បេសកកម្ម​លើកទី ១ របស់​ធនាគារ​ពិភព​លោក ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​គម្រោង​ចំនួន ០២ ក្រោម​ក្របខណ្ឌ​ការអនុវត្ត​ផែនការ​គណនេយ្យ​​សង្គម (ISAF)

រាជធានីភ្នំពេញ៖ ឯកឧត្តម​ ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បាន​អញ្ជើញដឹកនាំកិច្ច​ប្រជុំ​លើក​ដំបូង​​សម្រាប់​​​ពិនិត្យ​មើល​ការអនុវត្ត​​គម្រោង​​ចំនួន ០២ ដែល​គម្រោងទី១៖ «គម្រោង​សមាហរណកម្ម​គណនេយ្យភាព​សង្គមទៅក្នុង​ប្រព័ន្ធ​រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» អនុវត្ត​​​ដោយ​​លេខាធិការដ្ឋាន គ.ជ.អ.ប. (NCDDS) និង​​គម្រោងទី២៖ «គម្រោង​ការផ្សារភ្ជាប់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាសាធារណៈ​តាមរយៈ​ការងារ​គណនេយ្យ​ភាពសង្គម» អនុវត្ត​​ដោយ​អង្គការ​​ទស្សនៈ​ពិភពលោក​ (WVI)។ កិច្ចប្រជុំ​នេះ​​រៀបចំ​ឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពីថ្ងៃ​ ចន្ទ ១១កើត ខែ​អស្សុជ ឆ្នាំ​ជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ២០២០។

លេខាធិការដ្ឋាន គ.ជ.អ.ប. បាន​ទទួលការ​គាំទ្រថវិកា​ពីមូលនិធិបរធនបាលកិច្ច របស់​ធនាគារពិភពលោក តាមរយៈ​គម្រោងសមាហរណកម្ម​គណនេយ្យភាព​សង្គម​ទៅ​ក្នុងប្រព័ន្ធ​រដ្ឋបាលថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ។ គម្រោង​នេះ​ត្រូវ​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន ដោយ​រាជរដ្ឋាភិបាល និង​ធនាគារពិភពលោក​នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ នៅ​​ក្នុង​កិច្ច​ព្រមព្រៀង​ហិរញ្ញទាន​នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានទ​ទួល​ថវិកា​គាំទ្រចំនួន១,៧២ លានដុល្លារអាមេរិក ដើម្បី​​អនុវត្តសកម្មភាព​​គណនេយ្យភាពសង្គម ទាំង​​នៅ​​ថ្នាក់ជាតិ និង​​ថ្នាក់​ក្រោមជាតិ ដែល​​​មាន​​​រដ្ឋបាលឃុំ សង្កាត់​ចំនួន៤៦៥ ក្នុងក្រុង ស្រុកចំនួន៥៥ នៃខេត្តចំនួន១០។ គម្រោង​ត្រូវ​បានបែងចែក​ជា​សមាសភាព​ចំនួន០៥ រួមមាន៖

១)តម្លាភាព និងភាពងាយទទួលបានព័ត៌មាននានា

២)ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ

៣)ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAPs)

៤)ការអភិវឌ្ឍសមត្ថភាព និង

៥)ការគាំទ្រ និងការសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ស្របជាមួយគ្នានេះ អង្គការទស្សនពិភពលោកបានទទួលការគាំទ្រថវិកាពី​ធនាគារពិភពលោកតាមរយៈ​គម្រោង​ការផ្សារភ្ជាប់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ធ្វើឲ្យប្រសើរ​ឡើង​នូវ​សេវាសាធារណៈ​តាមរយៈ​ការងារគណនេយ្យភាពសង្គម ចំនួន​​ប្រមាណជា​ ៤,៧ លានដុល្លារអាមេរិក៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់