កិច្ច​ប្រជុំ​គណៈ​អភិបាល​ខេត្ត​កណ្ដាល

កណ្តាល ៤ កុម្ភៈ ២០១៤៖ របាយការណ៍បូកសរុបប្រចាំខែ មករា ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តកណ្ដាលស្តីពីលទ្ធផលនានា ដែល មន្ទីរទាំងអស់ក្នុងខេត្តសម្រេចបាន…

កណ្តាល ៤ កុម្ភៈ ២០១៤៖ របាយការណ៍បូកសរុបប្រចាំខែ មករា ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តកណ្ដាលស្តីពីលទ្ធផលនានា ដែលមន្ទីរទាំងអស់ក្នុងខេត្តសម្រេចបាន ត្រូវបានគណៈអភិបាលខេត្តបើកកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ របាយការណ៍លទ្ធផលនេះ គ្រោងនឹងដាក់ឆ្លងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត ដែលនឹងដំណើរការនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ ។ 

 

ក្នុងរបាយការណ៍បូកសរុបបង្ហាញថា លទ្ធផលដែលសម្រេចបានលើការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ ២០១៣-២០១៤ គិតត្រឹមថ្ងៃទី ២១-0១-២០១៤ អនុវត្តបានចំនួន ៤៩.៩៦៦ ហិកតា ស្មើនិង ៨១% នៃផែនការ បើប្រៀបធៀបរយៈពេលដូចគ្នា គឺយឺតជាងចំនួន ១០.៣៣២ ហិកតា ។ ដំណាំអនុផល និងដំណាំឧស្សាហកម្មពោតអនុវត្តបានចំនួន ៣.០៩៧ ហិកតា ពោតក្រហមចំនួន ២.៦០២ ហិកតា បន្លែគ្រប់មុខចំនួន ៣.១៦០ ហិកតា និងសណ្ដែកបាយចំនួន ១.២៩៥ ហិកតា ។ 

 

ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៣-២០១៤ បញ្ចប់ត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤ ផ្ទៃដីអនុវត្តមានចំនួន ៤១.១១០ហិចតា ខូចខាតចំនួន ៨៧៣ ហិកតា ហើយជួយសង្រ្គោះស្រូវខ្វះទឹកបានចំនួន ៦២៤ ហិកតា ចំណែកឯផ្ទៃដីប្រមូលផលមានចំនួន ៤០.៨៦១ ហិកតា បរិមាណផលចំនួន ១២៦.៥៤២ តោន និងទិន្នផលមធ្យមចំនួន ៣.០៩៧ តោនក្នុងមួយហិកតា ។  ចំណែកការងារជលផល បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ចំនួន ១៩ករណី ឃាត់ទុកជាបណ្ដោះអាសន្នចំនួន ២ ករណី ចាប់លែងកូនត្រីចម្រុះចូលបឹង ធម្មជាតិបានចំនួន ៣៥២០ គីឡូ ។ ការប្រមូលផលត្រីស្រស់លើឧបករណ៍នេសាទ ឧស្សាហកម្ម នេសាទគ្រួសារ និងតាមវាលស្រែ សរុបចំនួន ១០.៤៤០ តោន ក្នុងនោះ ដាយត្រីចំនួន ៥.៧០០ តោន  ដាយត្រីលិញចំនួន ០៥តោន របាំងធ្នស់សហគមន៍នេសាទចំនួន ២៩ តោន នេសាទគ្រួសារចំនួន ៤.៣១២ តោន និងនេសាទតាមវាលស្រែចំនួន ៣៥៤ តោន ។ ការចញ្ចឹមត្រីចម្រុះតាមបែ និង តាមស្រះកូនត្រីពូជសរុបចំនួនជាង ១០ លានកូន និងកូនកង្កែបចំនួន ៣០០០ក្បាល ។

 

ជាមួយគ្នានេះដែរបណ្ដាមន្ទីរនានាជុំវិញខេត្តក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានទទួលលទ្ធផលល្អផងដែរ ។

ឯកឧត្តម ផៃ ប៉ុនឈឿន អភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា លទ្ធផលដែលរដ្ឋបាលខេត្តសំរេចបានក្នុងខែមករា នេះបានបង្ហាញ ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ។ នៅឆ្នាំ២០១៤ នេះខេត្តកណ្តាលមានភារកិច្ចធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដូច្នេះឯកឧត្តមក៏បានក្រើនរំលឹកដល់បណ្តាមន្ទីរពាក់ព័ន្ធ ត្រូវជំរុញសហការរៀបចំ ឲ្យបានល្អ និងសម្រេចតាមផែនការរបស់គណៈកម្មាការបុណ្យជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកំលាំងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធដើម្បីថែរក្សាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ នៅគ្រប់មូលដ្ឋាន ចៀសវាងកុំឲ្យមានបាតុកម្មកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ដោយ ទិត តូ មន្រ្តីគ្រប់គ្រងគេហទំព័ររដ្ឋបាលខេត្តកណ្តាល

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់