valley of Pepper ក្រុមហ៊ុន Valley of Diamonds ក្រុមហ៊ុន Valley of Rubi និងក្រុមហ៊ុន Valley of Sapphire។

 

លោក ចាន់ សាម៉ែន អ្នកគ្រប់គ្រងទូទៅនៅចម្ការនេះ ឲ្យដឹងថាបច្ចុប្បន្នការដាំដុះកំពុងធ្វើនៅលើផ្ទៃដី ៣៩ ហិកតា។ តំបន់បានដាំដុះហើយមាន ១៥ ហិកតា ដែលមានដើមម្រេចចំនួន ៣៦ ៣២២ គុម្ព។

 

លោកបានលើកឡើងថា៖ «យើងរំពឹងថានឹងទទួលបានទិន្នផលម្រេចប្រហែលជាពី ២៥ ០០០ ទៅ ២៧ ០០០ គីឡូក្រាមនៅឆ្នាំ ២០១៦ ហើយក៏មានផែនការក្នុងការបង្កើនការដាំដុះម្រេចដល់ ៧០ ០០០ ជន្លង់នៅឆ្នាំនេះផងដែរ»។

 

លោក សាម៉ែន បានឲ្យដឹងថា ការប្រមូលផលរបស់ខេត្តនេះកាលពីឆ្នាំមុនសម្រេចបានតែ ៤០ ភាគរយនៃតម្រូវការប៉ុណ្ណោះ។ ការនាំចេញភាគច្រើនធ្វើតាមរយៈសមាគម ហើយនាំទៅកាន់តំបន់ អឺរ៉ុប។

 

ការចង់បំពេញគម្លាតនៃតម្រូវការនៅពេលនេះ លោក ចាន់ សាម៉ែន បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកទីផ្សារថ្មីៗនៅអាស៊ី និងជាពិសេសនៅក្នុងប្រទេស ចិន ដែលពួកគេសង្ឃឹមថា តម្រូវការជាសកលនឹងកើនឡើង កាន់តែច្រើនបន្ថែមទៀត។

 

តម្លៃដីដាំដុះបានកើនឡើងចាប់ពី ៣ ១០០ ដុល្លារ មុនឆ្នាំ ២០១៣ ដល់ ៦ ៥០០ ដុល្លារក្នុងមួយហិកតានាពេលបច្ចុប្បន្ន ដោយសារតែការកើនឡើងនៃចំនួនចម្ការម្រេច ហើយមិនមានជម្លោះដីធ្លីនៅទីនោះទេដោយសារកសិករទទួលបានតម្លៃតាមទីផ្សារ។

 

ត្រឡប់មកដីឡូត៍មានដើមម្រេចតូចៗរបស់លោក ព្រឿង ជា កសិករមានដើមទុនតិចតួច ដរាបណាគ្រប់គ្នាអនុវត្តតាមច្បាប់របស់ GI លោកមានទំនុកចិត្តថា អ្នករកស៊ីកាន់តែធំនឹងមិនរំលោភលើចំណែកដីរបស់លោកនោះទេ។

 

លោកបាននិយាយដោយញញឹមថា៖ «កសិករជាច្រើនធ្លាប់ជិះកង់ ឬម៉ូតូចាស់ៗពេលនេះពួកគេមានម៉ូតូថ្មី ហើយអ្នកខ្លះថែមទាំងមានរថយន្តជិះទៀតផង»៕ ដោយ៖ ចាន់ មុយហុង និងDANIEL DE CARTERET

ដកស្រង់ចេញពីគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់